ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លូវ​ចាស់​រង​ការខូចខាត​ត្រូវ​បាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ស្ថាបនា​ថ្មី​ឡើងវិញ

ស្ទឹងត្រែង ៖ ផ្លូវ​លេខ​២២ ស្ថិតនៅ​ក្នុងភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ដែល​រង​ការខូចខាត​ត្រូវ​បាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្ត​ ស្ថាបនា​ជា​ផ្លូវ​កៅស៊ូ​ថ្មី ឲ្យ​ខ្ពស់​ជាង​ផ្លូវ​ចាស់ ដែល​ពីមុន​ទាប តូច ចង្អៀត នៅ​ខែវស្សា​ទឹក​លិច ពិបាក​ក្នុង​ធ្វើដំណើរ​ទៅមក​។ ក្នុង​ការ​ចុះ​ពិនិត្យ​សកម្មភាព​សាងសង់​ផ្លូវ​នៅ​ថ្ងៃទី​០៧ ឧសភា ឆ្នាំ​២០១៥ លោក ស គឹម​ណាត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់​ថា ផ្លូវ​ថ្មី​នេះ​មាន​ប្រវែង​១២០០​ម៉ែត្រ ទទឹង​១១​ម៉ែត្រ​និង​គ្រោង​ចាក់​កៅស៊ូ តួ ថ្នល់ ទទឹង​៩​ម៉ែត្រ ឲ្យ​រួចរាល់​នៅក្នុង​ខែសីហា​ឆ្នាំ​២០១៥​នេះ​។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៧ រហូត​ទៅដល់​ព្រលាន​យន្តហោះ ហើយ​មាន​អាទិភាព​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ចូល​មក​ទី​រួម​ខេត្ត​ទើប​ស្ថាបនា​ឡើង មាន​ទំហំ​ធំ​ជាង​ផ្លូវ​ផ្សេងៗ​ដើម្បី​បញ្ចៀស​នូវ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ដល់ ប្រជាពលរដ្ឋ និង​ជៀសវាង​ការ​កកស្ទះ​។ លោក​ប្រធាន​មន្ទីរ​បាន​អះអាង​ថា នៅពេល​ស្ថាបនា​ហើយ​នោះ​មន្ទីរ​សាធារណៈ​និង​រៀបចំ​ដាក់​បង្គោល​សុវត្ថិភាព​ដើម្បី​ធានា​ការពារ​ផ្លូវ​នេះ បាន​ប្រជាពលរដ្ឋ​ប្រើ​ច្រាស់​យូរអង្វែង ដូចនេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​មេត្តា​ជួយ​ថែរក្សា ​ពិសេស​អាជីវករ​ប្រើប្រាស់​រថយន្ត​ធំៗ​កុំ​ផ្ទុក​លើស​ទម្ងន់​និង​បើកបរ​ចូលក្នុង​ក្រុង។

លោក​កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​ បាន​ណែនាំ​ដល់​ក្រុមការងារ​សាងសង់​ត្រូវ​យក​ចិត្តទុកដាក់​ស្ថាបនា​ឲ្យ​មាន​គុណភាព និង​ឲ្យ​បាន​ឆាប់​ទៅតាម​ផែនការ ដែល​បាន​កំណត់​ដើម្បី ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ទៅមក​បាន​ងាយស្រួល​ក្នុង​ការ​ដឹកទំនិញ​មកកាន់​ផ្សា​ថ្មី​នៅក្នុង​សង្កាត់​ស្រះ​ឫស្សី​នេះ។

លោក អភិបាលខេត្ត មាន​ប្រសាសន៍​បន្ថែម​ថា ខេត្ត​រៀបចំ​ការស្ថាបនា ស្ពាន ផ្លូវ​នៅក្នុង​ក្រុង សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ ​និង​រៀបចំ​ខេត្ត​មាន​សោភណភាព ដើម្បី​មានលទ្ធភាព​ចូល​រូម​ប្រឡង​ប្រណាំង លើក​កំពស់​ដល់​វិស័យ​ទេសចរណ៍​ផង និង​អនុវត្ត​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិបាល ក្នុង​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ​នៅ​ឆ្នាំ​២០១៦​ឲ្យ​ទទួល​បាន​រំដួល​បី​ទង៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684