ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជន​សង្ស័យ​២​នាក់​ នៅ​ពេល​លួច​ម៉ូតូ​គេ​បាន​ហើយ​បណ្ដើរ​ទៅ​រក​ជាង​ឲ្យ​ជួសជុល​​

ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​២​នាក់​ដែល​ធ្វើ​សកម្មភាព​លួច​កាច់​សោ.ក​ម៉ូតូ​គេ​ ត្រូវ​បាន​កម្លាំង​ប្រជា​ការ​ពារ​ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ ស្ថិត​ខាងក្រោយ​ផ្សារ​រាត្រី ​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​២​នាក់​ទី​១​-ឈ្មោះ​ សួន វិត ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​និង​ទី​២-​ជា​មនុស្ស​.គ ​ពុំ​មាន​មុខរបរ​ និង​ទីលំនៅ​ពិតប្រាកដ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ហួរ ដាលីន ភេទ​ស្រី​ អាយុ​២០​ឆ្នាំ ​មុខរបរ​បុគ្គលិក​អង្គការ​ ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វា ​ខណ្ឌ​ជ្រោយចង្វា។

ជនរងគ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​រូប​នាង​ រួម​ជា​មួយ​មិត្តភក្ដិ​២​នាក់​ទៀត​បាន​នាំ​គ្នា​ផ្ញើ​ម៉ូតូ​ដើម្បី​ចូល​ទៅ​ក្នុង​ផ្សារ​រាត្រី​ ហើយ​នៅ​ពេល​ចេញ​មក​ពី​ផ្សា​វិ​ញ​ក៏​រក​ម៉ូតូ​នៅ​កន្លែង​ផ្ញើ​មិនឃើញ ក៏​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​នាំគ្នា​ឆោឡោ​ឡើង។
ជនរងគ្រោះ​បន្ត​ថា ភ្លាមៗ​នោះ ​ប្រជា​ការពារ​ខណ្ឌដូនពេញ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ និង​ចែក​មុខ​សញ្ញា​គ្នា​ស្វែង​រកមើល ពេលនោះ​បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​កន្លែង​ជាង​ម៉ូតូ​ដើម្បី​ជួសជុល​ឱ្យ​ឆេះ ឃើញ​ដូច្នេះ​ ប្រជា​ការពារ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​ប៉ុស្តិ៍​​នគរបាល​រដ្ឋបាល​សង្កាត់​វត្តភ្នំ​ធ្វើការ​សួរនាំ​បន្ត។

ម៉ូតូ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​កាច់ក​នោះ គឺ​ម៉ាក​ស្កូ​ពី​មី​នី ប៉ុន្តែ​ត្រូវ​បាន​យក​មក​វិញ ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ។ បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684