ព័ត៍មានទាន់​ហេតុការណ៏
Search
11

បើក​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស​

 

ស្វាយរៀង ៖ នៅ​ពហុកីឡាដ្ឋាន​ខេត្តស្វាយរៀង​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​បាន​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ ​និង​អត្តពលកម្ម​សម្រាប់​សិស្ស​បឋមសិក្សា​ជម្រើស​ជើងឯក​ឆ្នាំ​២០១៥ នៅ​ទូទាំង​ប្រទេស​។​ ការប្រកួត​នេះ​ចាប់​បើក​ធ្វើការ​ប្រកួត​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី​១​ ខែមេសា ​ឆ្នាំ​២០១៥ ​ក្រោម​អធិបតីភាព​លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ លោក រស់ ឆាយ អភិបាលរង​ខេត្ត​ ព្រមទាំង​មាន​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​មន្ទីរអប់រំ​ ទូទាំង​២៥​ខេត្ត​/ក្រុង​នាំ​កីឡាករ​-កីឡាការិនី​ដែល​ជា​សិស្ស​កម្រិត​ បឋមសិក្សា​មក​ចូលរួម​ប្រកួត​ប្រមាណ​២៣៨៥​នាក់​ដើម្បី​ជម្រើស​ជើងឯក​ទូទាំង​ ប្រទេស​ប្រចាំឆ្នាំ​សិក្សា​២០១៤.២០១៥​យ៉ាង​អធឹក​អធម្ម​។

​បើ​តាម​ របាយការណ៍​របស់​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស​បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​ផែនការ​ការងារ​ប្រចាំឆ្នាំ​២០១៥​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​រៀបចំ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស​ ប្រចាំឆ្នាំ​២០១៤.២០១៥​ លើ​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ​ និង​អត្តពលកម្ម កុមារា កុមារី​។​ ចំពោះ​ប្រភេទ​កីឡា​ដែល​ចូលរួម​ទាំងអស់​មាន​២៥​ខេត្ត/​ក្រុង​ ក្នុង​នោះ​មាន​បាល់ទាត់​កុមារា​២៥​ក្រុមបាល់ទាត់ កុមារី​១៧​ក្រុម ​បាល់ទះ​កុមារា​២៤​ក្រុម​ បាល់ទះ​កុមារី​១៩​ក្រុម​ បាល់បោះ​កុមារា​១៩​ក្រុម ​បាល់បោះ​កុមារី​១៦​ក្រុម​ អត្តពលកម្ម​កុមារា​២៤​ក្រុម​ អត្តពលកម្ម​កុមារី​២៣​ក្រុម​ សរុប​រួមមាន​កីឡាករ​កុមារ​២៣៨៥​នាក់​ ក្នុង​នោះ​កុមារី​ចំនួន​៨៧៥​នាក់​។ ​លោក ស៊ាន បូរ៉ាត់​មាន​ប្រសាសន៍​ថា ថ្ងៃនេះ​ជា​ទិវា​ដ៏​មហោឡារិក​ដែល​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ បាន​បើក​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស​ សម្រាប់​ឆ្នាំ​សិក្សា​២០១៤.២០១៥​។

​ ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន​ និង​កីឡា ​និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់​មាន​ក្តី​សោមនស្ស​រីករាយ​ដោយ​បាន​ចូលរួម​ ជា​អធិបតី​ក្នុង​ពិធី​បើក​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​ដ៏​មាន​សារៈ​សំខាន់ ​នា​ឱកាស​នេះ​លើ​ទឹកដី​ខេត្តស្វាយរៀង​។​ លោក​រដ្ឋលេខាធិការ​មានប្រសាសន៍​បន្ត​ថា ក្រសួង​អប់រំ យុវជន ​និង​កីឡា​ តែង​យកចិត្តទុកដាក់​លើ​ការងារ​អប់រំ​កាយ​ និង​កីឡា ​ដែល​ជា​សមាសភាគ​មួយ​មិនអាច​ខ្វះ​បាន​ក្នុងចំណោម​សមាសភាគ​ទាំង​ប្រាំ​នៃ​ វិស័យ​អប់រំ​។​ សំដៅ​កសាង​កាយសម្បទា​រឹងមាំ​មាន​សុខ​ភាពល្អ​ពន្លឿន​ការសិក្សា​ឲ្យ​មាន​ និរន្តរភាព​។ ​ម្យ៉ាងទៀត​ការប្រកួត​កីឡា​ គឺជា​ពិធី​ជួបជុំ​មួយ​រវាង​កីឡាករ -​កីឡាការិនី ដើម្បី​ផ្លាស់ប្ដូរ​នូវ​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក ក្នុង​ន័យ​សាមគ្គីភាព មិត្តភាព ​និង​ចេះ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។​ មិនតែប៉ុណ្ណោះ​វេទិកា​កីឡា​គឺជា​កាលានុវត្តភាព​ប្រកបដោយ​សមធម៌ ដែល​ផ្ដល់​ឲ្យ​កីឡាករ ​និង​គូប្រកួត​មានឱកាស​សាកល្បង​ និង​បញ្ចេញ​សមត្ថភាព​បច្ចេកទេស ទេព​កោសល្យ​ និង​កលល្បិច​រៀងៗ​ខ្លួន​ដើម្បី​ទទួល​បាន​លទ្ធផល​ទៅតាម​បទបញ្ជា​បច្ចេកទេស​នៃ ​ប្រភេទ​កីឡា​នីមួយៗ​។ ​នេះ​ជា​មូលដ្ឋានគ្រឹះ​នៃ​ការគោរព​វិន័យ​រក្សា​សណ្ដាប់ធ្នាប់​ សេចក្ដីថ្លៃថ្នូរ​ និង​កិត្តិយស​ដែល​ជា​ការ​ចាប់​ផ្ដើមកសាង​វប្បធម៌​ចេះ​រស់នៅ​ជាមួយគ្នា​។​ ម្យ៉ាងវិញទៀត​ក៏​ជា​សេវា​សុខភាព​មាន​តម្លៃ​ស្មើ​សេវា​សុខាភិបាល​ដូច្នោះ​ដែរ ​។

​ ជា​មួយ​នេះ​វិស័យ​កីឡា​បាន​រួម​ចំណែក​កាត់បន្ថយ​ភាព​អសកម្ម​ និង​អំពើ​អបាយមុខ​ក្នុង​សង្គម​ដូចជា ការ​សេព​គ្រឿងញៀន លក​បែង​ស៊ីសង អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ក្នុង​សង្គមជាតិ​។​ វា​ជា​ប្រការ​សំខាន់​សម្រាប់​ក្មួយៗ ​ស្ថិត​ក្នុង​វ័យ​សិក្សា​ដែល​ចាំបាច់​ត្រូវ​កសាង​ខ្លួន​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ​ និង​មិត្ត​ល្អ ដើម្បី​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​ល្អ​នៅ​ថ្ងៃ​អនាគត​នោះ​ក្មួយៗ​ត្រូវ​បណ្ដុះ​ ឲ្យ​បាន​នូវ​សម្បត្តិ​ទាំង​បួន​ក្នុង​ជីវិត​គឺ ១.​សម្បត្តិ​ផ្លូវកាយ​ ២.​សម្បត្តិ​បញ្ញា ​៣.​សម្បត្តិ​សីលធម៌ ​៤​.សម្បត្តិ​ទ្រព្យ ទើប​ឆ្លើយ​តប​បាន​ទៅ​នឹង​ការ​កសាង​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ​ ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ខ្ពស់​៕

គឹម សេង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684