ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​រងគ្រោះ​បាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ១១៦​គ្រួសារ បាន​ទទួល​អំណោយ​សង្គ្រោះ​បន្ទាន់

សៀមរាប ៖ លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក្នុងនាម​ជា​ប្រធាន គណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា​ខេត្តសៀមរាប និង​មាន​វត្តមាន​ប្រតិភូ​រួម​ដំណើរ​ជា​ច្រើនរូប​ទៀត បាន​នាំ​យក​អំណោយ​សង្គ្រោះ​បន្ទាន់​របស់​កាកបាទក្រហម​កម្ពុជា​(​សាខា​ខេត្តសៀម រាប​) ទៅ​ឧបត្ថម្ភ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​គ្រោះធម្មជាតិ​(​ខ្យល់​កន្ត្រាក់​) និង​រងគ្រោះ​ដោយ​អគ្គិភ័យ នៅ​លើ​បណ្តា​មូលដ្ឋាន​រងគ្រោះ​២​កន្លែង​ផ្សេង​ពី​គ្នា ក្នុង ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥។

លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម កម្ពុជា​(​ខេត្តសៀមរាប​)​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ១៨ ល្ងាច​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៥​កន្លងទៅ ឧបទ្ទវហេតុ​បង្ក​គ្រោះ​អន្តរាយ​ដោយ​ធម្មជាតិ​(​ខ្យល់ កន្ត្រាក់​) បាន​បោកបក់​មកលើ​ក្រុង​សៀមរាប ដែល​ក្នុងនោះ​រួមមាន​២​សង្កាត់ ដែល​ទទួលរង​ផលប៉ះពាល់។ សង្កាត់​សំបួរ​រងគ្រោះ​៤​ភូមិ រលំ​ផ្ទះ​២១​ខ្នង របើក​ដំបូល​ធ្ងន់ធ្ងរ ៤២​ខ្នង សរុប​៦៣​ខ្នង។ សង្កាត់​ស្វាយដង្គំ មានការ​ប៉ះពាល់​នៅ​ភូមិ​កន្ត្រក រលំ​ផ្ទះ​៣​ខ្នង របើក​ដំបូល​ធ្ងន់ធ្ងរ ៣​ខ្នង។ សរុប​ទាំង​២​សង្កាត់ ខ្យល់​កន្ត្រាក់ បាន​បង្ក​ផលប៉ះពាល់​លំនៅ​ដ្ឋាន​ប្រជាពលរដ្ឋ​៦៩​ខ្នង​ក្នុងនោះ​បាន​ធ្វើ​ឲ្យ​ផ្ទះ​រលំ​ចំនួន ២៤​ខ្នង របើក​ដំបូល​ធ្ងន់ធ្ងរ ៤៥​ខ្នង។

ដោយឡែក​នៅ​ស្នាក់ការ​អនុសាខា​កាកបាទក្រហម កម្ពុជា​(​ស្រុក​ប្រាសាទបាគង​) លោក​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានធ្វើ​សេចក្តីរាយការណ៍​ថា ឧបទ្ទវ​ហេតុ​ធម្មជាតិ​ខ្យល់កន្ត្រាក់ នៅ​ថ្ងៃទី​០២ ខែឧសភា​កន្លងទៅ បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ខូចខាត​ទ្រព្យសម្បត្តិ ផ្ទះសម្បែង​អ្នកស្រុក​អស់​ចំនួន ៤៧​ខ្នង ក្នុង​នេះ​មានផ្ទះ​រលំ ២២​ខ្នង ផ្ទះ​របើក​ដំបូល​ធ្ងន់ធ្ងរ ២៥​ខ្នង។ របាយការណ៍​បាន​បញ្ជាក់​ថា គ្រោះ​អន្តរាយ​ទាំងនេះ​កើត​នៅ​លើ​ឃុំ​ចំនួន​៤ ស្មើនឹង ១៣​ភូមិ។ ដោយឡែក​១​ករណី​ផ្សេងទៀត គឺ​គ្រោះ​អគ្គិភ័យ បាន​កើត​ឡើង​នៅ​ឃុំ​មានជ័យ បណ្តាល​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​រងគ្រោះ ចំនួន​៣​ខ្នង ត្រូវ​ភ្លើង​ឆាបឆេះ​គ្មាន​លស់ រួម​ទាំង​ទ្រព្យ​សម្បត្តិ​មួយចំនួន​ផងដែរ។

លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ចូលរួម​សម្តែង​នូវ​ការ​សោកស្តាយ ចំពោះ​ការខូចខាត បាត់បង់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ក្នុង​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ធម្មជាតិ និង​អគ្គិភ័យ​ខាងលើនេះ ។ លោក​បាន​បញ្ជាក់​ថា វា​ពិត​ណាស់​ថា អំណោយ​ទាំងនេះ វា​ពុំ​មែន​ជា​សំណង​នៃ​ការខូចខាត​នោះ​ឡើយ តែ​វា​ជា​អំណោយ​សង្គ្រោះ​បន្ទាន់ សម្រាប់​ដោះស្រាយ​គ្រា​លំបាក ជូន​បងប្អូន​ជនរងគ្រោះ។

លោក​មានប្រសាសន៍​ទៀតថា នៅក្នុង​ឧបទ្ទវហេតុ​ខាងលើ វា​ពុំបាន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស នោះទេ។ ក៏ប៉ុន្តែ​បើ​ទោះជា​យ៉ាងនេះ​ក្តី លោក​ឃឹម ប៊ុន​សុង បាន​ធ្វើការ​ផ្តាំផ្ញើ សូម​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន មើលថែ​កុមារ​តូចៗ​ឲ្យ​បាន​ល្អ នៅពេល​ដែល​មាន​បាតុភូតធម្មជាតិ​កើតឡើង​ម្តងៗ​នោះ​ ព្រោះថា នៅពេល​ដែល​មាន​ភ្លៀង​ធ្លាក់ វា​នឹង​អាច​មាន​ផ្គរ​រន្ទះ ឬក៏​ខ្យល់​កន្ត្រាក់ កើតឡើង​ជាយ​ថា​ហេតុ។

អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ (​ខេត្ត សៀមរាប​) ឧបត្ថម្ភ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ពេលនោះ រួមមាន​ចំនួន​១១​មុខ ដែល​ក្នុង​នោះ​មាន​ស្បៀងអាហារ សម្ភារៈប្រើប្រាស់​ក្នុង​គ្រួសារ និង សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ផ្ទះបាយ​ជាដើម ដោយឡែក​សម្រាប់​ប្រជា​រងគ្រោះ​រលំ​ផ្ទះ និង ឆេះ​ផ្ទះ បន្ថែម​ដោយ​សំពត់​កៅស៊ូ​តង់ ១​ផ្ទាំង។

លោក​ឃឹម ប៊ុន​សុង និង​លោកស្រី ជាមួយ​ឱកាស​នោះ បាន​បន្ថែម​នូវ​ថវិកា​ផ្ទាល់ខ្លួន សរុប ៧​លាន ៧​សែន​រៀល ក្នុង​នោះ​គ្រួសារ​រលំ​ផ្ទះ និង​ភ្លើង​ឆេះ​ផ្ទះ សរុប ៤៩​គ្រួសារ ទទួល​បាន​ក្នុង​១​គ្រួសារ ១០​ម៉ឺន​រៀល គ្រួសារ​របើក​ដំបូលផ្ទះ​ធ្ងន់ធ្ងរ​សរុប​ចំនួន​៧០​គ្រួសារ ក្នុង​១​គ្រួសារ ទទួល​បាន ៤​ម៉ឺន​រៀល ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684