ព័ត៍មានទាន់​ហេតុការណ៏
Search

ពលករ​រាប់​រយ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​

បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០​នាក់​ដែរ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ឲ្យ​វិល​ត្រឡប់​មក​ស្រុកកំណើត​វិញ​ កាលពី​ថ្ងៃទី​៧ ខែឧសភា ២០១៥ ចាប់ពី​ម៉ោង​២និង៣៥​នាទី​រហូត​ដល់​ម៉ោង​៤និង៥៧​នាទី​ល្ងាច តាម​បណ្តា​ច្រករបៀង​មួយចំនួន​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ ខណ​:​ដែល​កងទ័ព​ថៃ​កំពុងធ្វើការ​ពង្រឹង​សន្តិសុខ​ផ្ទៃក្នុង​របស់​ខ្លួន​។

តាម​សេចក្តី​រាយការណ៍​ពី​ប្រភព ​ដែល​ស្ថិត​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ ក្នុងស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹង​ថា នៅ​តាម​ច្រករបៀង​មួយចំនួន​ដែល​ស្ថិត​នៅតាម​បណ្តោយ​ព្រំដែន​ថៃ​ដូច​ជា​ច្រករបៀង​៦៣ ហៅ​ច្រក​អង់​តែ​ន ត្រង់​ចណុច​ភូមិ​ពោធិ​ជ្រៃ ឃុំ​សិរី​មានជ័យ មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​កំពុង​សម្រុក​ចេញទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ត្រូវ​បាន​អាជ្ញាធរ​ថៃ​រារាំង និង​ចាប់​បញ្ជូន​ឲ្យ​វិល​ត្រឡប់​មក​ក្នុង​ទឹកដី​របស់​ខ្លួន​វិញ ក្នុង​នោះ​មាន​ស្រី មាន​ប្រុស ព្រមទាំង​កុមារ​ជាច្រើន​នាក់​ផង​ដែរ​ដែល​សរុប​មាន​ចំនួន​៣០៣​នាក់ ក្នុង​នោះ​កុមារ​ដែល​ជា​អនីតិជន​មាន​ចំនួន​៧៤​នាក់​។

ការ​ឆ្លងដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​របស់​ពលករ​ខ្មែរ គេ​សង្កេត​ឃើញថា មាន​សន្ទុះ​ខ្លាំងក្លា​ចាប់តាំងពី​ក្រោយ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​មក​ម្ល៉េះ ព្រោះ​នៅមុន​ថ្ងៃ​ចូល​ឆ្នាំ​ពួកគេ​ទាំងអស់គ្នា​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​គោល​បំណង​ជួបជុំ​ក្រុម​គ្រួសារ សាច់​ញាតិ និង​បងប្អូន​នៅ​ឯ​ស្រុក​កំណើត​។ លុះ​នៅ​ក្រោយ​ពេល​ចូលឆ្នាំ ទើប​ពួកគេ​នាំគ្នា​សម្រុក​វិល​ចូល​ទៅក្នុង​ទឹកដី​ថៃ​វិញ​ ដោយ​ក្នុង​នោះ​ខ្លះ​ក៏​មាន​ច្បាប់​ត្រឹមត្រូវ រីឯ​ខ្លះទៀត​គឺជា​ពលករ​ខុសច្បាប់​ផង​ដែរ ដូច្នេះហើយ​បានជា​ពួកគេ​នាំគ្នា​ចេញចូល​តាម​ច្រករបៀង​បែប​នេះ​ ដើម្បី​គេច​អំពី​ការរារាំង​របស់​ទាហាន​ថៃ និង​អាជ្ញាធរ​ដែនដី​របស់​ពួកគេ​។

បើ​តាម​ការ​អះអាង​ពី​ប្រភព​មួយ​នៅក្នុង​ប្រទេស​ថៃ​ បាន​ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៨​ឧសភា​នេះ​​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ​ បាន​ធ្វើ​ដំណើរ​ទៅកាន់​ច្រក​ក្លង​លឹក​(​អូរជ្រៅ​) ដូច្នេះ ហើយ​បានជា​ពួកគេ​ធ្វើការ​រឹត​បន្តឹង​ទៅលើ​សន្តិសុខ​ តាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​រក្សា​នូវ​សណ្តាប់ធ្នាប់​តាម​ខ្សែបន្ទាត់​។ ម្យ៉ាងវិញទៀត ភាគី​ថៃ​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​វិល​ត្រឡប់មកវិញ​ត្រូវធ្វើ​យ៉ាងណា​ គឺ​ការ​ចេញចូល​ត្រូវមាន​លិខិត​ស្របច្បាប់​របស់​គ្រប់រូប​។

បច្ចុប្បន្ន​ពលករ​ទាំង​អស់នោះ​កំពុង​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ​ ហើយ​ដោយ​មិន​មាន​ការ​វាយដំ ឬ​ទទួលរង​នូវ​អំពើ​ហិង្សា​ណាមួយ​ពី​សំណាក់​ទាហាន​​ថៃ​ឡើយ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684