ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ឺន សុភា ជួប Sam Dieng ឯ​វង្ស ណ​យ ជួប​Dav Prak Kay ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ជុំ​ទី​៤

ប្រដាល់ ៖ ម៉ឺន សុភា អ្នក​ប្រដាល់​ក្លិប​ក្រសួងការពារជាតិ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Sam Dieng Phetnob Pakay នា​យប់​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​លើ​សង្វៀន​ស្ទឹង​មាន​ជ័យ ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៩​គីឡូក្រាម ជុំ​ទី​៤ ដែល​ជា​ជុំ​ចុងក្រោយ ។

Sam Dieng Phetnob Pakay នេះ គេ​មក​ប្រកួត​ជំនួស Sam Sun Sor Samphong ដែល​មាន​របួស​ដោយសារ​តែ​ក្នុង​ជុំ​ទី​១ ត្រូវ​វង្ស ណ​យ អ្នក​ប្រដាល់​កម្ពុជា​យើង​វាយ​កែង​ឲ្យ​បែក​ក្រោម​ភ្នែក​ស្តាំ​ធ្ងន់ធ្ងរ ហើយ​មិនទាន់​ជាសះស្បើយ​នោះ។
អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មិនជា​អន់​នោះ​ឡើយ ដោយ​គេ​មានកំណត់​ត្រា​ប្រកួត​ចំនួន​៧៨​ដង ឈ្នះ​៦០​ដង ចាញ់​១៥​ដង និង​ស្មើ​០៣​ដង ហើយ​ធ្លាប់​វាយ​ដៃគូ​ឲ្យ​សន្លប់​ចំនួន​០៩​ដង។

ម៉ឺន សុភា ៣​ប្រកួត​កន្លងមក ឈ្នះ​១ ចាញ់​២​ប្រកួត។ ម៉ឺន សុភា មាន​ប្រវត្តិ​ប្រកួត​ត្រឹមតែ​៤២​ដង​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​៣៥​ដង ចាញ់​៦​ដង និង​ស្មើ​ម្តង ហើយ​សុភា​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​៩​ដង។
ម៉ឺន សុភា ខ្លាំង​កណ្ដាប់ដៃ ពិសេស​កណ្ដាប់ដៃ​ឆ្វេង។ តែ​ទោះជា​យ៉ាងណា សុភា ក៏​ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ។ ដូច្នេះ​ចាំ​មើល តើន​រណា​ឈ្នះ​រវាង​ម៉ឺន សុភា ​និង Sam Dieng Phetnob Pakay នេះ​?
ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ វង្ស ណ​យ អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Dav Prak Kay Nor Sipheung។

ការប្រកួត​របស់​វង្ស ណ​យ ​និង Dav Prak Kay Nor Sipheung នេះ ពុំ​មែន​ជា​ការ​ប្រកួត​ជម្រុះ​ខ្សែ​ក្រវាត់​ខា​រ៉ា​បាវ​នោះ​ទេ ជា​ការ​ប្រកួត​មិត្តភាព​តែ​ប៉ុណ្ណោះ។
សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ទី​៤ ជុំ​ចុង​ក្រោយនេះ វង្ស ណ​យ​គេ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​ទៅ​ហើយ ព្រោះ​គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Singha Thorngnoy Chaiphum តែ ដោយ​សារ​Singha Thorngnoy មាន​របួស​សន្លាក់​ជង្គង់​មិនទាន់​ជា ហើយ​បាន​បោះបង់ចោល​ការប្រកួត​នោះ ធ្វើ​ឲ្យ​វង្ស ណ​យ​ឈ្នះ​បាន​៣​ពិន្ទុ​ដោយ​មិន​ចាំ​បាច់​ចំណាយ​កម្លាំង សម្រាប់​ជុំ​ចុងក្រោយ​នេះ។

ដូច្នេះ វង្ស ណ​យ គេ​ទទួល​បាន​ពិន្ទុ​១០ សម្រាប់​ការប្រកួត​ជម្រុះ​៤​ប្រកួត​នេះ ដោយ​ឈ្នះ​៣ ប្រកួត និង​ចាញ់​១​ប្រកួត​នោះ។
ដោយសារតែ​ហេតុផល​យ៉ាង​ដូច្នេះហើយ ទើប​ការប្រកួត​នៅ​យប់​ថ្ងៃអាទិត្យ​នេះ គេ​ផ្គូ​ឲ្យ​វង្ស ណ​យ ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជាមួយ Dav Prak Kay Nor Sipheung កំដរ ម៉ឺន សុភា​នោះ។​

Dav Prak Kay Nor Sipheung អ្នក​ប្រដាល់​ថៃ​នេះ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​សមត្ថភាព​ខ្លាំង​គួរសម​ដែរ តែ​គេ​មិន​ដឹង​ថា​អ្នក​ប្រដាល់​ថៃ​រូប​នេះ មាន​កំណត់ត្រា​ប្រកួត​ចំនួន​ប៉ុន្មាន​ដងនោះ​ទេ។ ដូច្នេះ​ចាំ​មើល​ប៉ះ​ជាមួយ ​វង្ស ណ​យ ដែល​មាន​កំណត់ត្រា​ប្រកួត​រហូតដល់​១៣០​លើក ឈ្នះ​៩៥​លើក ចាញ់​៣២​លើក និង​ស្មើ​៣​លើក​នោះ តើ​គេ​ខ្លាំង​ឬ​ខ្សោយ​នោះ គង់តែ​ដឹង​ទេ? វង្ស ណ​យ នេះ​ហើយ​ដែល​បាន​ផ្ដួល​យកឈ្នះ Sam Sun Sor Samphong ឲ្យ​មាន​របួស​មិនទាន់​ជា​នោះ។ ចាំ​មើល Dav Prak Kay Nor Sipheung គេ​អាច​យកឈ្នះ​លើ វង្ស ណ​យ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​បាន​ឬ​អត់​? គួរ​បញ្ជាក់​ថា ការប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​២០១៥​នេះ មាន​រយៈពេល​១២​សប្ដាហ៍ ដែល​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប​និង​អ្នក​ប្រដាល់​ថៃ​៤​រូប ជួប​ប្រកួត​គ្នា តាម​រូបមន្ត​វិល​ជុំ​សន្សំ​ពិន្ទុ​នោះ មក​ដល់​ពេលនេះ​វង្ស ណ​យ និង ម៉ឺន សុភា គេ​ទាំងពីរ​បាន​បញ្ចប់​ការប្រកួត​ជម្រុះ​ហើយ ក្រោយពី​ប្រកួត​ចប់​១​ប្រកួត​ចុងក្រោយ​នៅ​ថ្ងៃអាទិត្យ​នេះនោះ។

សម្រាប់​កែវ រំ​ចង់ និង ឡុង​សុ​ភី គឺ​នៅសល់​មួយ​ប្រកួត​ម្នាក់ទៀត ដោយ​កែវ រំ​ចង់​នៅ​ជួប​ជា​មួយ​Tilek Pithak Meungkan ហើយ​ឡុង សុ​ភី នៅ​ជួប​ជាមួយ​ជើង​ខ្លាំង​Rareung Luk Champachai នោះ​ការប្រកួត​ជម្រុះ​វិល​ជុំ​សន្សំ​ពិន្ទុ​នឹង​ត្រូវ​ចប់ និង​អាច​ដឹង​ថា​តើ​អ្នក​ប្រដាល់​ខ្មែរ ថៃ ណាខ្លះ ដែល​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684