ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​ជម្រាប​ជូន​ក្រុមប្រឹក្សា​ធុរកិច្ច​អាម៉េរិក​-​អាស៊ាន​ថា បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ល្អ​ប្រសើរ​

ភ្នំពេញ ៖ បរិយាកាស​វិនិយោគ​ដ៏​ល្អ​ប្រសើរ រួម​ជា​មួយ​សក្ដានុពល​ជាច្រើន​របស់​កម្ពុជា​ត្រូវ​បាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជម្រាប​ជូន​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាម៉េរិក​-​អាស៊ាន​នៅក្នុង​ជំនួប​កាលពី​រសៀល​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៥​នៅ​វិមាន​សន្តិភាព។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្រោយ​ជំនួប​នោះ​ថា ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ដឹកនាំ​ដោយ​លោកជំទាវ Kathleen T.Santillo ដែល​មក​ជួប​សម្ដេច​តេ​ជោ​នៅ​ពេល​នេះ មាន​ក្រុមហ៊ុន​ជាច្រើន ហើយ​នៅក្នុង​ជំនួប​នេះ​សម្ដេច​បាន​រម្លឹក​ថា សម្ដេច​តែងតែ​ឆ្លៀតពេល​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​នេះ​ជា​រៀងរាល់​ឆ្នាំ ដោយ​ឆ្នាំ​ទៅ​បាន​ជួប​ម្តង​រួច​មក​ហើយៗ សម្ដេច​តែងតែ​ផ្តល់​ជា​អាទិភាព​ក្នុង​ការ​ជួប​ជាមួយ​ប្រតិភូ​នេះ លើកលែងតែ​ក្នុង​ឆ្នាំ​២០១៣​ដែល​មាន​ការងារ​មមាញឹក​ដែល​មិនបាន​ជួប។

សម្ដេច​តេ​ជោ​ បាន​បង្ហាញ​អំពី​បរិយាកាស​ដែល​កាន់តែ​អនុគ្រោះ​សម្រាប់​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ពី​ក្រៅប្រទេស ដោយ​កម្ពុជា​បាន​ចេញ​ផ្សាយ​នូវ​គោលនយោបាយ​ឧស្សាហកម្ម​ថ្មី គឺ​ការ​បង្កើន​ឧស្សាហកម្ម​បង្កើន​តម្លៃបន្ថែម។

សម្ដេច​តេ​ជោ​មានប្រសាសន៍​បន្ត​ថា កម្ពុជា​ ជា​ប្រទេស​កសិកម្ម​ ដូច្នេះ​កម្ពុជា​មិនបាន​បោះ​បង់​ចោល​ការងារ​កសិកម្ម​នេះ​ទេ ប៉ុន្តែ​បាន​ប្រែក្លាយ​ឱ្យទៅ​ជា​ការងារ​ឧស្សាហកម្ម​មួយ ហើយ​មុននឹង​ធ្វើការ​នាំចេញ​ត្រូវ​ឱ្យ​មានការ​កែច្នៃ​ដើម្បី​បង្កើន​តម្លៃបន្ថែម។ ឥឡូវនេះ នយោបាយ​កសិកម្ម​គឺ​បន្ត​ជំរុញ​ឱ្យ​ទៅ​ជា​ឧស្សាហកម្ម​ជឿនលឿន​ រួម​ទាំង​សេវាកម្ម​ថែមទៀត។

សម្ដេច​បាន​លើកឡើង​ដែរ​ថា សព្វថ្ងៃ​នេះ​សេដ្ឋកិច្ច​កម្ពុជា គឺ​កំពុង​ជំរុញ​ទៅលើ​ការនាំចេញ​ផលិតផល​មួយចំនួន​ដូចជា​ការនាំចេញ​អង្ករ ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​ជាដើម ហើយ​គោលនយោបាយ​របស់​កម្ពុជា គឺ​ចង់​ឱ្យ​មាន​ការ​បង្កើន​ឧស្សាហកម្ម ដែល​មាន​ចរិត​ជា​សកល និង​ចង់បាន​ការ​វិនិយោគ​បន្ថែម​ទៀត។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា សក្ដានុពល​របស់​កម្ពុជា​គឺ​មាន​ពលកម្ម​ដែល​មាន​វ័យក្មេង​ច្រើន ក៏​ប៉ុន្តែ​ខ្វះ​ជំនាញ ដូច្នេះ​កម្ពុជា​ក៏​កំពុង​ខិតខំ​បណ្តុះបណ្តាល​ពួកគេ​ឱ្យ​មាន​ជំនាញ ដែល​ទាំងនេះ​ក៏​ជា​កត្តា​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យមក​នៅ​កម្ពុជា​ផង​ដែរ។

សម្ដេច​តេ​ជោ​បាន​ជម្រាប​ថា កម្ពុជា​បាន​និង​កំពុង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ដែល​កំពុង​សាងសង់ ហើយ​ឥឡូវនេះ​មាន​ផ្លូវថ្នល់​ល្អៗ​ជាច្រើន​ រួម​ទាំង​ផ្លូវ​រថភ្លើង​ផង​ដែរ ហើយ​អំពី​បញ្ហា​អគ្គិសនី​ក៏​មាន​តម្លៃ​កាន់តែ​ទាប​ទៅៗ ដោយសារ​ទន្ទឹម​នឹង​វារីអគ្គិសនី កម្ពុជា​ក៏​នៅ​មាន​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ ដែល​ទាំង​អស់​នេះ​វា​បាន​លើកទឹកចិត្ត​សម្រាប់​អ្នក​វិនិយោគ។

ក្រៅ​ពី​នេះ​ កម្ពុជា​ក៏បាន​កែសម្រួល​បរិយាកាស​សម្រាប់​អ្នក​វិនិយោគ ដែល​ក្នុង​នោះ​គឺ​មាន​ការ​ចុះ​បញ្ជីពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​ត្រូវ​អនុវត្តន៍​នៅ​ចុង​ឆ្នាំនេះ ដោយ​សម្ដេច​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជំរុញ​ការ​អនុវត្ត​តាម​ប្រព័ន្ធ​នេះ ដែល​នេះ​ក៏​ជា​ការ​លើកទឹកចិត្ត​ដើម្បី​ឱ្យ​អ្នក​វិនិយោគ​មាន​ទំនុកចិត្ត ប្រកបដោយ​ភាព​ងាយ ស្រួល ព្រមទាំង​មានការ​កាត់ចោល​ស្ថាប័ន​ខ្លះ ដើម្បី​កុំឱ្យ​មាន​ការិយាល័យ​អធិបតេយ្យ។

លោក ស្រ៊ី ថាមរុង្គ បាន​ឱ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ការ​បង្ហាញ​ពី​ការ​អបអរសាទរ​ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​ទទួល​បាន​ក្នុង​រង្វង់​ជាង​៧%​ជា​រៀងរាល់​ឆ្នាំ​នោះ មតិ​ទូទៅ​របស់​បណ្ដា​ក្រុមហ៊ុន​ទាំងអស់​សុទ្ធតែ​បាន​សម្ដែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ ដែល​រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ ​ថ្វី​ត្បិត​ក្នុងចំណោម​ក្រុម​ហ៊ុន​ទាំង​នេះ​មាន​ក្រុមហ៊ុន​ខ្លះ​ទើប​មក​វិនិយោគ​ដំបូង ប៉ុន្តែ​ពួកគេ​រីករាយ​ដោយ​បាន​ឃើញ​មានការ​រាក់ទាក់ និង​បាន​មើលឃើញ​ពី​ការ​រីកចម្រើន​របស់​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684