ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-8-A-47-Full

យ៉ែម សំ​អូន​ត្រៀមខ្លួន​ឡើង​យន្តហោះ​ ទៅកាន់​ប្រទេស​អូស្ត្រាលី​ ដើម្បី​សុំទោស​ប្រពន្ធ

ភ្នំពេញ ៖ បន្ទាប់ពី​បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ប្រពន្ធ​បណ្ដាល​ឲ្យ​មាន​របួស​ស្នាម​ កាលពី​ថ្ងៃ​ទី​២៧ ​ខែមេសា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នោះ ពេលនេះ​តារា​សិល្បៈ​លោក​យ៉ែម សំ​អូន​បាន​នឹង​កំពុង​តែ​ត្រៀមខ្លួន​ឡើង​យន្តហោះ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​ ដើម្បី​ធ្វើការ​ផ្សះផ្សា​ និង​សុំទោស​ប្រពន្ធ​។

ប្រភព​ច្បាស់​ការណ៍​ពី​អ្នក​សិល្បៈ​ម្នាក់​ ដែល​ស្និទ្ធ​នឹង​លោក​យ៉ែម សំ​អូន​បង្ហើប​ថា ពេលនេះ​លោក​យ៉ែម សំ​អូន​បាន​រៀប​គម្រោង​ចេញទៅ​ប្រទេស​អូស្ត្រាលី​ នៅ​ដើម​សប្តាហ៍​ ក្រោយនេះ​ទៅ​ជួប​ប្រពន្ធ​របស់​លោក​ ដើម្បី​ធ្វើការ​សម្រុះសម្រួល​សុំ​ជានា​នឹង​គ្នា​ដូចដើម​វិញ​ និង​សុំទោស​ប្រពន្ធ​។ ប្រភព​បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​ជា​អ្នកសិល្បៈ​ ដែល​បាន​រៀបការ​ជាមួយគ្នា​ជាង​១៧​ឆ្នាំ​មកនេះ​ផ្ទុះ​ជំលោះ​ជាមួយគ្នា​រហូត​ទៅដល់​ប្រើ​អំពើ​ហិង្សា​នោះ ​គឺ​ផ្តើម​ចេញពី​ការ​ប្រច័ណ្ឌ​របស់​ប្រពន្ធ​ចោទ​ស្វាមី​(​លោក​យ៉ែម សំ​អូន​)​ថា ស្រឡាញ់​ប្រុស​ដូចគ្នា។

«​កម្ពុ​ជាថ្មី​»​មិនអាច​សួរនាំ​តារា​សិល្បៈ​លោក​យ៉ែម សំ​អូន​បានទេ​ចំពោះ​រឿង​នេះ ពីព្រោះ​លេខ​ទូរស័ព្ទ​ដែល​លោក​ធ្លាប់​ប្រើ​ មិនអាច​ធ្វើការ​ហៅ​ចូល​បានទេ​។ ដោយឡែក​នាង​យ៉ាន លីន​ដា​ភរិយា​លោក​យ៉ែម សំ​អូន​វិញ​ បាន​និយាយ​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ពី​ប្រទេស​អូស្ត្រាលី​ថា នាង​មិនអាច​ទទួលយក​ការ​សម្រុះ​សម្រួល ​ឬ​រស់នៅ​ជាមួយគ្នា​តទៅទៀត​ទេ ហើយ​រហូតដល់​ពេលនេះ​លិខិត​សុំ​លែងលះ​របស់​នាង​ បាន​ធ្លាក់​ដល់ដៃ​មេធាវី​ហើយ​ដែរ​នៅ​ប្រទេស​អូស្ត្រាលី ពោល​រង់​ចាំតែ​មេធាវី​បញ្ជូន​ឯកសារ​មក​ប្រទេស​កម្ពុជា​ ដើម្បី​ឲ្យ​លោក​យ៉ែម សំ​អូន​ផ្តិត​មេដាយ​ និង​ចុះហត្ថលេខា​តែ​ប៉ុណ្ណោះ​។

អ្នកនាង​យ៉ាន លីន​ដា​បាន​និយាយ​បញ្ចេញ​មក​ជា​មួយ ​នៅ​សូរ​សំឡេង​អួល​ដើមក​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​រឿង​ដែល​បាន​កើតឡើង​មក​លើ​នាង ​នៅ​ពេល​នេះ​ គឺ​វា​មិន​មែន​ជា​លើកទីមួយ​នោះ​ទេ ដូច្នេះ​ហើយ​ទើប​នាង​សម្រេច​ចិត្តថា នឹង​ត្រូវ​បញ្ចប់​ចែកផ្លូវ​គ្នា​ដើរ​ ដោយ​មិនអាច​ទទួលយក​ការផ្សះ​ផ្សា​ពី​លោក​យ៉ែម សំ​អូន​ជាដាច់​ខាត ហើយ​នាង​ក៏បាន​ធ្វើការ​តាំងចិត្ត​ទៀត​ថា ចាប់​ពីពេលនេះ​ទៅ​នាង​មិន​ឲ្យ​អតីត​ស្វាមី​ឃើញ​មុខ​ថែមទៀតផង។

ទាក់ទង​នឹង​រឿង​ជំលោះ​ដ៏​ស្រួចស្រាល់​រវាង​ប្តី​ប្រពន្ធ​ អ្នក​សិល្បៈ​ទាំងពីរ​នេះដែរ​កាលពី​ម្សិល​មិញ​«​កម្ពុ​ជាថ្មី​»​បាន​ទទួល​សារ​សរសេរ​រៀបរាប់ ​នៅ​លើ​អាក់​ខោន​ហ្វេសប៊ុក​របស់​អ្នកនាង​យ៉ាន លីន​ដា​ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា៖

ជំរាបសួរ ពុក​ម៉ែ​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ក្នុងនាម​នាង​ខ្ញុំ​ជា​កូន​ខ្មែរ​ជា​ស្ត្រី​ខ្មែរ​ជា​សិល្ប​ការិនី​ខ្មែរ​មួយ​រូប​ នាង​ខ្ញុំ​ស្គាល់​ច្បាស់​ពី​តំលៃ​ នៃ​ជាតិ​សាសន៍​របស់​ខ្លួន​ស្គាល់​ពី​តំលៃ​របស់​ស្ត្រី​ស្គាល់​ពី​តំលៃ​ខ្លួនឯង​ និង​ស្គាល់​ពី​តួនាទី​របស់ខ្ញុំ​ ក្នុងនាម​ជា​ប្រពន្ធ​ជា​ម្តាយ​។ជា​ការ​ពិត​ណាស់​ចង្កៀង​ក្នុងផ្ទះ​អ្នកណា ​គឺ​ច្បាស់​ជា​ភ្លឺ​ក្នុងផ្ទះ ​អ្នកនោះ​ខ្ញុំ​ជា​ស្រី​ម្នាក់​ក៏​ព្រោះតែ​ភាព​ទន់ខ្សោយ​ ទើប​កន្លងមក​នាង​ខ្ញុំ​ទ្រាំ​ទន្ទេញ​តែ​ពាក្យ​មួយ​ម៉ាត់​គត់​ជាប់​នឹង​ចិត្ត​ខួរក្បាល​របស់ខ្ញុំ​ គឺ​ពាក្យ​ថា​ទ្រាំ​។ នៅពេល​មាន​បញ្ហា​នេះ​ កើតឡើង​?​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ ដែល​ដឹង​ពី​ចិត្ត​របស់ខ្ញុំ​មនុស្ស​គ្រប់រូប​បេះដូង​នរណា​ ក៏​ធ្វើ​ពី​សាច់​និង​ឈាម​មាន​ការ​ស្រលាញ់​ខឹង​ស្អប់​ដូចៗ​គ្នា​ តែ​ការ​ទ្រាំ​អត់ធ្មត់​ទៅវិញ​ទេ​ដែល​មាន​ព្រំដែន ចុះបើ​ទ្រាំ​លើស​ពី​ទ្រាំ​មាន​នណា​ម្នាក់​ ដែល​រស់​ដោយ​ការ​ទ្រាំ​រហូតដល់​ជីវិត​ចុងក្រោយ​ ហើយ​មាន​មនុស្ស​ណា​ម្នាក់​ ដែល​ទ្រ​ទម្ងន់​ទុក្ខ ​បាន​ពេញ​មួយ​ជីវិត​? អ្នក​គ្រប់គ្នា​ធ្លាប់​តែ​ឃើញ​ការ​ញញឹម​របស់​ស្ត្រី​ម្នាក់​នេះ​ ចុះ​ពេល​ទឹកភ្នែក​ខ្ញុំ​ហូរ ​តើ​មាន​នរណា​ឃើញ​ទេ​? ហើយ​ពេល​ដែល​ខ្ញុំ​ឈឺចាប់​ តើ​ខ្ញុំ​ត្រូវ​ស្រែក​ប្រាប់​គេឯង​ឲ្យ​យល់​ឬ​? តើ​អ្នកណា​ដែល​ជួយ​រំលែក​ទុក្ខ​ពី​ខ្ញុំ​បាន​ក្រៅ​តែ​អំពីខ្ញុំ​ខ្លួនឯង​ដែល​ត្រូវ​ទ្រាំ​ខាំមាត់សង្កត់ចិត្ត អត់ធ្មត់ ​ដើម្បី​ចង់បាន​សុភមង្គល​និង​ដើម្បី​អនាគត​កូនស្រី​របស់ខ្ញុំ។

ពេល​មាន​បញ្ហា​ស្ត្រី​ងាយ​រងគ្រោះ​ណាស់​ជំនឿ​ចិត្ត​មក​លើ​រូប​នាង​ខ្ញុំ​ ហាក់ដូចជា​ផុយស្រួយ​សួរ​ថា តើ​ដើម្បីឲ្យ​គេ​មាន​ជំនឿ​មក​លើ​នាង​ខ្ញុំ ដើម្បី​ភាព​ស្អាតស្អំ​របស់ខ្ញុំ​ តើ​ខ្ញុំ​ត្រូវ​ហែក​ទ្រូង​ឲ្យ​ក្អែក​ចឹក​ឬ​យ៉ាងណា​? តើ​ខ្ញុំ​ធ្វើ​អីចឹង​ដើម្បី​អ្វី​? ខ្ញុំ​ដឹង​ថា នៅពេល​ដែល​មាន​បញ្ហា​នេះ​កើតឡើង​គេ​ច្បាស់​ជា​លាប​ពណ៌​ដោយ​និយាយ​ចោទ​ថា ខ្ញុំ​មាន​អ្នក​ទី​បី ខ្ញុំ​មិនល្អ​ដោយ​ប្រការ​នេះ​ប្រការ​នោះ តើ​លើ​លោក​នេះ​មាន​អាថ៌កំបាំង​ទេ​? ហើយ​ប្រសិនបើ​នាង​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ភ្លើតភ្លើន ចង់​ខ្ពស់​ហួសមាឌ​ដូច​ដែល​គេ​លាប​ពណ៌​មែន​នោះ​ តើ​នាង​ខ្ញុំ​សុខចិត្ត​លំបាក​ចោល​ឪពុក​ម្តាយ ​ចោល​ក្រុម​គ្រួសារ​ចោល​កូន​មក​តាម​ប្តី​ទេ មួយ​ជីវិត​របស់ខ្ញុំ​ ខ្ញុំ​តាម​ប្តី​រហូត​ នាង​ខ្ញុំ​មិនដែល​បាន​គេង​នៅផ្ទះ​ជាមួយ​កូន​ឲ្យ​ប្តី​រក​លុយ​ចិញ្ចឹម​ទេ ​គឺ​ខ្លួនឯង​ប្រឹងប្រែង​ទាំងឈឺទាំងជា​ជាមួយ​ប្តី​ទោះ​កំលាំង​កាយ​ស្រែក​ថា ទេ​តែ​កំលាំង​ចិត្ត​នៅតែ​ឈាន​ដើរទៅ តើ​ខំ​ដើម្បី​អ្វី​? ខ្ញុំ​តែងតែ​បន់ស្រន់​សូមកុំ​ឲ្យ​មាន​រឿង​បែបនេះ​កើតឡើង​ក្នុង​ជីវិត​របស់ខ្ញុំ​ តែ​វា​ក៏​មកដល់ តែ​វា​មិន​មែនជា​រឿង​ថ្មី​លើកទីមួយ​ទេ អីចឹង​បើ​វា​ជា​រឿង​ធ្លាប់​កើតឡើង​តើ​កន្លងមក​ខ្ញុំ​ទ្រាំ​បាន​ប៉ុណ្ណា​? ហើយ​ចាំបាច់​អី​ដែល​ខ្ញុំ​ត្រូវ​និយាយ​ឲ្យ​គេ​អាណិត​?។ មនុស្ស​យើង​ម្នាក់ៗ ត្រូវការ​ណាស់​សុភមង្គល​សម្រាប់​ជីវិត លុយកាក់​កើត​តាម​ក្រោយ​ទេ​ឲ្យ​តែ​ខំ​។

តើ​ខ្ញុំ​អន់​ជា​មនុស្ស​ស្រី​ទូទៅ​ប៉ុណ្ណា​ទៅ​? ហេតុអ្វី​ត្រឹមតែ​ភក្ដីភាព ភាព​ស្មោះត្រង់​រវាង​គ្នា​និង​គ្នា និង​សុភមង្គល​មួយ​ផ្តល់ឲ្យ​ខ្ញុំ​និង​កូន​មិនបាន​? តើ​ប្រឹង​ធ្វើការ​រកលុយ​យក​មក​ទិញ​វា​បានទេ​? ខ្ញុំ​ថា​មិន​បានទេ​…!​ដូច្នេះហើយ​ថា​តើ​ស្រលាញ់​ខ្ញុំ​ដើម្បី​អ្វី​? ហើយ​មាន​ភាព​ស្មោះត្រង់​ជាមួយ​ខ្ញុំ​ និង​កូន​ដល់​កំរិត​ណា​?​នាង​ថា នាង​ខ្ញុំ​ទ្រាំ​មក​ដល់​ទីបំផុត​ហើយ នាង​ឈឺចាប់​ណាស់​។ ដើរ​មកដល់​ថ្ងៃនេះ​មុត​បន្លា​ឈឺ​ហើយ​ជា ជា​ហើយ​ឈឺ មុត​សុះ​សាច់ សួរថា ខ្ញុំ​ចង់ឲ្យ​កូនកំព្រា​ឪពុក​ចង់​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ទេ​?​នរណា ​ក៏​ស្រលាញ់​កិត្តិយស​របស់​ខ្លួន​ និង​គ្រួសារ​ដែរ​រហូតមកដល់​ពេលនេះ​ ក៏​ខ្ញុំ​នៅតែ​ខាំមាត់​បៀមទុក្ខ លាក់​រឿង​ទាំង​អស់​នៅក្នុង​ចិត្ត​នេះ ​ខ្ញុំ​ជា​ស្រី​ផង​តើ​បុរស​បែប​ណា​ទៅ ​ដែល​យកប្រពន្ធ​ខ្លួនឯង​ទៅ​លាប​ពណ៌ បម្លែង​បំភ្លៃ​ឲ្យ​ប្រពន្ធ​ខ្លួនឯង​អាក្រក់ ហើយ​ល្អ​តែម្នាក់ឯង​? អ្នកមាន​បេះដូង​ជា​ប្រុស​ទេ​? មាន​បេះដូង​ជា​ឪពុក​ទេ​?​ជាង​ដប់​ឆ្នាំ​មកនេះ​បេះដូង​របស់ខ្ញុំ​ឈឺ​ហួស​ឈឺ​តែ​លើក​នេះ​ គឺ​ឈឺ​ខ្លាំង​ណាស់​ក៏​ប្រហែល​មិន​ងាយ​ជា​វិញ​ដែរ​។

បើ​ខ្ញុំ​ជា​មនុស្ស​ស្រី​ប៉ិន​ប្រច័ណ្ឌ ចិត្ត​មិន​ធ្ងន់ មិន​គោរព​ប្តី​មិន​ឲ្យ​តំលៃ​ប្តី​ម្ល៉េះ​ពេល​វេលា​ដែល​ខ្ញុំ​ទ្រាំ​មិន​វែងឆ្ងាយ​រហូតមកដល់​ពេលនេះ​ទេ​ ការសម្រេចចិត្ត​របស់ខ្ញុំ​ពេលនេះ ព្រោះ​ខ្ញុំ​ចង់​ចាក​ចេញពី​រូបភាព​ក្លែងក្លាយ​ចេញពី គំនាប ចេញពី​សម្ពាធ ចេញពី​រង្វង់​កំណត់​ជីវិត ចេញពី​ស្នាម​ញញឹម​សិប្ប​និមិត្ត​ខ្ញុំ​ឈឺចាប់​ទាំង​ផ្លូវកាយ​នឹង​ផ្លូវចិត្ត​យូរ​ល្មម​គ្រប់គ្រាន់ ​ហើយក៏​មិនមែន​លើកទីមួយ​ដែរ​ក្តី​ស្រលាញ់​ដែល​លើកដៃ​មក​វាយ​ធ្វើបាប​ខ្ញុំ​បែបនេះ​ តើ​នៅ​មាន​ប៉ុន្មាន​ដង​ទៀត​។ នៅ​សេស​សល់​ក្តី​ស្រលាញ់​ចុងក្រោយ​ទាំង​ប៉ុន្មាន ​គឺ​សំរាប់​កូន​របស់ខ្ញុំ​ទាំងអស់​ ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​ខ្លួន​ឯងបាន​បំពេញ​តួនាទី​ជា​ម្តាយ​ ព្រោះ​ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង​ថា ​ខ្ញុំ​គឺ​ម្តាយ​ដ៏​ល្អ​របស់​កូន​ខ្ញុំ​ជា​រៀង​រហូត​…!​ចុះ​អ្នក​?​ជា​ចុងក្រោយ​នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​រូប​នាង​ខ្ញុំ​កន្លងមក ​និង​មិត្ត​ភក្តិ​សិល្បៈ​ទាំងអស់​ ដែល​តែងតែ​ស្រលាញ់​រាប់អាន​មក​លើ​រូប​នាង​ខ្ញុំ​ហើយ​ធ្លាប់​រួម​ការងារ​ជាមួយគ្នា វា​ជា​អនុស្សាវរីយ៍​ដ៏​ល្អជា​ការ​ចងចាំ​មួយ​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​របស់ខ្ញុំ​គ្មាន​ថ្ងៃ​បំភ្លេចបាន​។ និង​សូម​អភ័យ​ទោស​ដល់​បណ្តា​ក្រុមការងារ​ និង​ម្ចាស់​កម្មវិធី​មួយចំនួន​ ដែល​នាង​ខ្ញុំ​បាន​រំសាយ​ការងារ​ទាំង​នោះ​ក៏​ព្រោះតែ​វា​ប៉ះពាល់​ដល់​សម្ពាធ​ផ្លូវចិត្ត​របស់​នាង​ខ្ញុំ​ខ្លាំង​ សង្ឃឹម​ថា ​អ្នក​ទាំងអស់គ្នា​នឹង​យល់ ហើយ​អធ្យាស្រ័យ​ដល់​នាង​។ លា​ហើយ​មិត្តភក្តិ​ទាំងអស់​សូម​ឲ្យ​អ្នក​គ្រប់គ្នា​មានតែ​សេចក្តីសុខ និង​មានតែ​ស្នាមញញឹម​ជា​រៀង​រហូត៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684