ព័ត៍មានទាន់​ហេតុការណ៏
Search
6

ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ប្ដី​ប្រើ​អំពើ​ហិង្សា​ទៅលើ​ប្រពន្ធ​រហូតដល់​ស្លាប់

 

ប៉ៃលិន​ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​សង្កាត់​អូរ​តា​វ៉ៅ​​ឃាត់ខ្លួន ខណៈ​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅ​ប្រពន្ធ​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​មិន​យក​ទៅ​ព្យាបាល​ទុក​រហូតដល់​ស្លាប់​បាត់បង់​ជីវិត​កាលពី​ព្រឹក​ ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ នេះ​។ ហេតុការណ៍​ចុះ​ឃាត់ខ្លួន​បុរស​ជា​ប្ដី​ប្រើ​អំពើ​ហិង្សា​ទៅលើ​ប្រពន្ធ​ រហូតដល់​ស្លាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​​ព្រឹក ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ ស្ថិត​ក្នុងផ្ទះ​ជន​រង​គ្រោះ ភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​ប្ដី​ ប្រើ​អំពើ​ហិង្សា​ឈ្មោះ សំ រួត ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ រង​របួស​ជាំ​ពេញ​ដងខ្លួន ឆ្អឹងជំនីរ ភ្លៅ ជាពិសេស​ចង្កេះ​ជាំ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ មានកូន​ចំនួន ៣​នាក់ ប្រុស​១នាក់ ដោយ​កូន​ទី​១-ឈ្មោះ វាសនា ហៅ​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​,​កូន​ទី​២-ឈ្មោះ ស្រី​នាង ភេទ​ស្រី អាយុ​១១​ឆ្នាំ និង​កូន​ទី​៣-​ឈ្មោះ ស្រី​នី ភេទ​ស្រី អាយុ​០៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អូរ​ខ្ទីង សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ចំណែក​ជន​ដៃដល់​ដែល​ជា​ប្ដី​ឈ្មោះ អ៊ុច សុខ​ហេង អាយុ​៤៨​ឆ្នាំ ជា​កសិករ ទីលំនៅ​បច្ចុប្បន្ន​ជាមួយ​ជនរងគ្រោះ​។

ប្រភព​ ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ថ្ងៃ​កើតហេតុ​ក្នុង​ថ្ងៃទី ២៣ ខែ​មីនា ឆ្នាំ​២០១៥ វេលា​ម៉ោង​១​រសៀល ជនសង្ស័យ​ជា​ប្ដី​បាន​ចេញពីផ្ទះ​ទៅ​ធ្វើ​ចម្ការ ដូច​សព្វ​មួយ​ដង រូបគេ​ដែល​ជា​ជនសង្ស័យ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​ប្រពន្ធ​ផឹកស្រា​ស្រវឹង ចំណែក​បាយ​នៅ​ឆៅ​ពេញ​ឆ្នាំង ធ្វើ​ឱ្យ​រូបគេ​ដែល​ជា​ប្ដី​ខឹង​យ៉ាង​ខ្លាំង ណាមួយ​អស់កម្លាំង​ផង ​ទើប​ស្ទុះ​ទៅ​ទះ​ជា​ច្រើន​ដៃ និង​ទាត់​ធាក់​ជាច្រើន​ជើង បណ្ដាល​ឱ្យ​ដួលសន្លប់​បាត់ស្មារតី​នៅក្នុង​ផ្ទះ​តែម្តង​។ ប្រភព​បន្ត​ទៀត​ថា​ ពេល​វ៉ៃ​ប្រពន្ធ​ឲ្យ​មាន​របួស​ហើយ រូបគេ​ជា​ប្ដី​មិន​រវីរវល់​និង​របួស​នេះ​ឡើយ ថែមទាំង​មិន​ឲ្យ​ប្រពន្ធ​ប្រាប់​អ្នកណា​ឲ្យ​ដឹង​ទៀត ដោយ​ទុក​ឲ្យ​ជំងឺ​ប្រពន្ធ​ចេះតែ​ធ្ងន់ធ្ងរ​ទៅៗ រហូតដល់​បាត់បង់​ជីវិត​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៥​នេះ​។​

លោក គង់ សំណាង នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​តា​វ៉ៅ​បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ ព្រឹក​ថ្ងៃទី​១ ខែមេសា​នេះ​ថា​ ស្ត្រី​រងគ្រោះ​ឈ្មោះ សំ រួត អាយុ​៤៧​ឆ្នាំ ចំណែក​ប្ដី​ដែល​ជា​ជន​ដៃដល់​ឈ្មោះ អ៊ុច សុខ​ហេង អាយុ​៤៨​ឆ្នាំ មានកូន​៣​នាក់ ប្រុស​១​នាក់ ស្រី​២​នាក់ មាន​ស្រុកកំណើត​នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​លលក​សរ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ លោក​បាន​បន្ត​ទៀត​ថា​ ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួចរាល់​ឃើញថា សព​ស្ត្រី​រងគ្រោះ​ខាងលើ​រង​របួស​ជាំ​ពេញ​ដងខ្លួន ឆ្អឹងជំនី ភ្លៅ ជាពិសេស​ចង្កេះ​ជាំ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ លុះ​សួរ​នាំទៅ​បុរស​ជា​ប្ដី​ប្រាប់​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​នាង​មែន​ទើប​ចាប់​ឃាត់ខ្លួន​តែម្តង​។​

នៅ​ ចំពោះមុខ​សមត្ថកិច្ច​ជន​ដៃដល់​ដែល​ជា​ប្ដី​បាន​សារភាព​ថា ខ្លួន​(​ជនសង្ស័យ​)​បាន​វាយ​ធ្វើ​បាប​ស្ត្រី​រងគ្រោះ​ដែល​ជា​ប្រពន្ធ​មែន ដោយ​ឃើញ​ប្រពន្ធ​ផឹកស្រា​ស្រវឹង ហើយ​ដាំបាយ​ឆៅ​ពេញ​ឆ្នាំង ធ្វើ​ឱ្យ​រូបគេ​ខឹង​យ៉ាង​ខ្លាំង ក្រោយពី​វាយ​ស្ត្រី​រងគ្រោះ​ហើយ ជនសង្ស័យ​មិនបាន​បញ្ជូន​ស្ត្រី​រងគ្រោះ​ដែល​ជា​ប្រពន្ធ​មកកាន់​មន្ទីរពេទ្យ​ បង្អែក​ខេត្ត​ដើម្បី​ព្យាបាល​នោះ​ទេ ថែមទាំង​ហាម​មិន​ឱ្យ​ប្រពន្ធ​និយាយ​ប្រាប់​អ្នកណា​ទាំងអស់ បើ​ពុំ​នោះ​ទេ​រូបគេ​នឹង​សម្លាប់ចោល​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​សង្កាត់​អូ​តា​វ៉ៅ​នាំមក​ សាកសួរ ព្រមទាំង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ​ដើម្បី​ចាត់ការ​បន្ត​៕

សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684