ព័ត៍មានទាន់​ហេតុការណ៏
Search
M08-05-15-d

ផ្ដន្ទាទោស​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​ដាក់​ពន្ធនាគារ​៥​ឆ្នាំ ពី​បទ​រំលោភ​សេពសន្ថវៈ

ភ្នំពេញ​ ៖ ​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៥ ចៅក្រម​តុលាការ​ក្រុងភ្នំពេញ​លោក​អឹម វណ្ណៈ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​ដាក់​ពន្ធនាគារ​៥​ឆ្នាំ​ ក្រោម​បទចោទប្រកាន់​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រីជាតិ​ជាតិ​ន័រវែស។

ជន​ជាប់ចោទ​មានឈ្មោះ​អី​វូ​បូ​លូ​ហ្គោ​បូ​លូ​កា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​នីហ្សេរីយ៉ា ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៤​នៅ​បុរី​ពិភព​ថ្មី​ស្ថិត​ក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ។

តាម​អង្គហេតុ​នៃ​រឿង​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៤ អី​វូ​បូ​លូ​ហ្គោ​បូ​លូ​កា​បាន​ បើក​រថយន្ត​នៅ​តាម​បណ្ដោយ​ផ្លូវ​សុធារស ខណ្ឌ​ដូនពេញ​(​ផ្លូវ​តាម​មាត់ទន្លេ​) ហើយក៏​បាន​ជួប​ស្ត្រី​ន័រវែស​ដើរ​​រក​ទិញ​អាហារ​ពេលយប់។ ពេលនោះ​ជនជាប់ចោទ​បាន​ល្បួង​ស្ត្រី​ជនជាតិ​ន័រវែស​ឲ្យ​ទៅផ្ទះ​របស់​ខ្លួន ដោយ​កុហក​ថា​នឹង​ជូន​ទៅ​ផ្ទះ។ លុះ​ទៅ​ដល់​ផ្ទះ​ស្ថិត​ក្នុង​បុរី​ពិភព​ថ្មី​ ជនជាប់ចោទ​ក៏បាន​កុហក​ថា ចូល​ទៅ​ផ្ទះ​ទៅ​រក​អីវ៉ាន់​សិន ប៉ុន្តែ​នៅ​ពេល​ ដែល​ជនរងគ្រោះ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ជាមួយ​ ជនជាប់ចោទ​ក៏បាន​ចាប់​រំលោភ​សេពសន្ថវៈ​ស្ត្រី​រងគ្រោះ ហើយ​បាន​ឃុំ​ទុក​មួយ​យប់ រហូតដល់​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ទើប​ដោះលែង​មកវិញ។ បន្ទាប់​ដោះលែង ​ជនរងគ្រោះ​បាន​ដើរ​តាម​ផ្លូវ រួច​ក៏បាន​ជួប​សន្តិសុខ ហើយក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​នាំ​ជនរងគ្រោះ​មក​សាកសួរ​ទើប​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ដដែល​នោះ។

រឿងក្ដី​នេះ​ត្រូវ​បាន​ចៅក្រម ​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥ ហើយ​ទើបតែ​មក​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ ដោយ​ផ្ដន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​៥​ឆ្នាំ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684