ព័ត៍មានទាន់​ហេតុការណ៏
Search

ឃុំខ្លួន​ស្ត្រី​ដែល​វាយ​ប្រដៅ​កូន​ ពី​បទ​ហិង្សា​ដោយ​ចេតនា​

កណ្ដាល ៖ ស្ត្រី​ម្នាក់​បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​កូន ដែល​ត្រូវ​នគរបាល​ប៉ុស្តិ៍​ន៏​ដើម​មាន​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ការប្រើ​អំពើ​ហិង្សា​ទៅលើ​កូន​និង​ធ្វើ​ទារុណកម្ម កាលពី​ថ្ងៃទី​០៧​ ខែឧសភា​ឆ្នាំ​២០១៥ ហើយ​បាន​ធ្វើការ​បញ្ជូន​មកកាន់​សាលាដំបូង​ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥​នេះ​បាន​ត្រូវ​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើបសួរ សំរេច​ធ្វើការ​ចោទប្រកាន់​និង​ឃុំខ្លួន​ពី​បទ​ហិង្សា​ដោយ​ចេតនា​។

មន្ត្រី​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន ​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល បានឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥​នេះ​លោក​លឹម សុគន្ថា ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​លោក ឆែ វិវឌ្ឍនះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្តាល បាន​សំរេច​ធ្វើការ​ចោទប្រកាន់​ និង​ឃុំខ្លួន​ស្ត្រី​ឈ្មោះ​សុខ វណ្ណា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខ​របរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ដើម​មាន​សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល ពី​បទ​ហិង្សា​ដោយ​ចេតនា យោង​តាម​មាត្រា​លេខ​២១៧ នៃ​នីតិវិធី​ក្រមព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្ត​ឡើង ​កាលពី​ថ្ងៃទី​០៧ ខែឧសភា​ឆ្នាំ​២០១៥​នៅក្នុង​ផ្ទះ ​ស្ថិត​ក្នុងភូមិ​ដើម​មាន​សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ​ខេត្តកណ្តាល​បណ្តាល​ឲ្យ​កុមារា​ជា​កូនរង​របួស​គឺ​ឈ្មោះ​ឆាន់ លី​ហេង ភេទ​ប្រុស អាយុ​០៦​ឆ្នាំ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី​៧​ ខែឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៤​និង​៤០​នាទី ឈ្មោះ​ឆាន់ លី​ហេង ត្រូវជា​កូនបង្កើត​របស់​ស្ត្រី​ឈ្មោះ​សុខ វណ្ណា​មាន​ចរិត​រពឹស​ដើរ​ឈ្លោះ​ជាមួយ​អ្នកជិតខាង ធ្វើ​ឲ្យ​គាត់​ជា​ម្តាយ​ខឹង​ក៏​ចាប់​កូន​មក​វាយ​ប្រដៅ ហើយ​យក​ទំ​ពួក​សំរាប់​ហាល​ខោអាវ ទាញ​លា​ចងដៃ ចង​ជើង​កូន​ស្លាបសេក ពេលនោះ​ជីតា​របស់​ជនរងគ្រោះ​បានឃើញ​ក៏ មក​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ដើម​មៀន​ឲ្យ​ជួយ​អន្តរាគមន៍​និង​ឃាត់ខ្លួន​ស្ត្រី​ដែល​វាយ​កូន​នោះ​តែម្តង​។

បើ​តាម​ចំលើយ​របស់​ស្ត្រី​ជាប់ចោទ​បាន​និយាយ​ថា គាត់​មិន​មាន​បំណង​វាយ​ធ្វើ​ទារុណកម្ម​នោះ​ទេ ប៉ុន្តែ​ដោយសារ​កូន​គាត់​រពឹស​ខ្លាំងពេក និង​ចេះតែ​ទៅ​រក​រឿង​ក្មេង​កូន​គេ​នាក់​ជិតខាង រកតែ​គាត់​ចេញទៅ​ប្រកបមុខរបរ​អ្វី​មិនបាន ក៏​យក​រំពាត់​វាយ​វា ហើយ​នៅតែ​មិន​ព្រម​បាត់​យំ​ទៀត​គាត់​ក៏​ចងដៃ​ចងជើង​វា ក្នុង​បំណង​អោយ​វា​ខ្លាច​ម្តាយ​ពី​តូច​ឡើង​ទៅ គឺ​មិនមាន​គំនិត​ធ្វើបាប​កូន​ទេ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684