ព័ត៍មានទាន់​ហេតុការណ៏
Search
pla.macau_.xinhua.parade

កង​ទ័ព​នៃ​​ប្រទេស​ចិន និយាយ​ថា កង​ឯកភាព​មួយចំនួន ​មិនបានប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ឲ្យ​បាន​ខ្លាំងក្លា​នោះទេ

មាន​កង​ឯកភាព​មួយចំនួន នៃកងទ័ពប្រដាប់​អាវុធ​របស់​ប្រទេស​ចិន ដែល​ជា​កង​ទ័ព​ដ៏ធំ​បំផុត​នៅក្នុង​ពិភពលោក នៅ​ពុំ​ទាន់​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​ឲ្យ​បានខ្លាំងក្លា​ជាមួយ​នឹង​អំពើ​ពុករលួយ​នោះទេ ដោយ​បញ្ហា​បាន​លាក់​ទុក​នៅ​ក្រោម​កម្រាល ហើយ​ក៏ពុំ​បានបើក​ការ​សិក្សា​ស្រាវ​ជ្រាវ​ស៊ើបអង្កេត​អំពីករណី​កម្មាភិបាល​ជាន់​ខ្ពស់​នៃកងទ័ពដែលពុករលួយនោះឡើយ។

កាសែតជាផ្លូវការ​របស់ប្រទេេសចិន បាន​លើក​យក​មកនិយាយយ៉ាងដូច្នេះកាលពីថ្ងៃ​ព្រហស្បតិ៍។

ការ​ដកចេញ​នូវ​កម្មាភិបាលជាន់ខ្ពស់​របស់​កង​ទ័ព​នៃ​ប្រជា​ជនចិន គឺ​ជា​គោល​បំណង​ខ្ពស់​ជាង​គេបង្អស់​ របស់​លោក​ប្រធានា​ធិបតី​សីុ​ ជីនពីង ដែលជា​ប្រធានគណៈកម្មកា​រកណ្ដាល​កងទ័ព​ដែល​គ្រប់គ្រង​កងទ័ពប្រទេស​​ដ៏ខ្លាំងក្លា​ ដែល​មាន​ទាហាន​ដល់ទៅ​២.៣លាននាក់​នោះ។

មន្ដ្រីដែលជាកម្មាភិបាល​កងទ័ព​ចិន ដែល​កំពុង​បម្រើ​ការងារ​ និង​ចូលនិវត្ដន៍ហើយនោះ​ បាន​លើកយក​មកនិយាយ​អំពីករណី​ពុក​រលួយ​នៅក្នុង​ជួរកងទ័ព​។ នៅក្នុង​បទ​អត្ថាធិប្បាយ​មួយ​ កាសែត People’s Liberation Army Daily របស់​កង​ទ័ព​រំដោះប្រជាជនចិន បាន​លើក​យក​មក​និយាយ​អំពីករណី​មានការ​បំពាន​ជា​ច្រើន​ទៅលើ​ផ្នែកច្បាប់​។

យុទ្ធជន​ដែល​ជាទាហាន​ ជារឿយៗតែង​តែ​មានការភ័យខ្លាច​ទៅនឹង​ការ​ធ្វើ​របាយ​ការណ៍​ផ្គើន ខណៈ​ពេល​ដែលពួកគេ​គិតថា ការ​ធ្វើ​បែប​នេះ​ គឺ​ប៉ះពាល់​ដល់​តំណែង​ការងារ​ និង​ការ​ឡើង​ស័ក្ដិយស​ ឬក៏ប៉ះពាល់​ដល់​កិត្ដិយស​របស់​កង​ឯក​ភាព​ ឬអង្គភាព​កងទ័ព​របស់ខ្លួន។

ផ្នែក​ភស្ដុភារ​នៃកងទ័ព ពិត​ជា​មាន​បញ្ហា​យ៉ាង​ពិសេស ដែលត្រូវបាន​លើកយក​មកនិយាយ​ នៅ​ក្នុង​ជួរ​កងទ័ព​រំដោះ​ប្រជា​ជនចិន ឧទាហរណ៍​នាយ​ឧត្ដមសេនីយ៍​មួយរូបឈ្មោះ Gu Junshan ដែល​ជា​នាយក​ស្ដីទី​នៃ​អង្គភាពភស្ដុភារ ត្រូវ​ជាប់​សង្ស័យ​ថា បាន​លក់​តំណែង​ដល់ទៅ​រាប់​រយ​កន្លែង​ឯណោះ។ រូប​គាត់​ត្រូ​វជាប់​បន្ទុក​ការ​ចោទ​ប្រកាន់​ពីបទ​ប្រព្រឹត្ដ​អំពើពុករលួយ​កាល​ពីឆ្នាំ​ទៅមិញ។

ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅក្នុង​ជួរកង​ទ័ព​របស់​ប្រទេសចិន កំពុង​តែ​ដំណើរ​ការ​ និង​ប្រព្រឹត្ដទៅ ខណៈពេលដែលលោក​ប្រធានាធិបតី​ស៊ី ជីនពីង កំពុង​តែ​ខិតខំប្រឹងប្រែង​ជាជំហាន​ដើម្បី​ធ្វើ​ទំនើប​កម្ម​នៅក្នុង​កងទ័ព​ ពេល​ដែល​ប្រទេ​សចិន កំពុ​ងតែ​ជួបប្រទះនឹង​ជម្លោះ​ដែន​ទឹក​នៅតំបន់​សមុទ្រ​ចិនខាងកើត​ និងខាង​ត្បូង ថ្វីបើ​ប្រទេស​ចិន មិន​មានការ​វាយ​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ណាមួយ​អស់រយៈពេល​ជាច្រើន​ទស​វត្សរ៍មកហើយ​ក្ដី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684