ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​វិវឌ្ឍន៍​របស់​តុលាការខេត្ត​ព្រះវិហារ​បើក​សវនាការ​សំណុំរឿង​អ្នកកាសែត​២​នាក់​បន្ទាប់ពី​ជាប់ឃុំ​ជាង​២​ខែ​

ព្រះវិហារ ៖ សាលាដំបូង​ខេត្តព្រះវិហារ​បាន​បើក​សវនាការ​សំណុំរឿង​អ្នក​សារព័ត៌មាន​២​រូប​ ដែល​ត្រូវ​បាន​ឈ្មួញ​ឈើ​ប្ដឹង​ពី​បទ​កំហែង​យក និង​ជ្រៀតជ្រែក​មុខងារសាធារណៈ ហើយ​ត្រូវ​បាន​លោក ឡុង ស៊ីថា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តព្រះវិហារ​ឃាត់ខ្លួន​អ្នកកាសែត​ដែល​មាន​ឈ្មោះ ឈឿង ចាន់​ នៅ​អង្គភាព​ទូរទស្សន៍​អប្សរា និង​លោក ទិ​ត្យ ស្រ៊ នៅ​អង្គភាព​AKP ត្រូវ​បាន​ឃាត់ខ្លួន​ដាក់​ពន្ធ​នាគារ​ជាង​២​ខែ ទើបតែ​លើក​មក​ជំនុំជម្រះ​នៅ​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ។​

ក្នុង​ទិដ្ឋភាព​នៃ​អង្គ​ជំនុំជម្រះ ដោយមាន​ការចូលរួម​ដោយ​លោក យិ​ត ពន្លឺ ចៅក្រម​ជំនុំជម្រះ លោក កៅ ស៊ូផា មេធាវី​តំណាង​ឲ្យ​ជនជាប់ចោទ​២​រូប ចំណែក​លោក​ ឡុង​ ស៊ីថា តំណាង​អយ្យការ មិន​បាន​ចូលរួម​នោះ​ទេ ធ្វើ​ឲ្យ​សេចក្តី​នៃ​អង្គ​ជំនុំជម្រះ​ប្រព្រឹត្ត​ទៅ​ដោយ​ឲ្យ​លោក ស្រេង វុ​ទ្ធា តំណាង​អយ្យការ​ជំនួស​រឿងក្ដី​របស់​អ្នក​សារព័ត៌មាន សំណុំរឿង​លេខ​៣៥ ចុះ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​

ដោយមាន​ដើមបណ្ដឹង​៦​នាក់​បាន​ព្រួត​គ្នា​ប្ដឹង ទី​១លោក ហេង ​សម្បត្តិ ទី​២លោក ឈៀង​ម៉ៅ ទី​៣​លោក ហេង សម្បត្តិ​ ទី​៤លោក ផៃ​នឿន ទី​៥​លោកស្រី តួន អូន ទី​៦ឈ្មោះ ម៉ៅ ការ​បើក​សវនាការ​នេះ ត្រូវ​បាន​ធ្វើឡើង​ចាប់ពី​ម៉ោង​៩​និង​៣០​នាទី​ ដល់​ម៉ោង​១១​និង​៣០​នាទី និង​ម៉ោង ២​និង​៣០​នាទី ដល់​ម៉ោង​៤​និង​៣០​នាទី តែ​ពុំ​ទាន់​ទទួលលទ្ធផល​យ៉ាងណា​នោះ​ទេ។

ក្នុង​ថ្ងៃ​កាត់ក្តី​ជំនុំជម្រះ ដោយមាន​ការចូលរួម​ពី​លោក សុខ សុវណ្ណ ប្រធាន​សមាគមន៍​អ្នក​សារព័ត៌មាន​កម្ពុជា និង​ប្រធាន​សមាគមន៍​ឯទៀត ​រួម​ទាំង​កាសែត ទូរទស្សន៍ ក្នុងស្រុក​ចំនួន​៣២​នាក់ មកពី​បណ្ដា​ខេត្ត​ចូលរួម​ស្តាប់​សវនាការ​ជំនុំជម្រះ​នៅ​តុលាការ​ខេត្តព្រះវិហារ ក្រោយពី​បាន​ស្តាប់​នូវ​អង្គហេតុ នៃ​អង្គ​សវនាការ​រួចមក គឺ​ទទួល​បាន​ចម្លើយ​ថា លោក ឈឿង ចាន់ ពុំបាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់ គឺ​គ្រាន់តែ​ជា​ការ​ពឹងពាក់​របស់​ឈ្មួញ​ឲ្យ​ទទួល​លុយ​ទៅ​ឲ្យ​បុគ្គល​ម្នាក់ទៀត​តែ​ប៉ុណ្ណោះ។ ចំណែក​លោក ទិ​ត្យ ស្រ៊ ត្រូវ​បាន​ជាប់ចោទ​ពី​បទ​កំហែង​យក ដោយសារ​ការ​ធ្វេស​ប្រហែស​ក្នុង​តួនាទី។

តាម​ការ​ស្នើ​សុំ​របស់​លោក កៅ ស៊ូផា មេធាវី​តំណាង​ឲ្យ​ជនរងគ្រោះ បាន​សំណូមពរ​ឲ្យ​ចៅក្រម​មានការ​អធ្យាស្រ័យ​លើកលែងទោស​ឲ្យ​អ្នកកាសែត​២​រូប​ ដោយ​យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​របស់​លោក ឡុង ស៊ីថា បាន​អនុវត្ត​មិន​ត្រឹម​ ត្រូវ​បាន​នីតិ​វិធី​ច្បាប់ គឺ​គ្រាន់តែ​គេ​ឆ្លើយ​ដាក់ ក៏​ចាប់​អ្នកកាសែត​ដាក់​ពន្ធនាគារ​ជិត​៣​ខែ ហើយ​ពុំ​មាន​ពាក្យបណ្ដឹង​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​លោក ឈឿង ចាន់ នោះ​ទេ សូម្បីតែ​លោក ឈឿង ម៉ៅ ដែល​ជា​ដើមបណ្ដឹង​បាន​ឆ្លើយ​នៅក្នុង​សវនាការ​ថា លោក​មិនបាន​ប្ដឹង​ទេ ហើយក៏​មិនបាន​ឲ្យ​លុយ​៥០​ម៉ឺន​ទៅ​លោក​ ឈឿង ​ចាន់ ​នោះ​ដែរ។ ចំណែក​លុយ​១០​ម៉ឺន​រៀល លោក​បាន​អះអាង​ថា បាន​ឲ្យ​ទៅ​លោក ឈឿង​ ចាន់ ទុក​ចាក់​សាំង​ជា​មនោ​សញ្ចេតនា​នោះ​ទេ តែ​ទោះជា​ម្ចាស់​ដើមបណ្ដឹង​បាន​អះអាង​បែបនេះ​ក្តី ក៏​លោក ឡុង ស៊ីថា បាន​ព្យាយាម​ឃាត់ឃាំង​សេរីភាព​ដាក់​ពន្ធនាគារ​ជិត​៣​ខែ​រួច​មក​ហើយ និង​ពុំ​ទាន់​ធ្វើការ​ដោះលែង​នោះ​ទេ។​

ពាក់ព័ន្ធ​ទៅ​នឹង​ការចោទប្រកាន់​នេះ មហាជន​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​លោក ឡុង ស៊ីថា ហើយ​ចោទ​សួរ​ថា បើ​អាង​តែ​ខ្លួន​ជា​ព្រះរាជអាជ្ញា​រង និង​ជា​ស្ថាប័ន​ច្បាប់ ចាប់​ហើយ​ព្យាយាម​លាប​ពណ៌ រឿង​តូច​ទៅជា​រឿង​ធំ ចោទប្រកាន់​ដោយ​ខុស​នីតិ​វិធី​បែបនេះ តើ​ត្រូវ​បាន​ទទួល​ការ​ណែនាំ និង​មានទោស​ដែរ​ឬ​ទេ?

សូម​បញ្ជាក់​ផង​ដែរ​ថា សវនាការ​ជំនុំជម្រះ​នេះ ត្រូវ​បាន​លើក​ពេល​ទី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ ២០១៥ វេលា​ម៉ោង​៩​ព្រឹក​ដើម្បី​បើក​ការ​ជំនុំជម្រះ​បន្ត​ទៀត៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684