ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-05-08-full-Q

៤​ខែ​ឆ្នាំ​២០១៥​ ចំណូល​ទទួល​បាន​ពី​ភ្ញៀវ​បរទេស​ចូល​ទស្សនា​អង្គរ​មាន​ចំនួន​ជាង​២៤​លាន​ដុល្លារ​

ភ្នំពេញ ​៖​ រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៥​នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​មាន​ចំនួន​៨៤២.៧១៩​នាក់ មានការ​ថយ​ចុះ​ចំនួន​០.២៧% ដោយ​ទទួល​បាន​ចំណូល​សរុប​ជា​ប្រាក់​ដុល្លារ​អាម៉េរិក​ចំនួន​២៤.១៥២.១៤០​ដុល្លារ មានការ​ថយ​ចុះ​២.៣៧% ​ប្រៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ថ្ងៃទី​៧​ ខែ​ឧសភា ឆ្នាំ​២០១៥​បាន​ឱ្យ​ដឹង​ថា​ ក្នុង​ខែមេសា ឆ្នាំ​២០១៥​នេះ ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​អង្គរ​វត្តមាន​ចំនួន​១៥៣​,៥៦២​នាក់ ដែល​កើនឡើង​៧,៨១​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៤។ ចំណូល​ដុល​សម្រាប់​ខែមេសា​នេះ​មាន​ចំនួន​៤,៣១០,៦៦០​ដុល្លារ កើនឡើង​៤,៧៥​ភាគរយ​ធៀប​នឹង​ខែមេសា​ឆ្នាំ​២០១៤។ ចំណែក​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​រយៈ​ពេល​៤​ខែ ​មាន​ចំនួន​៨៤២,៧១៩​នាក់ ថយ​ចុះ​០,២៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤។ ចំណូល​រយៈពេល​៤​ខែ​មាន​ចំនួន​២៤,១៥២,១៤០​ដុល្លារ ថយ​ចុះ​២,៣៧​ភាគរយ។​

សម្រាប់​ខែមីនា ឆ្នាំ​២០១៤ ភ្ញៀវ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​មាន​ចំនួន​២០៣​.១៩៥​នាក់ បើ​ធៀប​នឹង​ខែកុម្ភៈ ឆ្នាំ​២០១៥ ធ្លាក់ចុះ​(​កាលពី​ខែកុម្ភៈ​មាន​ចំនួន​២៣៥,៧០៦​នាក់​) សូម​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៤ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​មាន​ចំនួន​២,០៥៩,៧០២​នាក់ និង​បាន​ចំណូល​សរុប​៥៩,៣៤២,០០០​ដុល្លារ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684