ព័ត៍មានទាន់​ហេតុការណ៏
Search
7

ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​អាំង​វែក​ទ័​រ​ឆក់​ត្រី​ចំនួន​៩២៨​គ្រឿង​ជូន​សមត្ថកិច្ច​ និង​អាជ្ញាធរ

​កំពង់ឆ្នាំង ​៖ អាំង​វែក​ទ័​រ​ឆក់​ត្រី​ចំនួន​៧៦២​គ្រឿង និង​សំណាញ់​ឆក់​មួយ​គ្រឿង​ទៀត ដែល​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ទទួល​បាន​ពី​នគរបាល​ប៉ុស្តិ៍​ មូលដ្ឋាន បាន​ធ្វើការ​ប្រគល់​ជូន​សមត្ថកិច្ច​រដ្ឋបាល​ជលផល​ក្រោយ​បាន​ផ្សព្វផ្សាយ​នូវ ​សេចក្ដីណែនាំ​លេខ​០៩​ ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ របស់​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ដល់​ប្រជាពលរដ្ឋ ស្ដីពី​ការ​ចាត់​វិធានការណ៍​លុបបំបាត់​ឧបករណ៍​ឆក់​ត្រី​រួចមក​។ ការ​ប្រគល់​ជូន​ឧបករណ៍​ឆក់​ត្រី​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយមាន​ការចូលរួម​ពី​លោក ជុន ថា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្ត លោក លី ឡា នាយ រង​ខណ្ឌ​រដ្ឋបាល​ជលផល និង​លោក ជិន សុផាត នាយការិ​យា​ល័យ​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត​។​ ដោយឡែក​ឧបករណ៍​ឆក់​១៦៦​គ្រឿង​ទៀត​គឺ​ជល​ផល​ប្រមូល​បាន​សរុប​រួមមាន​ចំនួន​ ៩២៨​គ្រឿង​។​

​ ​លោក ជុន ថា​រិ​ទ្ធ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្នុង​ការ​ចាត់​វិធានការ​លុបបំបាត់​ឧបករណ៍​ឆក់​ត្រី​តាម​សេចក្ដីណែនាំ​លេខ​ ០៩ ​របស់​ឯកឧត្តម​អភិបាលខេត្ត​អាជ្ញាធរ​ស្រុក​/ក្រុង​ទាំង​៨​បាន​ចាត់​វិធានការ គឺ​កា​រ​ចុះ​ផ្សព្វផ្សាយ​ក្នុង​វេទិកា​គោលនយោបាយ​ភូមិ/​ឃុំ​មាន​សុវត្ថិភាព ​និង​បាន​ចុះ​ចែក​សេចក្ដីណែនាំ​ជូន​ប្រជាពលរដ្ឋ​តាម​ផ្ទះ និង​មុខសញ្ញា​ឆក់​ត្រី​បានជា​ច្រើន​ម៉ឺន​សន្លឹក​។​ ក្នុង​នោះ​ដែរ​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល​ចុះ​ ស្រង់​មុខសញ្ញា​ដែល​មាន​ឧបករណ៍​ឆក់​ត្រី​នៅក្នុង​ស្រុក/ក្រុង​ទាំង​៨​ផង​ដែរ ​។​

​ ​ក្រោយពី​អាជ្ញាធរ​ស្រុក​/ក្រុង​បាន​អនុវត្ត​ចលនា​ប្រជាពលរដ្ឋ​តាម​ខ្លឹមសារ ​លិខិត​ដែល​បាន​ចែក​ជូន​រួចមក ឧបករណ៍​ឆក់​ត្រី​ចំនួន​៧៦២​គ្រឿង ត្រូវ​បាន​ប្រជាពលរដ្ឋ​តាម​បណ្ដា​ស្រុក​/ក្រុង​ទាំង​៨ ស្ម័គ្រ​ចិត្ត​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​បន​គ​របាល​ប៉ុស្តិ៍​រដ្ឋបាល​ជា​ បន្តបន្ទាប់ ហើយ​ថ្ងៃនេះ​ស្នងការ​ដ្ឋាន​បាន​ប្រគល់​ឧបករណ៍​ឆក់​នេះ​ជូន​ខណ្ឌ​រដ្ឋបាល​ ជលផល​ជា​អ្នកចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​

​ ​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ការ​អនុវត្ត​នូវ​សេចក្ដីណែនាំ​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក ​/ក្រុង​ទាំង​៨​ជាប្រចាំ និង​បាន​លើក​វិធានការ​សម្រាប់​អនុវត្ត​បន្ត ទី​១​-គឺ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក/ក្រុង ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប វិធានការ​សរុប មធ្យោបាយ​សរុប ​ដោយ​សហការ​ជាមួយ​កងកម្លាំង​ទាំង​៣ បន្ត​អនុវត្ត​ឲ្យ​បាន​ខ្លាំងក្លា និង​ផុលផុស​បន្ថែម​ទៀត​។ ​ទី​២​-គឺ​ត្រូវ​ចុះ​ជួប​មុខសញ្ញា​ផ្ទាល់​ដល់​ផ្ទះ​តែម្តង និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការប្រព្រឹត្ត​បទល្មើស​។​ ទី​៣-​គឺ​ត្រូវ​ប្រើ​វិធានការណ៍​ឃ្លាំមើល​មុខសញ្ញា​ដែល​បាន​ប្រគល់​ឲ្យ​ហើយ និង​មុខសញ្ញា​ដែល​កំពុង​លាក់​ទុក​ឧបករណ៍​ឆក់​ត្រី​។ ​ដោយឡែក​ឧបករណ៍​ឆក់​ត្រី​ដែល​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រមូល​បាន​មាន​រហូត​ដល់​៩២៨​គ្រឿង និង​សំណាញ់​ឆក់​១​គ្រឿង​ទៀត ហើយ​ឧបករណ៍​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល​នៅ​វេលា​ថ្ងៃស្អែក​។​

​ ​វិធានការ​ខាង​លើ​នេះ អាជ្ញាធរ​នឹង​សមត្ថកិច្ច​ត្រូវ​បន្ត​អនុវត្ត​រហូត​តទៅទៀត ខណ្ឌ​រដ្ឋបាល​ជលផល​នឹង​ធ្វើការ​បូកសរុប​ទៀត​ជា​បន្តបន្ទាប់​ទៀត ថា​តើ​ការ​ស្ម័គ្រចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រគល់​នូវ​ឧបករណ៍​ ល្មើសច្បាប់​នេះ​បាន​ប៉ុន្មាន​។​ លោក​បាន​ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ផលិត ទិញ លក់ ដឹកជញ្ជូន រក្សាទុក​ឧបករណ៍​ឆក់​ត្រី ដែល​អ្នក​ប្រព្រឹត្ត​ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ជលផល​ ថ្នាក់​លេខ​២ ត្រង់​មាត្រា​ទី​១០០ ចំណុច​៤ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​ទៅ​៥០​លាន​រៀល​។ ដោយឡែក​អ្នក​កំពុង​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​វិញ ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់​លេខ​១ ត្រង់​មាត្រា​ទី​៩៨ ចំណុច​៤ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ និង​វត្ថុ​តាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល​៕

ថារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684