ព័ត៍មានទាន់​ហេតុការណ៏
Search

ចោរលួច​ទូរ​សព្ទ័​ដៃ​ក្នុង​ហាង​ម្នាក់​ ត្រូវ​ម្ចាស់​ហាង​ចាប់​ខ្លួន​បាន ​ប្រគល់ឲ្យ​សមត្ថកិច្ច​

កំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​លក់ដូរ ​និង​ជួសជុល​ទូរ​សព្ទ័​ក្នុង​ហាង​មួយ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ជនសង្ស័យ​រូប​នោះ​ បានធ្វើ​សកម្មភាព​ចូល​លួច​ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង នៅ​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥ នៅក្នុង​ហាង​ខាងលើ​ស្ថិត​ក្នុងភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ ឆ្នាំង។

លោក ញ៉ោ​ក ប៊ុន​ធី អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យ​នេះ​មាន​ឈ្មោះ រ៉ា សាវឿន អាយុ​៣៨ ឆ្នាំ មាន​ទីលំនៅ ភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ។ចំណែក​ម្ចាស់​ហាង​ជួសជុល​ និង​លក់​ទូរ​សព្ទ័​មានឈ្មោះ ឌី សារ៉ាត់ ហៅ​រាក់ អាយុ​២៩​ឆ្នាំ​។

នៅ​មុន​ពេល​កើតហេតុ ម្ចាស់​ហាង​បាន​បើកទ្វារ​ហាង​តែមួយ​ប្រឡោះ សម្រាប់​អោយ​ប្អូនៗ​ចេញទៅ​រៀន ពេលនោះ​ជនសង្ស័យ​ខាងលើ​បន្លំ​ដើរ​ចូលទៅ​លួច​យក​ទូរ​សព្ទ័​ម៉ាក អាយ​ហ្វូ​ន​C.G.S មួយ​គ្រឿង​របស់​ម្ចាស់ផ្ទះ​ដាក់​ហោប៉ៅ​ខោ​ដើរ​ចេញ​មកក្រៅ ភ្លាម​នោះ​ម្ចាស់​ហាង​បាន​ក្រឡេកឃើញទាន់​ជនសង្ស័យ​ខាងលើ ព្រមទាំង​ឃើញ​បាត់​ទូរស័ព្ទ​ពីលើ​តុ ក៏​ស្ទុះ​ចេញ​មក​ចាប់​ដល់​ក្រៅ​ផ្ទះ ឆែកឆេរ​ទៅ ឃើញ​ទូរ​សព្ទ័​របស់​ខ្លួន ក៏​ព្រួត​គ្នា​វាយ ២៣​ដៃ​ម្នាក់ ទើប​ប្រគល់ឲ្យ​សមត្ថកិច្ច។

លោក អធិការរង​បាន​បន្តថា ជនសង្ស័យ​ខាងលើ​គឺជា​មុខសញ្ញា​លួច​ទូរ​សព្ទ័​យ៉ាង សកម្ម នៅ​គ្រប់​ទីកន្លែង និង​កន្លងមក​ធ្លាប់​លួច​ទូរ​សព្ទ័​គេ​តម្លៃ​ជាង​៨០០​ដុល្លារ ត្រូវ​បាន​ម្ចាស់​គេ​ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល។ ចំណែក​លើក​នេះ ពេល​ចាប់ខ្លួនបាន គឺ​បាន​ដកហូត​វត្ថុតាង​មាន​ទូរ​សព្ទ័​ដៃ​២​គ្រឿង​ផ្សេងទៀត មួយ​គ្រឿង​ម៉ាក សាំ​សុង​កាឡាក់ស៊ី​ណូ​ត និង​មួយគ្រឿង​ទៀត​ម៉ាក អាយ​ខ​ល។ ក្រៅពី​នោះ​បាន​ដកហូត​ម៉ូតូ​ម៉ាកវ៉េវ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 1K. 9177

ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​រួមជាមួយ​វត្ថុតាង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិ​វិធី​បញ្ជូន​ទៅ​តុលាការខេត្ត។

សូមបញ្ជាក់ថា ក្រោយពេល​ចាប់​ជនសង្ស័យ​ខាងលើ មាន​ម្ចាស់​ទូរ​សព្ទ័​ចំនួន​៣​នាក់​ទៀត ដែល ធ្លាប់​បាត់​ទូរ​សព្ទ័​ដោយសារ​ជនសង្ស័យ​ខាង​លើនេះ​លួច​បាន​នាំគ្នា​មក​ដាក់ពាក្យ​ប្តឹង​បន្ថែម​ទៀត​ផង​ដែរ ​ដើម្បីអោយ​តុលាការ​ផ្ដន្ទាទោស​ជនល្មើស​តាម​បញ្ញត្តិ​ច្បាប់​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684