ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​កម្មវិធី​ប្រកួត​កីឡា “​សិស្ស​មធ្យមសិក្សា”​ទូទាំង​ប្រទេស​

ការប្រកួត​កីឡា​សិស្ស​ក្របខ័ណ្ឌ​មធ្យមសិក្សា​ទូទាំង​ប្រទេស​សម្រាប់​ឆ្នាំ​២០១៤២០១៥ ដែល​រៀបចំ​ធ្វើ​នៅ​ទី​រួម​ខេត្តបាត់ដំបង​ ចាប់​តាំងពី​ថ្ងៃទី​៤​ ខែ​ឧសភា​មក​នោះ បាន​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ជា​ផ្លូវការ​ហើយ កាលពី​នៅ​រសៀល​ថ្ងៃទី​៧​ ខែ​ឧសភា ដោយមាន​ការចូលរួម​ពី​លោក​ ស៊ាន បូរ៉ា​ត​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក​ ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​មន្ត្រី​អ្នកមុខអ្នកការ​ខាង​កីឡា​ជា​ច្រើន​រូប​ទៀត។

តាម​របាយការណ៍​របស់​លោក ​ដួង មាស​ចំរើន ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ ​និង​កីឡា​សិស្ស​-​និស្សិត​បាន​ឲ្យ​ដឹង​ថា កីឡាករ​-​កីឡាការិនី​សរុប​មាន​ចំនួន​២.៧៤៥ ក្នុង​នោះ​កីឡាការិនី​ចំនួន​១.១០៧​នាក់។ ការប្រកួត​មាន​ប្រភេទ​កីឡាអត្តពលកម្ម បាល់ទាត់​បុរសនារី បាល់ទះ​បុរសនារី និង បាល់​បោះ​បុរសនារី។

ប្រភេទ​កីឡាអត្តពលកម្ម​មាន​វិញ្ញាសា​រត់​ល្បឿន​លើ​ផ្ទៃរាប​បុរស​-​នារី​១០០​ម៉ែត្រ លោត​កំពស់​បុរស​-​នារី លោត​ចម្ងាយ​បុរស​-​នារី​ ចោលដុំដែក​បុរស​-​នារី​ រត់​ចម្ងាយ​៥​គីឡូម៉ែត្រ​បុរស និង​៣ គីឡូ​ម៉ែត្រ​នារី ដើរ​ចម្ងាយ​៨​គីឡូម៉ែត្រ​បុរស និង​រត់​៤​គីឡូម៉ែត្រ​នារី។

ប្រភេទ​កីឡាបាល់បោះ​បាល់បោះ​បុរស​មាន​២២​ក្រុម​ ចែក​ជា​៧​ពូល ​ដែល​មួយ​ពូ​លៗ​មាន​៣ ក្រុម​មានតែ​មួយ​ពូ​ល​ប៉ុណ្ណោះ ​គឺ​ពូ​ល A មាន​៤​ក្រុម។ បាល់បោះ​នារី​មាន​២០​ក្រុម​ ចែក​ជា​៦​ពូ​ល​ដែល​មួយ​ពូ​លៗ​មាន​៣​ក្រុម ហើយ​មានតែ​ពូ​ល A និង B ដែល​មាន​៤​ក្រុម។ សរុប​ការប្រកួត​មាន​ចំនួន​៨០​ប្រកួត ហើយ​ប្រើប្រាស់​ទីលាន​ចំនួន​៤​ទីលាន។​

ប្រភេទ​កីឡាបាល់ទាត់​ គឺ​បាល់ទាត់​បុរស​មាន​២៤​ក្រុម ​ហើយ​ចែកចេញជា​៨​ពូ​ល ដោយ​មួយ​ពូ​លៗ​មាន​៣​ក្រុម។ ចំពោះ​បាល់បោះ​នារី​វិញ​បាន​២២​ក្រុម​ ចែក​ជា​៧​ពូ​ល ​ដោយ​មួយ​ពូ​លៗ​មាន​៣ ក្រុម​ គឺ​មាន​តែ​ពូ​ល​G​មួយ​តែ​ប៉ុណ្ណោះ ​ដែល​មាន​៤​ក្រុម។ សរុប​មាន​៨០​ប្រកួត ដោយ​ប្រើប្រាស់​ទីលាន​៤។

ប្រភេទ​កីឡាបាល់ទះ​បុរស​មាន​២៤​ក្រុម​ ចែក​ជា​៨​ពូ​ល ហើយ​មួយ​ពូ​លៗ​មាន​៣​ក្រុម និង បាល់​ទះ​នារី​មាន​២៣​ក្រុម ​ចែក​ជា​៨​ពូ​ល ​ដោយ​មួយ​ពូ​លៗ​មាន​៣​ក្រុម ​ហើយ​មានតែ​ពូ​ល​H​ប៉ុណ្ណោះ​ដែល​មាន​២​ក្រុម។ ការ​ប្រកួត​សរុប​មាន​៧៩​ប្រកួត ដោយ​ប្រើប្រាស់​ទីលាន​ចំនួន​៣​ទីលាន។

លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​អោយ​អាជ្ញាធរ​កីឡា​គ្រប់​លំដាប់​ថ្នាក់​បន្ត​គ្រប់គ្រង​សកម្មភាព​កីឡា និង​ធ្វើ​ទំនើបកម្ម​គ្រប់ពេលវេលា ដើម្បី​ដើរ​ឲ្យ​ទាន់​វិទ្យាសាស្ត្រ​កីឡា​កម្ពុជា​ដែល​កំពុងតែ​មានការ​រីកចម្រើន​ទាំង​នៅក្នុង​តំបន់ និង​ពិភពលោក។ ជា​មួយ​គ្នា​នេះ ត្រូវតែ​លើកទឹកចិត្ត និង​មាន​ផែនការ​ច្បាស់លាស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូចជា​សិស្សានុសិស្ស​ចូលរួម​លេង​កីឡា​នៅ​គ្រប់​កម្រិត ដោយ​ចាត់ទុក​វិស័យ​កីឡា​ជា​សេវា​បម្រើ​ឲ្យ​មនុស្សជាតិ ប៉ុន្តែ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​គោលការណ៍​យុត្តិធម៌ (Fair play) នៅក្នុង​ការ​លេង​កីឡា​នេះ។​

គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ទូទាំង​ប្រទេស​ឆ្នាំនេះ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ការប្រកួត​នេះ​ជាមួយនឹង​ក្រសួង​អប់រំ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684