ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹក​ទ្រុងមាន់​បើក​លឿន​ដល់​ផ្លូវបត់​កោង ​ជាន់​ហ្វ្រាំង​បង្ខំ​ក្រឡាប់​បះជើង​​

កំពង់ឆ្នាំង ៖ មនុស្សម្នាក់​បាន​រងរបួស​ធ្ងន់​ និង​២​នាក់​ទៀត​របួស​ស្រាល ​ដោយសារ​រថយន្ត​ដឹក​ទ្រុង​ដាក់​មាន់​ធុន​ធំ​មួយ​គ្រឿង​ បាន​ក្រឡាប់​បះជើង​លើផ្លូវ​ជាតិ ខណៈដែល​អ្នកបើកបរ​បាន​បើក​រថយន្ត​លឿន​ក្នុង​ផ្លូវ​កោង ហើយ​បាន​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៤​និង​២០​នាទី​ល្ងាច​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច ភូមិ​អូររូង ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច។

សមត្ថកិច្ច​នគរបាល ស្រុក​កំពង់ត្រឡាច បានឲ្យដឹងថា រថយន្ត​ធុន​ធំ​ខាងលើ​ម៉ាក​ហ៊ី​យ៉ាន់ ដាយ​ពណ៌ស ពាក់​ស្លា​កល​លេខ ភ្នំពេញ 2J. 4990 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ។ មុនពេល​កើត​ហេតុ​រថយន្ត​ខាងលើ​បាន​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ភ្នំពេញ ដោយមាន​ដឹក​ទ្រុង​សម្រាប់​ដាក់​មាន់​ពេញ និង​មាន​មនុស្ស​ជិះគ្នា​៣​នាក់ ក្នុង​នោះ​២​នាក់​ជិះ​ក្នុង​កាប៊ីន​មិន​ស្គាល់ឈ្មោះ​ និង​អាស័យ​ដ្ឋាន និង​ម្នាក់ទៀត​ជិះ​ខាងក្រោយ​លើ​ទ្រុងមាន់ ឈ្មោះ ជា​។ លុះ​ពេល​មកដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​កោង ដោយសារ​រថយន្ត​មាន​ល្បឿន​លឿន​ពេក​បត់​មិន​រួច​អ្នកបើកបរ​បានជាន់​ហ្វ្រាំង​បង្ខំ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​លើ​ថ្នល់ជាតិ​តែម្តង។

ក្រោយពេល​កើតហេតុ​គេ​ឃើញ​អ្នក​ជិះ​ក្នុង​កាប៊ីន​រថយន្ត​២​នាក់​ បាន​ន​រង​របួស​ស្រាល និង​អ្នក​ជិះ​លើ​ទ្រុងមាន់​ខាងក្រោយ​ឈ្មោះ ជា មាន​ទីលំនៅ ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍ​ន៏ ស្រុក​ទឹកផុស បាន​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​គេ​ប្រញាប់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា អ្នក​ជិះ​ក្នុង​រថយន្ត​ទាំង​២​នាក់​ មិន​ព្រម​ប្រាប់​ពី​អត្តសញ្ញាណ​នោះ​ទេ តែ​បាន​ដឹងថា គេ​ទាំង​២​នាក់ មាន​ម្នាក់​ជា​អ្នកបើកបរ បាន​ប្រញាប់ប្រញាល់​ដឹក​ជនរងគ្រោះ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ក្រុងភ្នំពេញ​។ ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច និង​បាន​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ច្បាប់ ដោយ​រង់ចាំ​ការ​ដោះស្រាយ ការ​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684