ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​មិន​សុខ​ចិត្ត​នឹង​ការ​ឡើង​គីឡូ​ភ្លើង​ខុស​ប្រក្រតី​នៅ​ភូមិ​ផ្សារ​ព្រំ​

ប៉ៃលិន ៖ ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ នៅ​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​១០៥​គ្រួសារ​មានការ​កើត​ទុក​មិន​សុខចិត្ត បាន​ប្ដឹង​តវ៉ា​ដល់​អាជ្ញាធរ​ខេត្ត​ឲ្យ​រក​ដំណោះ ស្រាយ​ជូន​ពួកគាត់ អំពី​បញ្ហា​ភ្លើង​ឡើង​គីឡូ​ខុសពី​ធម្មតា​ក្នុង​ខែ​មីនា ឆ្នាំ​២០១៥​កន្លងទៅ។ ​ការ​ប្ដឹង​តវ៉ា​នេះ បាន​កើត​ឡើងជា​ច្រើនដង​រួច​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ពុំ​មាន​វិធានការ​ដោះស្រាយ​ឲ្យ​ពួកគាត់​នោះ​ទេ ទុក​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​មួយ​នេះ​ធ្វើតាម​អំពើ​ចិត្ត។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា​ កាលពី​ថ្ងៃទី​១២ ​ខែមេសា ​ឆ្នាំ​២០១៥​កន្លងទៅ​ថ្មីៗ​នេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​អនុញ្ញាត​ឲ្យ​តំណាង​មន្ទីរ​រ៉ែ​និង​ថាមពល តំណាង​ក្រុមហ៊ុន​ភ្លើង​អគ្គិសនី​ឯកជន​ផ្សារ​ព្រំ និង​តំណាង​ប្រជាពលរដ្ឋ​មក​ចូលរួម​ប្រជុំ​ដោះស្រាយ​ម្តង​រួច​មក​ហើយ ជា​លទ្ធផល តំណាង​ក្រុមហ៊ុន​ភ្លើង​អគ្គិសនី​បាន​ផ្អាក​មិន​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ភ្លើង​ឡើង​គីឡូ​ទាំងនោះ​បង់​សេវា​ប្រើប្រាស់​ក្នុង​ខែ​មីនា​នោះ​ទេ ចាំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ត្រួត​ពិនិត្យមើល​សិន។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា​ អាជ្ញាធរ​ខេត្ត​បាន​ជំរុញ​ឲ្យ​មន្ទីរ​រ៉ែ​និង​ថាមពល​ធ្វើ​លិខិត​ស្នើ សុំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចុះ​មក​ស្រាវជ្រាវ​រក​មូលហេតុ​អំពី​ការ​ឡើង​គីឡូ​ភ្លើង​នេះ។ តែ​ក្រោយពី​អាជ្ញាធរ​អគ្គិសនី​មក​ត្រួតពិនិត្យ គឺ​បាន​ធ្វើ​តែ​ផ្ទះ​មួយចំនួន​ប៉ុណ្ណោះ​ ដោយ​ឆ្លើយ​ថា កុងទ័រ​ភ្លើង​មិន​មាន​បញ្ហា​អ្វី​ទេ ព្រោះ​រដូវ​នេះ​ជា​រដូវ​ក្តៅ​បានជា​ឡើង​ខុសធម្មតា។ តែ​ប្រជាពលរដ្ឋ​មិន​ទទួលយក​នោះ​ទេ បើ​ខុស​ហេតុអ្វី​ខុស​តែ​ក្នុង​ខែ​មីនា​នោះ ចុះ​ខែ​មុនៗ​មិន​លើស​ដូច​ខែ​មិនា​នេះ។​

លោកស្រី ​ខិត សុ​ម៉ាលី តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ផ្សារ​ព្រំ​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​ពួកគាត់​បាន​ប្ដឹង​តវ៉ា​អំពី​ភ្លើង​នេះ គឺ​ដោយសារ​ការប្រើប្រាស់​ភ្លើង​ក្នុង​ខែ​មីនា​វា​ឡើង​គីឡូ​ច្រើន​ពេក វា​មិន​តុល្យភាព​ដូច​ខែ​មុនៗ​នោះ​ទេ។

លោកស្រី​បន្ត​ថា​ ជា​រៀងរាល់​ខែ​គ្រួសារ​គាត់​ប្រើ​អស់​ថវិកា​ចំនួន​៤,១០០​បាត​តែប៉ុណ្ណោះ តែ​ក្នុង​ខែ​មីនា ​ឆ្នាំ​២០១៥​ គឺ​កើន​ឡើង​ដល់​៩,៥០០​បាត។ ហើយ​គ្រួសារ​តូច​ជាងគេ​ប្រើ​អស់​២៣០​បាត តែ​បាន​កើនឡើង​៧៥០​បាត និង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​បាន​កើនឡើង​ទ្វេគុណ​ដល់​ទៅ​ជាង​១០០%​ឯណោះ។

លោកស្រី​បន្ថែម​ថា ក្នុងករណី​នេះ​ដែរ​ តំណាង​ក្រុមហ៊ុន​អគ្គិសនី​បាន​ឲ្យ​ដឹង​ថា បើ​បងប្អូន​ប្រជាពលរដ្ឋ​មិនបាន​បង់​សេវា​ភ្លើង​ជូន​ទេ​នោះ​ រយៈពេល​៥​ថ្ងៃ​ទៀត​នឹង​បិទ​ភ្លើង​មិន​ឲ្យ​ប្រើប្រាស់​ទៀត​ទេ។ ដូច្នេះ​ក្នុងនាម​ប្រជាពលរដ្ឋ​ទាំងអស់​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​ឲ្យ​ពួកគាត់​បាន​សមស្រប​ផង គឺ​ទី​១-ឲ្យ​ពួកគាត់​បង់​សេវា​ក្នុង​ខែ​មីនា​ដូច​ខែ​មុនៗ ទី​២​-សុំ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ធ្វើការ​បូកសរុប​កុងទ័រ​ភ្លើង​ឲ្យ​បាន​ច្បាស់លាស់ ទី​៣-សូម​កុំ​ឲ្យ​ក្រុមហ៊ុនអគ្គិសនី​ឯកជន​បិទ​ភ្លើង។

បើ​អាជ្ញាធរ​ខេត្ត​មិន​ទទួលយក​សំណូមពរ​ទាំង​៣​ចំណុច​នោះ​ទេ ពួកគាត់​នឹង​ធ្វើ​សំណើ​សុំ​ដល់​ការិយាល័យ​តំណាងរាស្ត្រ​ជួយ​ដោះស្រាយ​ថែមទៀត។

អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី​ប្រចាំ​ខេត្ត​ប៉ៃលិន​មិនអាច​សុំ​ការ​បញ្ជាក់​ពី​តំណាង​ក្រុមហ៊ុនអគ្គិសនី​ឯកជន​ភូមិ​ផ្សារ​ព្រំ​បានទេ ដោយ​ទូរស័ព្ទ​មិន​ចូល។
ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ ​លោក ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ដល់​អ្នក​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​៧ ខែឧសភា​នេះ​ថា កន្លងមក​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​ដោះស្រាយ​ជូន​ពួកគាត់​ជា​៣​ដំណាក់កាល រវាង​ក្រុមហ៊ុនអគ្គិសនី និង​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​៣៥​គ្រួសារ​ទទួល​ស្គាល់​មួយ​ចំនួន ​តែ​ប្រជាពលរដ្ឋ​ចំនួន​៤៧​គ្រួសារ​មិន​ទទួលស្គាល់​នោះ​ទេ ដោយ​ពួកគាត់​ចោទ​ប្រកាន់​ថា​ការ​ត្រួតពិនិត្យ​នេះ គឺ​មានការ​អាថ៌កំបាំង​ ក្នុង​នោះ​បាន​ឲ្យ​ពួកគាត់​មានការ​កើតទុក្ខ​មិន​សុខចិត្ត​ប្ដឹង​តវ៉ា​បន្ត​ទៀត​ដូច្នោះ។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា អាជ្ញាធរ​ខេត្ត​ពុំ​មាន​វិធានការ​ដោះស្រាយ​ឲ្យ​ពួកគាត់​បន្ត​ទៀត​ទេ តែ​នឹង​ជួយ​សម្របសម្រួល​បន្ថែម​ទៀត។
សូម​បញ្ជាក់​ថា ​ករណី​ខាង​លើ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទ​សួរ​ថា តើ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ទុក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ខ្លួន​គ្រប់គ្រង​រស់​ក្រោម​ការ​ជិះ​ជាន់​របស់​ឈ្មួញ​រកស៊ី​ឯកជន​មួយ​នេះ ឫ​ក៏​មាន​ការ​ឃុបឃិត​គ្នា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684