ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-05-08-full-J

បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ ករណី​រក្សាទុក​នូវ​សារធាតុ​ញៀន​

ភ្នំពេញ ​៖​ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​ដឹក​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។

ជនសង្ស័យ​ទាំង​២​នាក់​នោះ​មាន ទី​១​-ឈ្មោះ គឹម ណុ​ច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ វី ចិ​ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៩​និង​៤៥​នាទី​យប់ ​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​សាលា​ខណ្ឌដង្កោ ផ្លូវ​លេខ​២១៧ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៥ កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​ចំណុច​មុខ​សាលា​ខណ្ឌដង្កោ ផ្លូវ​លេខ​២១៧ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ លុះ​ដល់​វេលា​ម៉ោង​១៩​និង​៤៥​នាទី ស្រាប់​តែ​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​គុប​ជ្រុង​សេ​៧០ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 1N-4923 ជិះ​ឌុប​គ្នា​២​នាក់ សមត្ថកិច្ច​ហៅ​ឲ្យ​ឈប់​ត្រួតពិនិត្យ និង​ឆែកឆេរ​ដើម្បី​រកមើល​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស។

ពេលនោះ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​គ្នា​២​នាក់ គឺ​ឈ្មោះ វី ចិ​ត្រា ហៅ វ៉ាន់ បាន​យក​ថ្នាំ​ក្រាម​ពណ៌ស​ថ្លា​ចំនួន​០១​កញ្ចប់​នៅក្នុង​ហោប៉ៅ​ខោ​ចំហៀង​ខាងស្តាំ​ទម្លាក់​ចោល​ទៅលើ​ផ្លូវ​បេតុង ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ក្រឡេក​ភ្នែក​ឃើញ​ទាន់ ទើប​ឃាត់​ទាំង​មនុស្ស និង​វត្ថុតាង នាំ​យក​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ធ្វើការ​សាកសួរ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយពី​ធ្វើការ​សួរនាំ ជន​សង្ស័យ​ទាំង​២​នាក់​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ថ្នាំញៀន​០១​កញ្ចប់​នេះ គឺ​ពួកគេ​បាន​ទិញ​គេ​នៅ​ម្តុំ​ចាក់​សំរាម​ចាស់ ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុង​តម្លៃ​៥​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ជក់​នៅ​ស្រុកកំណើត ប៉ុន្តែ​មិនទាន់​ទាំង​បាន​ជក់​ផង ក៏​ត្រូវ​សមត្ថកិច្ច​ត្រួតពិនិត្យ​ឃើញ​ថ្នាំញៀន ហើយ​បាន​ឃាត់ខ្លួន​ពួកគេ​ទាំង​២​នាក់​តែម្តង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684