ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ​ស​ ប៊ុន​សឿង​ និង​លោក ​សេង ​ធា​រិ​ន​ បាន​ដឹកនាំ​កម្លាំង​ចំនួន​២០០​នាក់​ចុះ​ជួយ​រើ​ផ្ទះ​ និង​សង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​​

បន្ទាយមានជ័យ ៖ ស្រុក​ព្រះនេត្រព្រះ​ គឺជា​ស្រុក​មួយ​ដែល​ជួបប្រទះ​គ្រោះ​បាតុភូត​ធម្មជាតិ​ខ្លាំង​ជាង​គេ​នៅ​៩​ស្រុក/ក្រុង ​ក្នុង​ទូទាំង​ខេត្តបន្ទាយមានជ័យ។ ថ្មីៗ​នេះ​ នៅ​ថ្ងៃទី​៧ ​ខែឧសភា ​ឆ្នាំ​២០១៥​ ក្នុង​ស្រុក​ព្រះនេត្រព្រះ​ក៏បាន​ជួបប្រទះ​នូវ​គ្រោះ​បាតុភូត​ធម្មជាតិ​ខ្លាំង​បន្ត​ថែមទៀត ​បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ​មាន​ចំនួន​៨​ខ្នង​ និង​ធ្ងន់​២​ខ្នង​បន្ត​ទៀត។

លោក​ ស​ ប៊ុន​សឿង ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ និង​លោក ​សេង ​ធា​រិ​ន​នាយ​សេនាធិការ​កងពល​លេខ​៥១​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចំនួន​២០០​នាក់ ​និង​ក្រុមការងារ​បាន​ចុះទៅ​ជួយ​រើ​ និង​ធ្វើ​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រះនេត្រព្រះ​ ហើយ​បាន​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​ដែល​កំពុង​រង​ទុក្ខ​ដោយសារតែ​ខ្យល់​កន្ត្រាក់​មក​លើ​ផ្ទះ​របស់​ពួកគាត់​ទៀត​ផង។

លោក​ សេង​ ធា​រិ​ន​ បាន​និយាយ​ថា​ រយៈពេល​កន្លងមក​នៅ​ស្រុក​ព្រះនេត្រព្រះ​នេះ​បាន​ជួប​ប្រទះ​នៅ​គ្រោះថ្នាក់​ធម្មជាតិ​នោះ​មាន​ចំនួន​៧​លើក ដោយ​លើក​ទី​១​នៅ​ថ្ងៃទី​១៨ ​ខែមេសា​ ខូចខាត​ផ្ទះសំបែង​អស់​៦៦​ខ្នង ​ទី​២​នៅ​ថ្ងៃទី​២២​ ខែមេសា ​ខូចខាត​ផ្ទះសំបែង​អស់​១៥​ខ្នង ទី​៣​នៅ​ថ្ងៃ​២៩ ​ខែ​មេសា​ខូចខាត​ផ្ទះ​សំបែង​អស់​១៥​ខ្នង​ ទី​៤​នៅ​ថ្ងៃទី​១​ ខែ​ឧសភា​ អស់​ផ្ទះ​១​ខ្នង​ ទី​៥​នៅ​ថ្ងៃទី​៩​ ខែ​ឧសភា ​១០​ខ្នង​ ទី​៦នៅ​ថ្ងៃទី​៦ ខែ​​ឧសភា​ ផ្ទះ​អស់​១៧​ខ្នង​ ទី​៧​នៅ​ថ្ងៃទី​៧ ខែ​ឧសភា ​ខូចខាត​ផ្ទះ​អស់​៨​ខ្នង​ សរុប​ផ្ទះ​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​នោះ​សរុប​មាន​ចំនួន​១១៨​ខ្នង។

លោក​បាន​និយាយ​បន្ត​ថា ​ដោយមាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ ​គីម​យ៉ាន​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ លោក​បាន​ឲ្យ​ក្រុមការងារ​ទាំង​អស់​ត្រូវ​ចុះ​ជួយ​ប្រជាពលរដ្ឋ​ណា​ដែល​កំពុង​ជួបប្រទះ​នូវ​គ្រោះថ្នាក់​ធម្មជាតិ​រយៈពេល​កន្លងមក​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​ មិន​ត្រូវ​ប្រកាន់​បក្សពួក​នោះ​ឡើយ។

ប្រជាពលរដ្ឋ​ដោយ​មើលឃើញ​ទង្វើ​ដ៏​ល្អ​របស់​សមត្ថកិច្ច​ដែល​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​ទាំង​ថវិកា​ចុះ​មក​ជួយ​ធ្វើ​ផ្ទះ​ឲ្យ​ពួកគាត់​នោះ​ គាត់​បាន​លើក​ម្រាមដៃ​១០​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​នៅ​លើ​លោក​នេះ ​សូម​ជួយ​អស់លោក​ឲ្យ​ជួបប្រទះ​នឹង​សេចក្ដីសុខ​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684