ព័ត៍មានទាន់​ហេតុការណ៏
Search
uni1430859626

ទីភ្នាក់ងារ​ជំនួយ​ កំពុង​ប្រយុទ្ធ​ប្រឆាំងទៅនឹង​ជំងឺ​កញ្ជ្រឹល​ដ៏ខ្លាំងក្លា​ កើត​មានឡើង​នៅប្រទេសស៊ូដង់

ទីភ្នាក់ងារ​ជំនួយកំពុង​តែប្រយុទ្ធប្រឆាំង​ទៅ នឹងករណី​រីករាលដាល​នៃ​ការចម្លង​ជំងឺកញ្ជ្រឹល​នៅប្រទេស​ស៊ូដង់។ ក្រសួងសុខាភិបាលរបស់​ប្រទេស​នេះ​កំពុងតែនាំមុខ​ជាមួយនឹងកា​រខិត​ខំ​ប្រឹងប្រែង​របស់អង្គការសហប្រជា​ជាតិ និង​របស់​អន្ដរជាតិ ដើម្បីចាក់វ៉ាក់សុំាង​ការពារ​ឲ្យ​ដល់​កុមារ​ដែលមានអាយុក្រោម​៥ឆ្នាំ ប្រឆាំងនឹង​ជំងឺ​មរណៈ​ដែល​អាច​កើត​មានឡើងនេះចំនួន​៨​លាន​នាក់។

ទីភ្នាក់ងារ​ជំនួយ​ក៏បានបំពេញ​កិច្ច​ការ​របស់​ខ្លួន​ជាស្ថាពរ​ នៅក្នុងយុទ្ធនាការ​ចាក់វ៉ាក់សុាំង​មួយ​ឲ្យ​ដល់​កុមារស៊ូដង់ ចំនួន​២លាន​នាក់​ប្រឆាំង​នឹង​ជំងឺ​កញ្ជ្រឹល​នោះ។ ទីភ្នាក់ងារ​ជំនួយ​ទាំងនេះ ក៏​កំពុង​តែ​ត្រៀម​ផែនការ​ដើម្បីពង្រីក​ការ​បើក​យុទ្ធនាការ​ចាក់វ៉ាក់សុំាង​ឲ្យ​ដល់​កុមារ​វ័យជំទង់ និងមនុស្ស​ចាស់​ដែលមាន​អាយុ​ក្រោម​៣០ឆ្នាំ ហើយដែលកំពុងប្រឈមនឹង​ហានិភ័យ​នៃ​ជំងឺនេះ​ដល់ទៅ​រាប់​លាននាក់​ថែមទៀត​ផង។

ដោយបាន​និយាយ​តាម​ទូរស័ព្ទ​ពី​រដ្ឋធានី​ Khartoum តំណាង​របស់អង្គការ​ UNICEF លោក​ Geert Cappelaere និយាយថា ប្រទេស​ស៊ូដង់ កំពុង​តែ​រង​បញ្ហា​រីករាល​ដាល​នៃ​ជំងឺ​កញ្ជ្រឹល​ដ៏ខ្លាំងក្លា​អស់រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកហើយ។ លោក​បានចូលរួម​វិភាគទាន​នៅ​ក្នុង​បញ្ហា​នេះ ដោយ​បាន​លើកឡើង​​ថែមទៀត​ថា ប្រទេស​ស៊ូដង់​ បែរ​ជាពុំមានការចាក់វ៉ាក់សុំាងដូច​ដែល​បានធ្វើកន្លង​មក ដើម្បីប្រឆាំង​ជាមួយ​នឹង​ជំងឺ​នេះ ពីព្រោះថា ក្រុម​ភ្នាក់ងារ​ជំនួយ​មិន​អាច​ធ្វើ​ដំណើរ​ទៅដល់តំបន់​មួយចំនួន​ដែលកំពុង​តែកើត​មានជម្លោះនោះ។ លោក Cappelaere កំពុង​អំពាវនាវ​ដល់រដ្ឋាភិបាលស៊ូដង់ ព្រម​ទាំង​កងកម្លាំង​ឧទ្ទាមទាំងអស់ នៅក្នុង​ប្រទេស​នេះ​ដើម្បីសុំ​ការ​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ជំនួយ​បាន​ចូល​ទៅ​កាន់​តំបន់​ហាមឃាត់​ ដោយសារ​ជម្លោះ​ដើម្បីគេ​អាច​ចាក់វ៉ាក់សុំាង​ឲ្យដល់​កុមារ​រាប់​រយ​ពាន់​នាក់​ដែលមិនធ្លាប់​បាន​ទទួល​បានកា​រ​ចាក់​វ៉ាក់សុំាងបង្ការ​អស់​កាលប៉ុន្មាន​ឆ្នាំកន្លង​មកហើយ។ អស់រយៈពេល​៤ខែ​កន្លងទៅនេះ អង្គការ UNICEF រាយការណ៍ថា មាន​២,២០០​ករណី ដែលត្រូវបានអះអាង​ថា កើត​កញ្ជ្រឹល​ ហើយ​៤,០០០ករណីទៀត​ស្ថិត​នៅក្នុង​ការ​សង្ស័យនៅឡើយថា កើតកញ្ជ្រឹល​នៅក្នុង​ប្រទេស​ស៊ូដង់។ អង្គការ​នេះបានទាំងលើក​ឡើង​ថា ​កញ្ជ្រឹល​នៅក្នុង​ប្រទេស​ដ៏ក្រីក្រ​មួយនេះ​បាន​កើត​មាន​លើ​ស​៤ដង​ បើគិតជា​ករណី​កើត​មាន​កញ្ជ្រឹល​ជាមធ្យម​ប្រចាំឆ្នាំ នេះបើគិត​​ពី​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកហើយ អង្គការ​ដដែល​ក៏បាន​លើកយកមកនិយាយ​ទៀតថា មាន​៥៤​ភាគ​រយ​នៃ​ករណី​ ត្រូវបានអះអាងថា កើត​កញ្ជ្រឹលចំពោះ​កុមារ​ដែលមានអាយុ​ក្រោម​៥ឆ្នាំ ប៉ុន្ដែ​មាន​២៨​ភាគរយ​តែប៉ុណ្ណោះនៃករណី​កើតកញ្ជ្រឹលចំពោះ​ក្មេង​ជំទង់​ដែលមាន​អាយុ​លើស​ពី​១៥​ឆ្នាំ។ មាន​១៤​រដ្ឋក្នុងចំណោម​១៨រដ្ឋនៃប្រទេស​ស៊ូដង់ បាន​រង​ការ​ចម្លង​យ៉ាង​រាលដាល​នៃ​ជំងឺ​កញ្ជ្រឹល​នេះ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684