ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន លី អ៊ុត​នី សំអាង​លើ ស​.​ជ​.​ណ ដីកា​ខេត្ត និង​ដីការក្សា​ការពារ​របស់​តុលាការ ដុត​និង​រុះរើ​ផ្ទះ ឈូស​ឆាយ​ដំណាំ ពលរដ្ឋ​បឹង​ការ​បៅ​

បន្ទាយមានជ័យ ៖ លំនៅដ្ឋាន និង​ស្រែចម្ការ របស់​ប្រជាពលរដ្ឋ គ្រួសារ​យោធិន​រំសាយ និង​ពិការ នៅ​ចំណុច​បឹង​កា​បៅ ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមាន ជ័យ ចំនួន​៩​ខ្នង លើ​ដី​ទំនាស់​ជាមួយ​ក្រុមហ៊ុន លី អ៊ុត​នី ត្រូវ​បាន​ក្រុមហ៊ុន​នេះ​បញ្ជា​អោយ​ដុត រុះរើ និង​ប្រើ​គ្រឿងចក្រ​ឈូសឆាយ បំផ្លាញ​ដំណាំ​ជា​ស្រែចម្ការ​កាលពី​ថ្ងៃ​ទី​៧ ឧសភា ២០១៥ ដោយ​សំអាង​លើ ស​.​ជ​.​ណសេចក្តី ជូនដំណឹង​របស់​សាលាខេត្ត និង​ដីកា​រក្សា​ការពារ​សាលាដំបូង​ខេត្ត។

តាម​ការ​ឲ្យ​ដឹងពី​ប្រជាពលរដ្ឋ​ដែល​ត្រូវ​គេ​ដុត និង​រុះរើ​ផ្ទះ ចំនួន​៩​គ្រួសារ រួមមាន​ឈ្មោះ ឆាយ ពេជ្រ​, កែវ រើ​ន​, ហេង ម៉ៅ​, ដុស លួ​ម​, ព្រាប សៀន​, លន់ ហៅ ហេង​, លាភ​, សល់​, ទុំ​, បាន​ឲ្យដឹងថា ដោយ​គ្រួសារ​របស់​ពួកគាត់​ជា​យោធិន​រំសាយ និង​ពិការ​ត្រូវ​បាន​រដ្ឋាភិបាល​ បាន​ប្រកាស​ចែក​ដី​៥​ហិក​តា​ក្នុង​មួយ​គ្រួសារ​ ជូន​ពួកគាត់ ក្រោយ​សមាហរណកម្ម​ ទើប​ពួកគាត់​មក​នៅ និង​ធ្វើស្រែ​អស់​រយៈពេល​៦ ទៅ​៧​ឆ្នាំ​មក​ហើយ ដោយមាន​សរុប​ទាំងអស់​៣៦​គ្រួសារ។ ការ​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​ចំណុច​បឹង​ការ​ប៉ៅ​នេះ​ ពុំ​ដែល​មាន​បញ្ហា​អ្វី​ឡើយ តែ​២​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន លី អ៊ុត​នី ដែល​មាន​លោក លី អ៊ុត​នី ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បាន ប្តឹងផ្តល់​មក​លើ​ពួកគាត់ អោយ​ពួកគាត់​រុះរើ​លំនៅដ្ឋាន និង​មិន​ត្រូវ​ធ្វើស្រែ​ចម្ការ​នៅ​លើដី​ទំហំ​១៨០​ហិកតា។

មិន​ថែម​តែប៉ុណ្ណោះ​នៅ​វេលា​ម៉ោង​១១ ថ្ងៃត្រង់​ម្សិលមិញ ក្រុមហ៊ុន​លោក លី អ៊ុត​នី ដែល​មាន​លោក ភុំ ជឹ​ណ្ណា​រា និង​លោក ព្រាប សារុន អតីត​មេ​បញ្ជា​រង​កងពល​លេខ​២១ ដែលជា​អ្នលក់​ដី​ទាំងនេះ​ឲ្យ​លោក លី អ៊ុត​នី ព្រមទាំង​សមត្ថកិច្ច​នគរបាល​ជា​ច្រើន​នាក់​ឈរ​ការពារ មិនឲ្យ​ពលរដ្ឋ​ប្រើ​ហិង្សា​មក​លើ​កំលាំង​ក្រុមហ៊ុន ក្នុង​ការ​ដុត​ផ្ទះមួយ​ខ្នង​របស់​ឈ្មោះ ដុស លួ​ម ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ដែល​មិនបាន​នៅផ្ទះ​រវល់​ទៅ​ស៊ីឈ្នួល​ដាំដំឡូង​ឲ្យគេ និង​បាន​រើ​ផ្ទះ ផ្តួលរំលំ​ផ្ទះ ចំនួន​៨​ខ្នង​ទៀត​របស់​ពួក គាត់។ ថែមទាំង​បាន​យក គ្រឿងចក្រ​ឈូសឆាយ​ដំណាំ រួមមាន ស្រូវ សណ្តែក ចេក ជាច្រើន​ហិក​តា។ មិន​ថែម​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​នេះ​បាន​ប្រើ​គ្រឿងចក្រ​កាយ​ដី​ធ្វើជា​ប្រឡាយ នៅមុខ​លំនៅដ្ឋាន​ពួកគាត់ និង​កាយ​ផ្តួល​រំលំ​ដើមឈើ​បិទផ្លូវ​មិនឲ្យ​ពួកគាត់​ធ្វើដំណើរ​ទៅ​លំនៅដ្ឋាន​បាន។ ទោះបីជា​ប្រជាពលរដ្ឋ ជា​ម្ចាស់ផ្ទះ​កំពុងតែ​ស្ថិតនៅ​ក្នុងផ្ទះ និង​ធ្វើ​ការ​តវ៉ា​យ៉ាងណាក៏ដោយ។

លោក ភុំ ជឹ​ណ្ណា​រា ដំណាង​ឲ្យ​ក្រុមហ៊ុន លី អ៊ុត​នី អ៊ី​ម​ផត​អ៊ិ​ច​ផត បាន​បដិសេធ​ទៅ​និង​ការ​ចោទប្រកាន់ថា ក្រុមហ៊ុន ដុត​បំផ្លាញ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ គឺ​ខាង​ក្រុម ហ៊ុន​គ្រាន់តែ​រុះរើ​សំណង់​ទាំងនោះ​ទៅតាម​អ្វី​ដែល​ពួកគាត់​មិន​គោរព​តាម​សន្យា​ថា ក្រោយ​ចូលឆ្នាំ​រួច​រុះរើ​ដោយ​ខ្លួនឯង។ ការដែល​ក្រុមហ៊ុន​ហ៊ាន​ធ្វើ​បែបនេះ​ គឺ​សំអាង​ទៅលើ ស​.​ជ​.​ណ លេខ​១៥៥៣ របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​២៤ ធ្នូ ២០១២ និង​សេចក្តីជូនដំណឹង​របស់​សាលា ខេត្ត​បន្ទាយមានជ័យ លេខ​២១៧ ចុះ​ថ្ងៃទី​១១ មិថុនា ២០១៤ និង​ទៅតាម​ដីការ​រក្សា​ការពារ​របស់​សាលាដំបូង​ខេត្ត បន្ទាយមាន ជ័យ។
ជាមួយ​ការ​អះអាង​នេះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ទាំង​៩​គ្រួសារ បាន​ចោទប្រកាន់​ទៅលើ​ក្រុមហ៊ុន​ថា ពុំ​មាន​ដីកាឲ្យ​រុះរើ​ផង​ស្រាប់តែ​យក​កំលាំង​សមត្ថកិច្ច​មក​ការពារ សកម្មភាព​ដុតបំផ្លាញ និង​រុះរើ​លំនៅដ្ឋាន​ពួកគាត់ ធ្វើអោយ​ពួកគាត់​គ្មាន​ទី​ជំរក និង​សុំ​អ្នកជិតខាង​ជ្រក​ភ្លៀង​បន្ទាប់ពី​រុះរើ​រួច៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684