ព័ត៍មានទាន់​ហេតុការណ៏
Search

បទល្មើស​ព្រៃឈើ​នៅតែ​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹក​នៅ​ដែន​សមត្ថកិច្ច​មេព្រៃ​ផ្នែក​សណ្ដាន់

កំពង់ធំ ៖ ប្រជាពលរដ្ឋ​និយាយ​ថា ទោះជា​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​ឲ្យ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាងណាក៏ដោយ ក៏​បទល្មើស​នេះ​នៅតែ​បន្ត​សកម្មភាព​យ៉ាង​គគ្រឹក​គគ្រេងនៅក្នុង​ស្រុក​សណ្ដាន់ ដោយមាន​ការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ផ្នែក​សណ្ដាន់។

សេចក្ដីរាយការណ៍​បាន​បន្ត​ថា បទល្មើស​ព្រៃឈើ​នេះ​មាន​ឈើប្រណិត ​និង​ឈើ​គ្រឿង​ ដែល ឈ្មួញ​ប្រមូល​ទិញ​ពី​តំបន់​ព្រៃ​ឡង់ ​និង​ព្រំប្រទល់​ខេត្ត​,​ព្រះវិហារ​មក​ស្ដុក​ទុក​នៅ​ឃុំ​មាន​រិ​ទ្ធ​,​ឃុំ​ទំរីង និង​ឃុំ​សុចិត ហើយ​បន្ត​ដឹក​ចេញ​តាម​រថយន្ត​ធុន​ធំ​មក​កំពង់ថ្ម តាម​រូបភាព​ដាក់​ដំឡូង​បន្តិច​ពី​លើ​,​ឈើ​ពីក្រោម​ និង​ខ្លះទៀត​ដាក់​ឈើ​ចំនៀពីលើ ហើយ​ដឹក​ចេញ​តាមផ្លូវ​កាត់មុខ​ទីស្នាក់ការ​រដ្ឋ បាល​ព្រៃឈើ​ផ្នែក​សណ្ដាន់​តែម្ដង។

ក្នុង​ចំណោម​ឈ្មួញ​សកម្ម​បទល្មើស​ព្រៃឈើ​ទាំងនេះ​មាន​ខ្លះ​អះអាង​ថា ​មានច្បាប់​ដោយមាន ចំណារ​ខេត្ត ប៉ុន្តែ​ច្បាប់​នោះ​គេ​ឃើញ​តែ​ដឹក​រហូត ដូចជា​ពុំដែល​អស់​សុពលភាព​នោះ​ទេ គឺ​ដឹក​ចេញ ម្ដងៗ​ពី​២​ទៅ​៤​រថយន្ត​ក៏​មាន ហើយ​អ្នក​ទាំង​នោះ​ត្រូវ​បាន​សាធារណជន​ស្គាល់​ថា​ជា​ឈ្មួញ​បទល្មើស​ព្រៃ​ឈើ​យូរ​ឆ្នាំ​មក​ហើយ តួយ៉ាង​ដូចជា​ឈ្មោះ ពេជ្រ ពឿ​ន​ និង​ឈ្មោះ ប្រាក់ ស៊ីថា ជាដើម ប៉ុន្តែ​ទោះ​ជា​មានការ​អះអាង​យ៉ាងណា​ក្ដី រថយន្ត​កូរ៉េ​ចំណុះ​២,៥​ប្រមាណ​៣​គ្រឿង ដឹកឈើ​ចេញពី​ដែន​សមត្ថ​កិច្ច​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ ដែល​ដឹង​ថា​ជា​របស់​ឈ្មោះ ប្រាក់ ស៊ីថា នោះ​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋ បាល​ផ្នែក​កំពង់ថ្ម​ឃាត់​បានហើយ កាលពីដើម​ខែឧសភា ឆ្នាំ​២០១៥​នេះ។​

ទាក់ទិន​នឹង​សកម្មភាព​បទល្មើស​ព្រៃឈើ​ខាង​លើ​នេះ លោក ហូ គឹម​ឆេង នាយ​សង្កាត់​ និង លោក​សៅ វ៉ាន់​នី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់​មិនបាន​បំភ្លឺ​ដូចម្ដេច​នោះ​ទេ ដោយ​អ្នក​សារ ព័ត៌មាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក ប៉ុន្តែ​លោក​មិន​ទទួល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684