ព័ត៍មានទាន់​ហេតុការណ៏
Search
M07-05-15-l

យុវជន មានបំណង​ ដូចម្តេច?

យុវជន​គឺឋិតនៅ​ក្នុងស្រទាប់មនុស្ស​ថ្មី ដែល​ចាប់ផ្តើម​គិត​ពិចារណា អំពី​អនាគតរបស់ខ្លួន។ ជាពិសេស​គេ​ដឹងថា មានតែ​ខ្លួន​យើង​ទេដែល​ជាជាងចម្លាក់​នៃ​ជោគវាសនា​របស់ខ្លួន​ហើយ​ក៏ដូចសុភាសិតក្នុង​ពុទ្ធ​សាសនាមួយឃ្លា​ពោល​ថា៖ ខ្លួនទីពឹងខ្លួនយ៉ាង​នោះដែរ។ ជាមួយ​នេះដែរ​តើ​​យុវជន​មាន​សកម្មភាព​​ផ្ទាល់​ខ្លួន​យ៉ាង​​​​ណាដើម្បី​អោយបាន​សម្រេច​នូវបំណង​របស់ខ្លួន?

ជាការពិតណាស់​យុវសិស្ស​ឬនិស្សិតតែង​​មាន​គោលបំណង​របស់ខ្លួន​ដែល​កើត​ឡើងចេញ​ពីការ​សិក្សា។ ដ្បិត​មាតាបិតា​ ឬអ្នកអាណាព្យាបាល​សិស្ស​តែងមាន​សង្ឃឹម​លើ​ជោគជ័យនៃ​ការ​សិក្សា​របស់​កូនចៅ​។ រីឯ​សិស្ស​ ឬយុវជន​ខ្លួនឯង​នេះក៏​មាន​ការកក់ក្តៅ​លើការ​ប្រឹង​ប្រែង​ព្យាយាម របស់ខ្លួន​ដែរ។ ចំណែក​ឯ​សង្គម​វិញ​ក៏​រង់ចាំ​ទទួល​ធនធាន​សិស្ស​ឬយុវជន​ចេញពី​សាលានោះ​ដែរ។ ដ្បិត​មនុស្ស​ថ្មីនេះ​ហើយដែល​ជាអ្នក​បន្តវេន​ពីមនុស្ស​ចាស់​ប្រចាំ​សង្គម​នីមួយៗ។

ចំពោះ​គោលបំណង​របស់​យុវជន​ ឬសិស្ស​និងនិស្សិត​នោះ វា​មិនខុសគ្នាប៉ុន្មាននោះទេ គឺមាន​ទាំង​បំណង​តូច​និងមាន​ទាំងបំណង​ធំ។ គោលបំណង​តូចៗប្រៀប​ដូចជា​ស្ពាន​សម្រាប់​ឆ្ពោះទៅរក​បំណងធំដែលយុវជន​បាន​សម្រេចនោះវា អាស្រ័យ​លើការ​សម្រេចនូវ​បំណង​តូចៗ ជាមុនសិន។ អ្វីទៅ​ជាបំណង​តូច​និងអ្វីទៅជាបំណង​ធំ?

មាន​ចម្លើយ​តាមបែប​សាមញ្ញថា ៈ ចំពោះ​បំណង​តូចគឺ ជាជោគជ័យនៃការ​ប្រឡង​ឆមាស​និងទាំង​ការប្រឡង​យកសញ្ញាបត្រ។ បំណង​តូចនោះ​វាជា​មធ្យោបាយ​ឆ្ពោះ​ទៅដល់​គោលដៅ​គឺបំណង​ធំដែលជា​​បំណង​ប្រាថ្នា​ទូទៅ​របស់​មនុស្ស​នោះមាន​ឈ្មោះថា បានធ្វើ​ការ ឬ​មានវិជ្ជាជីវៈ​បច្ចេកទេស​ ជំនាញ​ក្នុងការ​ចិញ្ចឹមជីវិត​។ ជាគំនិត​រួម​នោះគឺ សិស្ស​ចេញពី​សាលាទៅ​ តែងមាន​ការងារធ្វើ​ដែល​គេហៅថា ជាការងារ​ស្របតាម​តម្រូវការ​នៃទីផ្សារ។ បាន​សេចក្តីថា ​យុវជន​ទាំងអស់​គ្នា​មានគំនិត​ ឬមាន​បំណង​ដូចគ្នា​ហៅថា មានការ​ងារធ្វើ​។ ជាពិសេស​គេមិន​ចង់​អត់ការងារ​ធ្វើ ឬ​ហៅថា ដើរទាត់ខ្យល់នោះទេ។

ទាំង​បំណង​របស់​មាតាបិតា​ ឬអ្នកអាណាព្យា​បាលសិស្ស​និងទាំង​យុវសិស្ស​ផ្ទាល់​ផងតែង ចង់បាន​ការងារ​ធ្វើ​ដើម្បី​កសាង​វាសនា អនាគត​របស់ខ្លួន​អោយ​ក្លាយ​ទៅជា​ពលរដ្ឋ​ដ៏ល្អ​ប្រសើរ​ចំពោះសង្គម​ជាតិ។ ប្រការសំខាន់​ទៅទៀត​នោះគឺ​ធនធាន​សិស្ស​ដែលចេញពី​សាលារៀន​ទៅនោះ​នឹង​បានក្លាយ​ទៅជា​ធនធាន​ដ៏មាន​តម្លៃ​របស់ជាតិ​ ដែល​ជាតិត្រូវការ​យ៉ាង​ចាំបាច់​បំផុត។

នេះជាបំណង​សំខាន់​នៃការ​សិក្សា​របស់យុវជន​តែចំពោះ​ការទៅ​ដល់​ ឬទៅមិនដល់​នៃទិសដៅ​នេះ​វាសម្រេច​​នៅលើយុវជន​ខ្លួន​ឯងតែម្តង។

បច្ចុប្បន្ននេះក៏មាន​ការជួយ​ជំរុញ​ប្រកបដោយ​ប្រសិទ្ធភាព​នៃក្រសួងអប់រំយុវជន​និងកីឡាដែល​បានបង្ហាញ​អំពី​ផែនការ​សិក្សា​ថ្មី​នៃ​កម្រិត​មធ្យម​សិក្សាទុតិយភូមិ​តាម​រយៈការ​អនុវត្ត​អោយ​ប្លែក​ពីកម្មវិធី​ចាស់កន្លងមក។ ជាគំនិត​ផ្តួចផ្តើម​ក្នុងការ​សាកល្បងថ្មីនោះ ក្នុង​គ្រាដំបូងនេះ​មានតែ​៦ ខេត្តសិនទេគឺ មានខេត្ត កំពង់​ចាម, បាតដំបង, បន្ទាយមានជ័យ, កំពង់​ស្ពឺ, ​កំពត និងតាកែវ ក្នុង​ការ​បញ្ចូល​មុខវិជ្ជា​បច្ចេកទេស​វិជ្ជា​ជីវៈ​តាមរយៈ​ជំនួយ​របស់​ប្រទេសចិន​មាន អគ្គិសនី, អេឡិចត្រូនិក, កសិកម្ម, មេកានិក និងគណនេយ្យ។

មជ្ឈដ្ឋាន​​ទូទៅ​តែង​យល់ឃើញ​ថា ប្រសិន​បើការ​សាកល្បង​ទាំង​៦ខេត្ត​នេះទៅលើ​កម្រិត​មធ្យម​សិក្សាទុតិយភូមិ​នោះក្នុង​ឆ្នាំសិក្សា​២០១៥២០១៦ បាន​ទទួល​ជោគជ័យ​អាច​សង្ឃឹម​ថា នឹង​មានការ​ពង្រីក​ទូទាំងប្រទេស​ពិត​ប្រាកដ​។ ពេល​នោះហើយ​ដែលកម្មវិធី​នៃការ​សិក្សា​ថ្មី នឹង​ក្លាយជា​ការ​ពេញនិយម​រត់​ល្បត់ក្នុងការ​បណ្តុះបណ្តាល​​ធនធាន​សិស្ស​ក្នុង​ការបញ្ចប់​មធ្យម​សិក្សាទុតិយភូមិ​ និងមាន​អំ​ណោយ​ផល​ដ៏​ប្រសើ​រក្នុង​សង្គម​ជាតិស្របតាមទីផ្សារការងារ។

សរុបមក​ប្រសិនបើ​ការងារ​នៃការ​សិក្សា​ថ្មីនេះ​បានប្រកបដោយ​ជោគជ័យ​ ឬមាន​ប្រសិទ្ធភាព​នោះវា​ជាក្តីសង្ឃឹម​ដ៏ខ្ពង់ខ្ពស់​នៃមាតាបិតា​សិស្ស​ឬអ្នកអាណាព្យាបាលសិស្ស ព្រមទាំង​យុវជន​និង​សហគមន៍​ថាពិតជា​បានសម្រេច​បំណង​ប្រាថ្នាគឺ យុវជន​មានការងារ​ធ្វើ​បណ្តាលអោយ​សង្គមមានការ​រីកចម្រើន​ពិតប្រាកដ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684