ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-8-A-11-Full

លោក​អភិបាលខេត្ត​គ្រោង​អភិវឌ្ឍន៍​ផ្លូវ​សងខាង​មាត់​ស្ទឹង​ក្រុង​សិរីសោភ័ណ​ ដើម្បី​សោភ័ណភាព​

បន្ទាយមានជ័យ ៖ ថ្មីៗ​នេះ​លោក​អភិបាលខេត្ត​អះអាងថា ​គ្រោង​នឹងអភិវឌ្ឍន៍​ផ្លូវ​សង្ខាង​មាត់​ស្ទឹង​ក្រុង​សិរីសោភ័ណ​ ដើម្បី​លំអ​សោភ័ណភាព​ក្រុង​។ ចំណែក​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​មាត់​ស្ទឹង​នោះ​អាជ្ញាធរ​ខេត្ត​នឹង​រក​ទីតាំង​ដោះដូរ​ជូន​។ គួរបញ្ជាក់​ថា នៅ​ដងស្ទឹង​សិរីសោភ័ណ​ដែល​ខេត្ត​គ្រោង​កសាង​ផ្លូវ​សង្ខាង​ គឺ​មាន​ប្រវែង​ជិត​១០​គីឡូម៉ែត្រ​ដែល​មាន​ជិត​១០​ភូមិ​ដែល​ប៉ះពាល់​និង​មាន​ប្រជា​ពលរដ្ឋ​មិន​តិច​ជាង​១០០​គ្រួសារ​ដែល​កំពុង​រស់​នៅ​តាម​ដងស្ទឹង​នោះឡើយ​ ដែលមាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ចាក់​ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​ធ្វើជា​កម្ម​សិទ្ធ ​ទោះជា​ខេត្ត​បាន​ណែនាំ​ហើយ​នៅតែ​ដាំ​ដំណាំ​យូរ​អង្វែង​មិន​ញញើត​និង​ច្បាប់​ទៀតផង​។

លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ធ្លាប់​មាន​ប្រសាសន៍ថា​ខេត្ត បន្ទាយ​មានជ័យ​មាន​ក្រុង​សិរីសោភ័ណ​ដែល​នៅក្នុង​ទីប្រជុំជន​ខេត្ត​ហើយ​ ខេត្ត​គ្រោង​អភិវឌ្ឍន៍​ធ្វើ​ឃឿន​និង​ផ្លូវ​សង្ខាង​ដងស្ទឹង​សិរីសោភ័ណ​ ដើម្បីឲ្យ​មាន​សោ ភ័ណភាព​ និង​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នា​ពេល​អនាគត។ លោក​បាន​បញ្ជាក់​ថា​ នៅពេលដែល​កសាង​អភិវឌ្ឍន៍​ផ្លូវ​ជុំវិញ​មាត់​ស្ទឹង​ គឺមាន​ផល​ប៉ះ ពាល់​ដល់​ប្រជាពលរដ្ឋ ​ដែល​រស់​នៅ​តាម​ដងស្ទឹង ប៉ុន្តែ​ខេត្ត​គ្រោង​នឹង​រក​ទីតាំង​ដោះដូរ​ជូន​ប្រជាពលរដ្ឋ​សម្រាប់​អ្នក​ដែល​រស់នៅ​ចាស់​ចំណែក​អ្នក​ដែល​រស់​ថ្មី​ និង​ចាក់​ដី​រំលោភ​ចំណី​មាត់​ស្ទឹង​នោះ​ គឺ​អាជ្ញាធរខេត្ត ​នឹង​មាន​វិធាន​ចាត់ការ​តាមច្បាប់ ​ព្រោះ​ច្បាប់​មាត់​ស្ទឹង​.​អូរ​គឺ​ពី​ចំណុច​អក្ស​មាត់​ស្ទឹង​មាន​ប្រវែង​៣០​ម៉ែត្រ​សង្ខាង​ ដែល​មិនឲ្យ​ប៉ះពាល់​បាន​ឡើយ ព្រោះ​ជា​ប្រព័ន្ធ​ទឹក​ហូរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684