ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមការងារ​ថ្នាក់​ជាតិ​បើក​វេទិកាសាធារណៈ​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​ និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ

កំពង់ឆ្នាំង ៖ វេទិកាសាធារណៈ​មួយ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ ដែល​ដឹកនាំ​ដោយ​លោកជំទាវ​ម៉ាត់​ ម៉ា​រ៉ា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ស្រុក​រលាប្អៀរ​និង​លោក អ៊ុន សំអុល​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ និង​ជា​អនុប្រធាន​ក្រុមការងារ ​ចុះ​ស្រុក​រលាប្អៀរ បាន​ធ្វើ​ឡើង​នៅ​ព្រឹក ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥​ នៅក្នុង​សាលាបឋមសិក្សា​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បី​ជួយ​ដំណោះស្រាយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ ក្នុងស្រុក​រលាប្អៀរ​។ក្នុង​វេទិកា​នេះ​មានការ​ចូលរួម​ពី ឯកឧត្តម​លោកជំទាវ ក្រុមការងារ​ថ្នាក់​កណ្តាល​ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ និង ប្រជាពលរដ្ឋ​មកពី​ឃុំ​គោក​បន្ទាយ​ និង​ឃុំ​ទឹក​ហូត​សរុប​ទាំងអស់​ចំនួន​៣៦០​នាក់​។

លោក​អ៊ុន សំអុល​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ បាន​មានប្រសាសន៍​ដោះស្រាយ​សំណួរ​មួយ​ចំនួន​ដែល​មិន​ទាន់បាន​ដោះស្រាយ​បញ្ហា​ប្រឈម​ និង​សំណូមពរ​ផ្សេងៗ​កាលពី​វេទិកាសាធារណៈ​មុនៗ​ដែល​ជា​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​។ បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ស្តាប់​ការ​បកស្រាយ​របស់​លោកអ៊ុន​ សំអុល ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​អង្គពិធី ក៏បាន​ទទួលយក​និង​អបអរសាទរ​ចំពោះ​លោក​និង​ក្រុម ការងារ​ទាំងអស់ ​ដែល​បាន​ជួយ​គិតគូរ​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​។

នៅក្នុង​វេទិកាសាធារណៈ​ថៃ្ង​នេះ​ដែរ​តំណាង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ បាន​លើក ឡើង​អំពី​ក្តីកង្វល់​របស់​ពួកគាត់​មក​សំណូមពរ​ដល់​គណៈអធិបតី​ដូចជា បញ្ហា​ស្តា​របឹង​ព្រែក​ក្រោម​១.៥០០​ម៉ែត្រ​,​ធ្វើ​ស្ពាន​ឆ្លង​ព្រែក​កន្លែង​ភេ​៨០​ម៉ែត្រ ,​សូមឲ្យ​ចេញ​ប័ណ្ណ​ដី​កម្មសិទ្ធិ​,​ធ្វើ​របង​សាលារៀន​ព្រែក​សាលា​,​ជួយ​ទប់ស្កាត់​និង​ដក​ប្រដាប់​ឆក់​ត្រី​ពី​ជនល្មើស​,​បញ្ហា​ដី​កន្លែង​ភេ​២០​ហិកតា​,​ស្តា​ព្រែក​៤​គីឡូម៉ែត្រ​,​ពង្រីក​បណ្តាញ​អគ្គីសនី​១​គីឡូម៉ែត្រ​និង​បញ្ហា​ផ្សេងៗ​ទៀត​នៅក្នុង​មូលដ្ឋាន ដាក់​ជូន​ក្រុមការងារ​ថ្នាក់​ខេត្ត និង ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​។

ឆ្លើយ​ទៅ​និង​សំណូមពរ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​លោក ជំទាវម៉ាត់ ម៉ា​រ៉ា បាន​មាន​ប្រសាសន៍ថា រាល់​សំណូមពរ​ទាំងអស់​របស់​ប្រជាពលរដ្ឋ​ក្រុមការងារ​ថ្នាក់​ជាតិ និង ថ្នាក់​ខេត្ត និង​លើក​យក​មក​ដោះស្រាយ​ឲ្យ​មាន​តម្លាភាព​សមស្រប ​ទាំងសងខាង​ស្របតាម​គោលការណ៍​ច្បាប់​របស់រដ្ឋ។ ចំពោះ​បញ្ហា​ប្រឈម​ទាំងអស់ ដើម្បី​ដោះ ស្រាយ​ឲ្យបាន​ទាន់​ពេលវេលា គឺ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​និង​រាយការណ៍ និង​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ ដើម្បី​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​ចំពោះ​បញ្ហា​ និង​សំណូមពរ​ផ្សេងៗ​ទៀត​លោកជំទាវ​និង​ទទួលយក​ទាំងអស់​ដើម្បី​ធ្វើការ​សិក្សា​ជាមួយ​ថ្នាក់​ខេត្ត ធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជា​ក្រោយ​ជាពិសេស​បញ្ហា​ទំនាស់​ដី​២០​ហិកតា​នៅ​ភូមិ​កន្លែង​ភេ​។

លោកជំទាវ​ម៉ាត់ ​ម៉ា​រ៉ា​បាន​មានប្រសាសន៍​បន្តទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែងតែ​គិតគូរ​ដល់ បងប្អូន​ជានិច្ច ហើយ​រដ្ឋាភិបាល មិន​ចង់ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ​ទាំង​កម្មករ កម្មការិនី និង​មន្ត្រីរាជការ ប៉ុន្តែ​ការ​ដោះស្រាយ​ គឺ​ផ្អែក​ទៅលើ​កំណើន​សេដ្ឋកិច្ចជាតិ​។ ដូច្នេះ​ប្រជា​ពលរដ្ឋ​ត្រូវ​តែមាន​ជំនឿ​ទុកចិត្ត​លើស​ម្តេច ហ៊ុន សែន​នឹង​កុំ​ចាញ់​ការ​ញុះញង់​របស់​អ្នកដទៃ​ឲ្យសោះ​ដែល​គេ​បានតែ​សន្យា ប៉ុន្តែ​មិនដែល​ឃើញ​ធ្វើ​អ្វី​ឲ្យ​បាន​ឃើញ​ជាក់ស្តែង​នោះ ឡើយ។ ប្រជាពលរដ្ឋ​យើង​ពិតជា​ដឹង​ច្បាស់​ហើយ​ថា តើ​អ្នកណា​រំដោះ​យើង​ពី​ពួក​ប្រល័យពូជសាសន៍​ប៉ុលពត អ្នកណា​បង្រួម​បង្រួម​ជាតិខ្មែរ​បាន​សុខ​សន្តិភាព​ដូច​សព្វថ្ងៃ និង​អ្នកណា​ជា​អ្នក​អភិវឌ្ឍន៍​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ជាតិ​លើ​គ្រប់​វិស័យ​បាន​រីកចម្រើន​នៅ​ពេល​នេះ​។

ការធ្វើ​ឡើង​នៅ​វេទិកាសាធារណៈ​ពេលនេះ​បានធ្វើឲ្យ​ប្រជាពលរដ្ឋ​ភាគច្រើន​មានការ​សប្បាយ​ចិត្ត​និង​រីករាយ​យ៉ាង​ខ្លាំង ព្រោះ​គាត់​បាន​បញ្ចេញ​នូវ​ក្តីកង្វល់​របស់​ពួកគាត់ ដោយ​ពួកគាត់​សង្ឃឹមថា ក្តី​កង្វល់​និង​សំណូមពរ​ទាំងអស់​របស់​ពួកគាត់​នឹង​ត្រូវ​ដោះស្រាយបាន​ជាមិនខាន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ពួកគាត់​ក៏បាន​សំណូមពរ​ផងដែរ​សុំឲ្យ​មាន​វេទិកា​សាធារណៈ​មាន​ញឹកញាប់​ទៀត ដើម្បីឲ្យ​ក្រុម ការងារ​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ​រាល់​ការ​លំបាក ​ជូន​ពួកគាត់​បន្តបន្ទាប់​ទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684