ព័ត៍មានទាន់​ហេតុការណ៏
Search

សុខ វិស័យ​ សុំ​សាក​កណ្ដាប់ដៃ​ជាមួយ​គង់​សំបូរ​នៅ​SEA-TV រីឯ​យ៉​ន វិចិត្រ ជួប ផៃ គឹម​ហឿ​ត​

ប្រដាល់ ៖ សុខ វិស័យ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង បាន​សុំ​ជួប​ប្រកួត​ជាមួយ​ គង់ សំបូរ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នា​យប់​ថ្ងៃអាទិត្យ ទី​១០ ខែ​ឧសភា​ ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​SEA-TV​ក្នុង​កម្មវិធី​ប្រដាល់​Black Cat។

ជា​ការ​ឡើង​ប្រកួត​លើក​ទី​៣​របស់​វិស័យ​ហើយ បន្ទាប់ពី​គេ​បាន​វិលត្រឡប់​មកកាន់​សង្វៀន​វិញ​នេះ។ សុខ វិស័យ មិន​ធ្លាប់​ដែល​ជួប​គង់ សំបូរ ទេ​កន្លងមក។ វិស័យ គេ​បាន​សាក​ជាមួយ​ជើង​ខ្លាំង​ពីរ​នាក់​ហើយ គឺ​វ៉ែន សុ​ភ័​ក្រ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង ចាន់ រក្សា ក្លិប​អេ​ភូ​ថង​កីឡា ហើយ​ឈ្នះ​ដោយ​ពិន្ទុ​ទាំង​ពីរ​លើក។ ប៉ុន្តែ​ការ​សាក​ជាមួយ​គង់ សំបូរ ដែល​ជា​ជើង​ខ្លាំង​ជាង​ពីរ​នាក់​ខាងលើ​ទៀត​នោះ មិន​ដឹង​ថា​វិស័យ​អាច​យកឈ្នះ​បាន​ដែរ​ឬ​អត់​នោះ​ទេ?

គង់ សំបូរ គេ​មាន​ស្នៀត​ប្រដាល់​ល្អ កាយសម្បទា​រឹងមាំ និង​មាន​កលល្បិច​ក្នុង​ការ​ប្រកួត។ នៅ​ក្នុង​ពេល​ឡើង​ប្រកួត​ម្តងៗ សំបូរ​វាយ​មិន​ដក​ដៃ​ទេ ឈ្នះ​ឬ​ចាញ់​គេ​មិន​គិត​ទេ ធ្វើ​យ៉ាង​គឺ​ផ្ដួល​ដៃគូ​ប្រកួត​ឲ្យ​ខាង​តែ​បាន។ តែ​ការប្រកួត​ចុងក្រោយ សំបូរ​វាយ​ចាញ់ អ្នក​ប្រដាល់​ថៃ​PIA ដោយ​ពិន្ទុ។​

សុខ វិស័យ ក៏​មិនធម្មតា​ដែរ​ទេ ទោះជា​គេ​ដកខ្លួន​ពី​ស​ង្វៀន​ប្រមាណ​ពីរ​ឆ្នាំ​ក៏ដោយ ក៏​ការ​ប្រកួត​របស់​គេ​នៅតែ​ល្អ​ និង​ខ្លាំង​ជាង​មុន​ដែរ។ អ្នក​ប្រដាល់​រូបនេះ មាន​ស្នៀត​ទាត់​ និង​ស្នៀត​កណ្ដាប់ដៃ​ល្អ។ ថ្វីត្បិតតែ​នៅ​ក្មេង វិស័យ​មាន​តិចនិក​ប្រកួត​មិន​ចាញ់​អ្នក​ប្រដាល់​ជើងចាស់​ប៉ុន្មាន​ទេ ។ ប៉ុន្តែ​ពេលនេះ គេ​ជួប​ជាមួយ​គង់ សំបូរ ដែល​ជា​អ្នក​ប្រដាល់​វ័យក្មេង​និង​ខ្លាំង​ដែរ​នោះ មិន​ដឹង​ថា​យ៉ាងណា​នោះ​ទេ។
ទោះជា​យ៉ាងណា រវាង​គង់​សំបូរ និង សុខ វិស័យ នេះ គឺ​មាន​លទ្ធភាព​អាច​យកឈ្នះ​គ្នា​បាន​ដូចគ្នា ដូច្នេះ​ចាំ​មើល​តើន​រណា​ជា​អ្នក​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​ជួបគ្នា​នេះ?
យ៉​ន វិចិត្រ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​នឹង​ជួប​ប្រកួត​ជាមួយ ផៃ គឹម​ហឿ​ត អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ។ ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​ពី​មុន​មក។
វិចិត្រ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ និង​ឡើង​ប្រកួត​បាន​តិច​លើក​ណាស់។ ប៉ុន្តែ​លទ្ធផល​របស់​គេ គឺ​មាន​ឈ្នះ មាន​ចាញ់។ ការប្រកួត​ចុងក្រោយ​នេះ យ៉​ន វិចិត្រ​វាយ​ឈ្នះ​ខាត់ វិឆ័យ អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម ក្នុង​ទឹក​ទី​៣។

ជួប​ប្រកួត​ជាមួយ​ផៃ គឹម​ហឿ​ត ដែល​ជា​អ្នក​ប្រដាល់​ជើងចាស់​ស្គាល់​រេញ​តាំងយូ​រហើយ​នោះ យ៉​ន វិចិត្រ​ហាក់ដូចជា​ពុំ​សង្ឃឹម​ឈ្នះ​ឡើយ។ ការប្រកួត​ចុងក្រោយ​របស់​គឹម​ហឿ​ត គឺ​វាយ​ស្មើ​ជាមួយ​សេក គឹម​ផៃ ក្លិប​រត្ន​ន៍​សែន​ជ័យ។ ចាំ​មើល រវាង​ផៃ គឹម​ហឿ​ត​ និង​យ៉​ន វិចិត្រ​នេះ តើ​អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​នោះ?
លី តឿន អ្នក​ប្រដាល់​ក្លិប​មិត្ត​ប៉ូលិស នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​លាភ សំណាង អ្នក​ប្រដាល់​ក្លិប​ពន្លឺ​ណេ​អុង។ ពួកគេ​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ជួបគ្នា​ឡើយ​ពីមុនមក។​

លាភ សំណាង ជា​អ្នក​ប្រដាល់​ចាស់វស្សា និង​ជា​ជើង​ខ្លាំង​មួយរូប តែ​គេ​បាន​បាត់​មុខ​ពី​ស​ង្វៀន​ច្រើន​ឆ្នាំ​មក​ហើយ បន្ទាប់ពី​គេ​បាន​វាយ​ចាញ់​ចាន់ ស៊ី​ណាត ក្លិប​និរោធ​មានជ័យ​តាំងពី​ឆ្នាំ​២០១៣​មក​នោះ។ ដោយសារ​គេ​ខាន​ប្រកួត​យូរ​បែបនេះ ទើប​ធ្លាក់​មក​ប្រកួត​ជាមួយ​ជើង​មិនសូវ​ល្បី​ដូច​លី តឿន​នេះ។​
ជា​មួយ​នឹង​ស្នៀត​អន់​ហើយ លី តឿន​នៅ​មាន​ចិត្ត​ប្រដាល់​តូច​ថែមទៀត។ តែ​យ៉ាងណា មិន​ទាន់​អាច​ទាយ​មុន​ថា​គេ​ចាញ់​នោះ​ទេ ព្រោះថា​លាភ សំណាង គេ​ខាន​ប្រកួត​យូរហើយ ពុំ​ដឹង​ថា​គេ​នៅ​វាយ​ល្អ​ឬក៏​អន់​នោះ​ឡើយ?

ពុទ្ធ អា​រុណ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ ឡូញ វ៉ាន់​នី ក្លិប​ពន្លឺ​វិបុល​រិទ្ធី ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ខណៈ​ដែល​ស៊ីវ មុយ ក្លិប​តា​ព្រហ្ម​មានជ័យ​ជួប​ប្រកួត​ជាមួយ​ថៃ ប៊ុនលី ក្លិប​នាគរាជ​គុន​ខ្មែរ ក្នុង​ទម្ងន់​៥៧​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684