ព័ត៍មានទាន់​ហេតុការណ៏
Search

ទីតាំង​បូម​ខ្សាច់​ផ្ដាច់មុខ​នៅក្នុង​ស្រុក​ស្ទោង​ សង្ស័យ​មានការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ស្រុក​ស្ទោង

​កំពង់ធំ ៖ ការដ្ឋាន​បូម​ខ្សាច់​ផ្ដាច់មុខ​មួយ​កន្លែង​បាន​​វាតទី​យក​ផ្ទៃដី​ជិត​១០​គីឡូម៉ែត្រ ដោយ​មិន​ឲ្យ​មាន​ការ​បូម​ខ្សាច់​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ចិញ្ចឹមជីវិត​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ថា អាជ្ញាធរ​ស្រុក និង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ធំ​មាន​ចេតនា​ផ្កាប់​ឆ្នាំងបាយ​អ្នក​ក្រីក្រ និង​ព្យាយាម​យកចិត្ត​នាយទុន​ដើម្បី​ផ្គាប់ផ្គុន​នូវ​លាភសក្ការៈ ដោយ​មិន​ខ្វល់​ពី​ការ​អត់បាយ និង​អត់​មុខរបរ​របស់​អ្នក​ក្រីក្រ​នោះ​ទេ។

ជាក់ស្តែង​​កាលពី​ថ្មីៗ​នេះ មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះទៅ​ហាមឃាត់​ប្រជាពលរដ្ឋ​បូម​ខ្សាច់​ជា​លក្ខណៈ​គ្រួសារ បាន​ព្រឹក​ខ្វះ​ល្ងាច​បែរជា​ទៅ​ហាមឃាត់ រារាំង​មិន​ឲ្យ​មានការ​បូម​ខ្សាច់​ដោយ​ផ្អាក​ជាបន្ទាន់ ដោយ​អះអាង​ថា ជាន់​លើ​ដី​កម្មសិទ្ធិ​របស់​ការដ្ឋាន​ដែល​គេ​មានច្បាប់​ចំណែក​ការដ្ឋាន​យក្ស​ចំនួន​២​កន្លែង​​ ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ងួន ណៃ​គី ភេទ​ស្រី និង​ប្រុស​ឈ្មោះ ជា វិសាល បាន​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បង្ក​ឲ្យ​បាក់​ច្រាំង​ជាច្រើន​កន្លែង ក៏​អាជ្ញាធរ​មិន​ចាប់អារម្មណ៍ និង​មានការ​ខ្វាយខ្វល់​ពី​ការទប់ស្កាត់​នោះ​ឡើយ មិនតែប៉ុណ្ណោះ​អ្នក​ទាំង​ពីរ​នាក់​បាន​អាងយ៉ាង​មិន​ឲ្យ​មាន​អ្នកណា​ចូល​បូម​ខ្សាច់​នៅ​តាម​បណ្តោយ​ស្ទឹង​នាង​ស​ល្ងាច រហូត​ដល់​ស្ពាន​គោល ដែល​មាន​ចម្ងាយ​១០​គីឡូម៉ែត្រ ចំណែក​អាជ្ញាប័ណ្ណ​របស់​ម្តាយ​និង​កូន​សរុប​តែ​២​គីឡូ​ដី​តែប៉ុណ្ណោះ។

តាម​ការ​បញ្ជាក់​ពី​លោក ផន សុជាតិ បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​បាន​​ទៅ​សុំ​ច្បាប់​ជាច្រើនលើក ច្រើនសា ​ដោយ​ជួប​ជាមួយ​លោក ណឹ​ប ចន្ថា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ពី​ការ​សុំច្បាប់​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ តែ​ពុំបាន​អនុញ្ញាត​នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា កន្លងមក​ធ្លាប់​មាន​មន្ត្រី​រ៉ែ​ថាមពល​ខេត្ត​ចុះ​ទៅ​ពិនិត្យ​ទីតាំង​បូម​ខ្សាច់​ចំនួន​២​នាក់​ដែរ ដោយ​ចុច​GPS​យក​ចំនួន​៥០០​ម៉ែត្រ ដោយ​ជំនាញ​អះអាង​ថា មិន​ជាន់​ទីតាំង​អ្នកណា​ទេ តែ​ក្រោយ​មក​លោក ណឹ​ប ចន្ថា បាន​និយាយ​ថា ទីតាំង​ដែល​សុំ​គឺ​ជាន់​គេ​ពាក់កណ្ដាល តែ​ក្រោយ​មក​ទៀត​ សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​បាន​អះអាង​ថា ទីតាំង​បូម​ខ្សាច់​របស់​អ្នក​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​ជាន់​គេ​ទាំងអស់។

លោក ណឹ​ប ចន្ថា ប្រធាន​រ៉ែ​និង​ថាមពល​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹង​ថា ការ​សុំ​ច្បាប់​អនុញ្ញាត​របស់​លោក ផន សុជាតិ គឺជា​ទីតាំង​ជាន់​ប្លង់​របស់គេ​ដែលមាន​អាជ្ញាប័ណ្ណ​ហើយ លោក​ឲ្យ​រក​ទីតាំង​ថ្មី​ដើម្បី​ឲ្យ​មន្ត្រី​របស់​ខ្លួន​ចុះ​ទៅពិនិត្យ​ និង​វាយ​តម្លៃ​ថា​ជាទី​តាំង​សម្រាប់​ការ​អនុញ្ញាត​បាន​ឬក៏​អត់ ហើយ​ចាំ​ឲ្យ​ពិចារណា​ថា និង​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ស្របច្បាប់ ហើយ​លោក​បាន​បញ្ជាក់​ថា​ឈ្មោះ ងួន ណៃ​គី ភេទ​ស្រី និង​ប្រុស​ឈ្មោះ ជា វិសាល ទាំង​២​នាក់​ម្តាយកូន​បាន​ជិត​២​គីឡូ​ដី ដែល​ទទួល​សិទ្ធ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684