ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹក​ដី​កង់​ដប់​បុក​ម៉ូតូ​សង់​ កិន​ស្លាប់​ម្ចាស់​នៅមុខ​អូ​តែ​ល​សម្បត្តិ​មាន​ហេង

ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​អី​សុ​៊យ​សុ​៊យ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A5863 បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ការដ្ឋាន​មុខ​អូតែល​សម្បត្តិ​មាន​ហេង​ ក្នុង​បំណង​ឆ្លងផ្លូវ ​ក៏បាន​បុក​​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​ចូល​ទៅ​ក្នុង​អូ​តែ​ល”​សម្បត្តិ​មាន​ហេង” បន្សល់​ទុក​រថយន្ត ​ហើយ​តៃកុង​រត់​គេចខ្លួន។​

ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​ឈ្មោះ ​អ៊ូ លាង​ហេង ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មុខរបរ​កាត់​ត​រូបភាព​នៅ​អូឡាំពិក មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​ត្នោត ភូមិ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​ ទីតាំង​កើតហេតុ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​មុខ​ភោជនីយដ្ឋាន និង​អូ​តែ​ល​សម្បត្តិ​មាន​ហេង ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ម៉ាក​សង់​ពណ៌​ខ្មៅ​០១០​ពាក់​ស្លាក​លេខ កណ្ដាល1L-0243និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​សង់​ដូច​គ្នា​មិន​ចាំ​ស្លាក​លេខ​ ដោយ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ក្នុង​ទិសដៅ​ពី​ច្បារអំពៅ​ទៅ​កៀនស្វាយ ដើម្បី​ទៅ​លំនៅដ្ឋាន លុះ​ធ្វើដំណើរ​មកដល់​ន​មុខ​អូ​តែ​ល​និង​ភោជនីយដ្ឋាន​​សម្បត្តិ​មាន​ហេង ​ក៏​ស្រាប់​តែ​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ឆ្លងផ្លូវ​ពី​ជើង​មក​ត្បូង មក​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពី​ចំហៀង​រួច​កិន​ពីលើ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ។ ដោយឡែក​រថយន្ត​បង្ក​បាន​បើក​ចូល​ទៅ​ទីតាំង​អូ​តែ​ល​និង​ភោជនីយដ្ឋាន​សម្បត្តិ​មាន​ហេង​ រួច​តៃកុង​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់។

ប៉ូលិស​និយាយ​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ដី​​ឆ្លងផ្លូវ​មក​បុក​ម៉ូតូ​ជនរងគ្រោះ​ពី​ចំហៀង​ ខណៈ​ពេល​ដែល​ជនរងគ្រោះ​បើកបរ​ប្រកាន់​ស្តាំ​របស់​ខ្លួន។
បច្ចុប្បន្ន​នគរបាល​ចរាចរ​ក្រុងភ្នំពេញ​បាន​នាំ​យក​រថយន្ត​បង្ក​ទៅ​ការិយាល័យ​ដើម្បី​ដោះ​ស្រាយ​ទៅតាម​ផ្លូវច្បាប់ ដោយឡែក​សាកសព​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684