ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ដាក់​កម្លាំង​សម្រួល​ចរាចរណ៍​រៀងរាល់ថ្ងៃ​នៅមុខ​សាលា​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ដល់​សិស្ស​ និង​លោកគ្រូ​អ្នកគ្រូ​

កំពង់ឆ្នាំង ​៖​ ដើម្បី​បញ្ចៀស​ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ដល់​សិស្ស​ និង​លោកគ្រូ​អ្នកគ្រូ​ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​នៅក្នុង​ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច​នគរបាល​គ្រប់​ស្រុក​ និង​ក្រុង​កំពង់ឆ្នាំង​បាន​ដាក់​កម្លាំង​ជា​រៀងរាល់ថ្ងៃ សម្រួល​ចរាចរណ៍​ទាំង​ព្រឹក ថ្ងៃត្រង់​ និង​ល្ងាច​នៅមុខ​សាលារៀន ​ដែល​មាន​ទីតាំង​នៅ​តាមផ្លូវ​ជាតិ តាម​ផែនការ​លោក​អភិបាលខេត្ត​ជា​បញ្ជាការ​ឯកភាព​ខេត្ត និង​លោកស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង។

លោក​វរសេនីយ៍ទោ អៀរ ប៊ុនធឿន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​និយាយ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥​នេះ​ថា តាម​ផែនការ​របស់​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​ និង​ជា​បញ្ជាការ​ឯកភាព​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ជា​រៀងរាល់​ថ្ងៃ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ និង​សមត្ថកិច្ច​មូលដ្ឋាន​នៅ​តាម​ស្រុក/ក្រុង ​ដែល​មាន​សាលារៀន វិទ្យាល័យ និង​អនុវិទ្យាល័យ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ បាន​ចាត់តាំង​ដាក់​កម្លាំង​ពង្រាយ​នៅមុខ​សាលារៀន និង​វិទ្យាល័យ​ដើម្បី​សម្រួល​ចរាចរណ៍​ឲ្យ​សិស្ស​និង​លោកគ្រូ​អ្នកគ្រូ​ បាន​ធ្វើ​ដំណើរ​​ចេញ​ចូល​ពី​សាលារៀន​តាម​សម្រួល ក្នុង​គោលបំណង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍។

ក្រោយ​ពី​សមត្ថកិច្ច​ដាក់​កងកម្លាំង​សម្រួល​ចរាចរណ៍​តាម​ផែនការ​ថ្នាក់លើ​មក គ្រោះថ្នាក់​ចរាចរណ៍​ដែល​ធ្លាប់​កើតមាន​ប៉ះពាល់​ដល់​សិស្ស​នៅមុខ​សាលារៀន និង​វិទ្យាល័យ​កន្លងមក​ក្នុង​ពេល​សិស្ស​ចេញ និង​ចូលរៀន ​ត្រូវ​បាន​កាត់បន្ថយ​ជាច្រើន​ករណី​ហើយ។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា រយៈពេល​កន្លង​មក​នេះ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត ស្រុក និង​ក្រុង​ បាន​ចល័ត​កម្លាំង​ដាក់​ប៉ុស្តិ៍​ចល័ត​ចាប់​ល្បឿន​រថយន្ត​ស្ទើរតែ​រៀងរាល់ថ្ងៃ ដែល​ជា​លទ្ធផល​ក្នុង​ខែមេសា​កន្លងមក​ពិនិត្យ​ឃើញ​ថា ​មាន​រថយន្ត​ពី​១៥​ទៅ​២០% នៅតែ​បើកបរ​ហួស​ល្បឿន​កំណត់​ក្នុង​ទីប្រជុំជន ដែល​នៅក្នុង​ច្បាប់​ចរាចរណ៍​ចាស់​បាន​កំណត់​ឲ្យ​ផាកពិន័យ​ពី​៥.០០០​រៀល​ទៅដល់​២៥.០០០​រៀល និង​ត្រូវ​ដកហូត​ប័ណ្ណ​បើកបរ​ ដោយ​ច្បាប់​កំណត់​ថា អ្នក​បើកបរ​ក្នុង​ទី​ប្រជុំជន​មាន​ល្បឿន​៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង មានន័យថា​ បើកបរ​លើស​ល្បឿន​កំណត់​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ត្រូវ​ដកហូត​ប័ណ្ណ​បើកបរ។ ចំពោះ​ច្បាប់​ថ្មី​វិញ ​អាច​នឹង​ត្រូវ​ផាកពិន័យ​គុណ​និង​៥​ដង និង​នៅពេល​អនុក្រឹត្យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​ឲ្យ​អនុវត្ត​ក្នុង​ពេល​ខាងមុខនេះ​ចំពោះ​អ្នកបើកបរ​គ្មាន​ប័ណ្ណ​បើកបរ​ និង​ត្រូវ​មានទោស​ជាប់ពន្ធនាគារ​ថែម​ទៀត​ផង។​

សមត្ថកិច្ច​សូម​អំពាវនាវ​ផង​ដែរ​ដល់​អ្នក​បើកបរ​ទាំង​អស់ ​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន ទើប​អាច​ជៀសវាង​បាន​ពី​គ្រោះថ្នាក់​ចរាចរណ៍ ម្យ៉ាងទៀត​ក៏​ត្រូវ​តែ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ក្នុង​ពេល​បើកបរ​ផង​ដែ​រ ​ទើប​អាច​គេច​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​បាន។

ក្នុង​នោះ​ដែរ អ្នក​បើកបរ​រថយន្ត​ដឹក​ថ្ម ដឹក​ដី ខ្សាច់ ក៏​ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍ ដោយ​ត្រូវ​ដឹក​ថ្ម ដី ខ្សាច់ កុំ​ឲ្យ​ហួស​ទ្រុង​រថយន្ត និង​ត្រូវ​មាន​តង់​គ្រប​ពីលើ​ឲ្យ​ជិត កុំ​ឲ្យ​ថ្ម ដី និង​ខ្សាច់​ទាំងនោះ ធ្លាក់​មក​លើ​ផ្លូវ​កៅស៊ូ​ដែល​រលោង​ស្អាត ព្រោះថា​កន្លងមក​អ្នកបើកបរ​ដឹក ដី ថ្ម និង​ខ្សាច់​មួយចំនួន​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ផាកពិន័យ​ប្រាក់ និង​ពិន័យ​ឲ្យ​លាង​ថ្នល់​កៅស៊ូ​ឲ្យ​ស្អាត​ទើប​ប្រគល់​រថយន្ត​ឲ្យ​ធ្វើ​អាជីវកម្ម​វិញ។

តាម​ការ​កត់សម្គាល់​របស់​យើង នៅ​រៀងរាល់​សៅរ៍អាទិត្យ តែង​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ធំៗ​ជា​ញឹកញាប់ ដែល​ពេលខ្លះ ដោយសារតែ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង ស្រុក និង​ខេត្ត មិន​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ចាប់​ល្បឿន។ ករណីនេះ​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​សមត្ថកិច្ច​គួរតែ​ដាក់​កម្លាំង​ចាប់​ល្បឿន​រថយន្ត​ឲ្យ​បានជា​រៀងរាល់ថ្ងៃ​ផង ទើប​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ធំៗ​បាន៕ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684