ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ទួរី​ស​១៥​កៅអី​ជួប​គ្រោះថ្នាក់​ក្រឡាប់​២-៣​ត្រឡប់​រង​របួស​ធ្ងន់​ និង​ស្រាល​៣០​នាក់​នៅ​ក្រុង​បាវិត(Update)​

ស្វាយរៀង ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស​ស្រី​៣០​នាក់​ដែល​ជា​កម្មករ​កម្មការិនី​រោងចក្រ​បាន​រង​របួស ​ខណៈ​ពេល​ជិះ​រថយន្ត​ទៅ​ធ្វើការ​នៅ​រោងចក្រ​មួយ​ក្នុង​ក្រុង​បាវិត ​រថយន្ត​បាន​វា​ជែង​គ្នា​ផ្ទុះ​កង់​ក្រោយ​ដាច់​កាលេ ​បណ្ដាល​ឲ្យ​រង​របួល​ធ្ងន់​ស្រាល​ជាង​៣០​នាក់។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី ​ថ្ងៃទី​៨​ ខែឧសភា​ ឆ្នាំ​២០១៥​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​នៅក្នុង​ភូមិ​ថ្មី សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង។​ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ដល់​រន្ធត់​នេះ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ទួរី​ស​១៥​កៅអី​មួយ​គ្រឿង​ ដឹក​កម្មករ​កម្មការិនី​ទៅ​ធ្វើការ​រោង​ចក្រ​នៅ​ក្រុង​បាវិត ​ដែល​បើកបរ​ពី​លិចទៅ​កើត​ ក្នុង​ល្បឿន​យ៉ាង​លឿន​ប្រជែង​គ្នា​នឹង​រថយន្ត​មួយ​ផ្សេង​ទៀត​ ខណៈ​ពេល​កំពុង​ប្រជែង​ ស្រាប់តែ​ដាច់​កាលេ​ផ្ទុះ​កង់​ក្រោយ​ខាងស្តាំ ​បណ្ដាល​ឲ្យ​រថយន្ត​រេ​ពេញ​ផ្លូវ​ និង​ក្រឡាប់​២៣​ត្រឡប់​ខ្ទាត​មនុស្ស​ចេញទៅ​លើ​ថ្នល់​ និង​ខ្លះ​ទៀត​នៅក្នុង​រថយន្ត​គួរ​ឲ្យ​រន្ធត់ ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​កើតហេតុ​ចេញ​មក​ចោមរោម​មើល​និង​រាយការណ៍​ទៅដល់​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍​សម្រួល​ចរាចរណ៍ និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទាំង​នោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ជី​ភូ និង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​រថយន្ត​ ក្រោយពេល​កើតហេតុ​បាន​រត់​គេចខ្លួន​បាត់​ស្រមោល ​ដោយ​ទុក​ជនរងគ្រោះ​នៅ​ពាសពេញ​លើ​ថ្នល់​គួរ​ឲ្យ​សង្វេគ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​បង្ក​នោះ​ជា​ប្រភេទ​រថយន្ត​ទួរី​ស​១៥​កៅអី ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្ដាល 2A 4037 ដែល​ដឹក​កម្មករ​កម្មការិនី​ជាង​៣០​នាក់។

ប្រភព​ពី​កម្មករ​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​កម្មករ​នេះ​ បាន​ដឹក​កម្មករ​ដូច​សព្វមួយដង​គឺ​ពី​៣០​នាក់​ទៅ​៣៧​នាក់​ ដឹក​ចេញពី​ភូមិ​ពោធិ​រាជ និង​ភូមិ​ព្រៃ​ដំឡូង ឃុំ​ពោធិ​រាជ ស្រុក​ស្វាយជ្រំ ទៅ​កាន់​រោងចក្រ​មួយ​នៅ​ក្រុង​បាវិត ដោយ​បាន​ចេញដំណើរ​នៅ​ម៉ោង​៦​និង​០០​នាទី​ព្រឹក ​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ​ស្រាប់តែ​ជួប​នឹង​គ្រោះថ្នាក់​ក្រឡាប់​តែម្តង។

ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ ​ខាង​អាជ្ញាធរ​ខេត្ត​ និង​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តស្វាយរៀង​បាន​ចុះ​សាកសួរ​សុខទុក្ខ​ និង​នាំ​យក​ថវិកា​ជួយ​ដល់​កម្មករ​កម្មការិនី​ដែល​រង​គ្រោះ​ដោយ​រថយន្ត​ក្រឡាប់​ទាំង​៣០​នាក់​ ដោយ​ក្នុង​ម្នាក់ៗ​ចំនួន​១០០.០០០​រៀល ​និង​អ្នក​ដែល​រង​របួស​ធ្ងន់​ចំនួន​៦​នាក់ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ចំនួន​២០០.០០០​រៀល។ ដោយឡែក​នៅ​រោងចក្រ ឈី​ង ខូក៏​មាន​កម្មករ​កម្មការិនី​ដួលសន្លប់​ដោយសារ​ទុស្សេ​ខ្សែភ្លើង​រត់​ជាន់គ្នា​ចំនួន​៦​នាក់​ ដែល​មក​សម្រាក​នៅ​មន្ទីរពេទ្យ ជី​ភូត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ និង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​​ឧបត្ថម្ភ​ក្នុង​ម្នាក់ៗ​ទទួល​បាន​១០០.០០០​រៀល​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684