ព័ត៍មានទាន់​ហេតុការណ៏
Search
M07-05-15-m

ប្រវត្តិ​ព័ត៌មាន​សង្ខេប​នៃ​ប្រាសាទ​ព្រៃ​ប្រាសាទ

ចំពោះ​ទីតាំង​នៃប្រាសាទ ព្រៃប្រាសាទ​ឋិតនៅ​ចម្ងាយ​ប្រហែលោ​៨០០ម៉ែត្រ​ ខាងទិសនិរតី​នៃកំពែង​អង្គរធំ និងនៅ​ជិត​ភូមិមួយ​ឈ្មោះ​អង្គរ​ក្រៅ។ ប្រាសាទ​នេះជា​ប្រភេទ​ប្រាសាទ​​តូច ដែល​មិនសូវ​មានភ្ញៀវ​ចាប់​អារម្មណ៍​ចូល​ទស្សនានោះឡើយ។ ឯប្រាសាទ​នេះនៅជិត​ប្រាសាទ​នាគព័ន្ធ។

បើតាម​ការពន្យល់​ក្នុងសៀវភៅ​តំបន់ទេស​ចរណ៍នៃព្រះរាជាណាចក្រកម្ពុជា​ ផ្នែក​ខាង​ក្រោម​ទំព័រ ១៥០​របស់​លោក កែវ.ភួង​ បាន​ប​ញ្ជាក់​ថា ៈ ឈ្មោះ​ប្រាសាទ ព្រៃប្រាសាទ​​នេះ​គឺ​មាន​​​​​ន័យ​ដូចព្រៃ​ដែរ ប៉ុន្តែ​គ្រាន់តែ​យកព្រៃ​មកដាក់​ពីមុខប្រាសាទទៅវិញ គឺមាន​ន័យថា ប្រាសាទ​ដែល​មានព្រៃដុះ គ្របដណ្តប់ជុំវិញ។ ប្រាសាទនេះ​ត្រូវបាន​អ្នកស្រុក​នៅភូមិ​អង្គរក្រៅ​ហៅម្យ៉ាង​ទៀតថា គោកប្រាសាទដែល​ពាក្យ​គោកមានន័យថា ទីទួល​ខ្ពស់​ ឬពំនូកដី។

ប្រាសាទ​ ព្រៃ​ប្រាសាទ សង់​អំពីថ្ម​ភក់​ទៅតាម​រចនា​ប័ទ្ម​បាយ័ន ដោយ​បែរមុខ​ទៅទិស​ខាងកើត​ហើយ​ដែល​ជាស្នាព្រះហស្ត​កសាងឡើង​ដោយព្រះ​មហាក្សត្រ​ ជ័យវរ្ម័នទី៧ នៅចុង​សតវត្សរ៍ទី១២ និងនៅដើម​សតវត្សរ៍ទី១៣។ សព្វថ្ងៃ​ប្រាសាទនេះ​មានការ​បន្សល់​ទុកនូវ​គោបុរៈ​មួយ​ជាប៉ម និងតួប្រាសាទ​ធំ ព្រមទាំង​មានកេរ​ដំណែល​នៃ​បណ្ណាល័យ​មួយ​ និង​ជញ្ជាំង​ព័ទ្ធ​ជំុវិញ​។ ចំពោះ​ចម្លាក់​ដែលបាន​ប្រទះលើផ្ទាំង​នៃជញ្ជាំង​ថ្មនោះ គឺមាន​ចម្លាក់​អប្សរាខ្លះ​ និងមាន​ចម្លាក់​នៅលើ​ធ្នឹម​ផង​ដែរ។ ទីនោះ​គេយល់ថា ជាកន្លែង​ស្ងប់ស្ងាត់ក្សេមក្សាន្ត​បំផុត។

ព័ត៌មាន​សង្ខេប​ដែលយើងទទួលបាន​ពី​ប្រាសាទ ព្រៃប្រាសាទនោះមាន​តិចតួច​ណាស់។ ប៉ុន្តែ​បើតាម​ការវិភាគ​បន្ត គឺមាន​ចំណុច​ធំពីរ​សម្រាប់​ធ្វើការ​ពិចារណា​គឺ ជាប្រភេទ​ប្រាសាទ​ឋិតក្នុង​រចនាប័ទ្ម​បាយ័ន ដែល​ជាស្នាព្រះហស្ត​ព្រះបាទ ជ័យវរ្ម័នទី៧ និងមាន​បណ្ណាល័យ។

ចំពោះប្រាង្គប្រាសាទ​ទោះជា​ប្រាសាទតូច​​​​​ក្តី​ធំក្តី​អោយតែ​ឋិតក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​​​​វរ្ម័នទី៧​គឺជាប្រាសាទ​ដែល​ឧទ្ទិស​ដល់​ពុទ្ធ​សាសនា​មហាយាន។ជាពិសេសគេបាន​​ធ្វើ​ការ​កត់​សំគាល់​អំពី​កំពូល​ប្រាសាទនេះគឺមាន ចម្លាក់​ក្បាច់​ផ្កា​ឈូក ដែលដូចជា​ប្រាសាទនានា​ឯទៀត​ជាស្នាព្រះហស្ត​ព្រះបាទ​ជ័យវរ្ម័នទី៧ ដែរ។ ដោយ​សារពេលវេលា​ឆ្លងកាត់​ជាច្រើន​រយឆ្នាំ ហើយ​ដែលមាន​ការ​បាក់​​បែក​បាត់បង់​ទ្រុឌទ្រោម​វិនាស​អន្តរាយ​ ដោយ​សារសឹកសង្គ្រាម​ឬដោយ​ប្រការ​យ៉ាង​ណានោះ​ទើប​គេមិន​បានឃើញ​មាន​បដិមា​ព្រះ​ពោធិសត្វ​អវលោកកេស្វរៈនោះទេ។ ដ្បិត​គ្រប់​ប្រាង្គប្រាសាទ​របស់ព្រះ​បាទជ័យវរ្ម័នទី៧​ ដែលមាន​ភាព​លេច​ធ្លោ នៃការ​គោរព​សក្ការ​បូជា​គឺមាន​បដិមា​ព្រះពុទ្ធផងនិងបដិមាព្រះពោធិសត្វ​អវលោកេស្វរៈផង។ ប៉ុន្តែ​អ្វីដែល​គេឃើញ មកទល់​នឹងសព្វថ្ងៃ​នេះគឺចម្លាក់​អប្សរា ដ៏ស្រស់​ឆើតឆាយនៅឈរ​លំអប្រាង្គប្រាសាទ​គួរអោយ​គយគន់​។ ចម្លាក់​អប្សរា​នេះគេយល់ថា ជាចំណុច​រួម​ដែលស្ទើរ​តែគ្រប់​ប្រាង្គប្រាសាទ​ទាំងអស់​គឺតាំង​ពី​​​ប្រាសាទ​ឧទ្ទិស​ដល់ព្រហ្មញ្ញ សាសនាក្តី​ និងទាំងប្រាង្គប្រាសាទ​ឧទ្ទិស​ដល់​ពុទ្ធសាសនា​ក្តីតែងមាន​ចម្លាក់​អប្សរា​នៅតាម​ជញ្ជាំង​ក្បែរ​ទ្វារឬក្បែរ​បង្អួច​បញ្ឆោតដូចគ្នា។

ប្រការ​ដែលគួរអោយ មជ្ឈដ្ឋាន​អ្នកបុរាណវិទ្យា​មានការ​ចាប់អារម្មណ៍​ម្យ៉ាងទៀត​ នៃប្រាសាទ​ព្រៃប្រាសាទ​នេះគឺ​មានបណ្ណាល័យ​មួយ។ ដូចនេះ​ប្រាសាទនេះ​ក៏ចាត់​ទុក​ជាមជ្ឈដ្ឋាន​នៃការ​សិក្សា​ផងដែរ ព្រោះ​វត្ថុ​បំណងនៃ​បណ្ណាល័យ គឺ​ជាកន្លែង​ផ្ទុក​ឯកសារ​វប្បធម៌​ដែលមាន​តាំងពី​អក្សរ ភាសា គំនូរ ចម្លាក់​ តន្ត្រី​ សាសនា។ល។ ដែល​ជាមធ្យោបាយ​សម្រាប់មនុស្ស​សិស្ស​រៀនសូត្រ​តៗគ្នាពីជំនាន់​មួយ​ទៅជំនាន់មួយ។ គេ​អាចធ្វើការ​សន្និដ្ឋាន​បន្តទៅទៀតថា ប្រាសាទ ព្រៃប្រាសាទ​នេះ​ជាទី​អារាម​​ផ្នែក​​ពុទ្ធស​ាសនា ហើយ​ដែល​ចាត់ទុក​ជាសាលារៀន​ ឬជាកន្លែង​បណ្តុះបណ្តាល​ធនធានមនុស្ស​នាសម័យ​នោះទៀតផង។

សរុបមកប្រាសាទ​ ព្រៃប្រាសាទ​ទោះបីមិន​​​​សូវ​មាន​បន្សល់​ភ័ស្តុតាង​ ឬមិន​មានប្រវត្តិ​ព័ត៌​មាន​ច្រើន​ក្តី ក៏​គេសន្និដ្ឋាន​ថា ជាទី​អារាម​ផង​និងក៏ជា​កន្លែង​ចំណេះដឹង​ផ្សាភ្ជាប់​នឹង​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋនាសម័យ​នោះផង​ដែល​ធ្វើអោយ​សម័យ​អង្គរ​មាន​ភាពរុងរឿង​ដល់​កំពូល​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684