ព័ត៍មានទាន់​ហេតុការណ៏
Search
13

រថយន្ត​វីហ្គូ​ព្រលះ​ជាមួយ​ឡានពេទ្យ​ពេញ​ទំហឹង​ ពេល​កំពុង​បើក​ស៊ីរ៉ែន​ដឹក​អ្នកជំងឺ​

បាត់ដំបង ៖ រថយន្ត​ចំនួន​ពីរ​គ្រឿង​បាន​ព្រលះ​គ្នា​យ៉ាង​ពេញ​ទំហឹង បណ្តាលឲ្យខូចខាត​យ៉ាងដំណំ​ព្រមទាំង​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នកជំងឺ​ ដែល​ស្ថិត​នៅក្នុង​រថយន្ត​សង្គ្រោះ​នោះ ខណៈដែល​រថយន្ត​ទាំងពីរ​បាន​ពើបប្រទះ​គ្នា​នៅ​ត្រង់ចំណុច​ផ្លូវបំបែក​ក្បែរ​ របង​តុលាការ កាលពី​វេលា​ម៉ោង​១០និង៣០​នាទី​ព្រឹក​ថ្ងៃទី​២​ ខែមេសា​ ឆ្នាំ២០១៥ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

យោង​តាម​សាក្សី​ដែល​នៅ​ជិត​នឹង​ចំណុចកើតហេតុ​បាន​ និយាយថា ដំបូង​គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រីស័រ​ពណ៌ស ពាក់​ស្លាក​លេខ ONG 146-2-003 ដែល​ជា​រថយន្ត​របស់​មន្ទីរពេទ្យ​អ៊ីមេ​ចិន​ស៊ី ដោយមាន​ដឹក​អ្នកជំងឺ​នៅក្នុង​រថយន្ត​នោះដែរ បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ន័យ​បន្ទាន់ ព្រោះ​មាន​បើកភ្លើង​ស៊ីរ៉ែ​ន​ផង ដោយ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​។​

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ទៅ​ជិត​ដល់​ផ្លូវបែក​ជា​បួន​ត្រង់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​VIGO ពណ៌ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA 7929 ក៏​បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ខ្វែងគ្នា​ ពី​ជើង​ទៅ​ត្បូង​ ដោយ​ពុំ​មាន​បន្ថយល្បឿន​នៅត្រង់​ផ្លូវ​បំបែក​ឡើយ ទើប​បណ្តាលឲ្យ​ប៉ះទង្គិច​គ្នា​យ៉ាង​ពេញ​ទំ​ហឹង ដោយ​កៀប​ជាប់​គ្នា​រុញ​ឡើង​ទៅលើ​​ចិញ្ចើមថ្នល់​តែម្តង​។ នៅក្នុងពេល​នោះដែរ បើ​ទោះបីជា​សមត្ថកិច្ច​នៃ​ការិយាល័យ​ចរាចរ​ផ្លូវគោក​មកដល់​ក៏​ដោយ​ក៏​ អ្នកជំងឺ​ទាំងនោះ​មិនអាច​ចុះ​ពី​រថយន្ត​បាន​ដែរ ថែមទាំង​បាន​និយាយថា ពួកគាត់​មានការ​ភិតភ័យ​ខ្លាំង​ណាស់ ដោយ​ពួកគាត់​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ពី​មន្ទីរពេទ្យ​អ៊ីមេ​ចិន​ស៊ី​ឆ្ពោះទៅ ​កាន់​មន្ទីរពេទ្យ​យី​គក់ ដើម្បី​ឆ្លុះ និង​ស្គែន​ខួរក្បាល ក៏​ស្រាប់តែ​មានរឿង​កើតឡើង​នៅ​ពាក់​កណ្តាលផ្លូវ​ទៅវិញ​។​

ដោយឡែក​ភាគី ​រថយន្ត​VIGO ដែល​មាន​ដាក់​ស្លាក​សញ្ញា​ជា​មន្ត្រី​យោធា​របស់​ក្រសួង​ការពារ​ជាតិ​ផង​នោះ បាន​និយាយ​ថា អាង​តែ​ខ្លួន​ជា​ឡានពេទ្យ​ បើក​អី​ក៏​លឿន​ម្ល៉េះ​ ភាសា​នេះ​ គឺ​លោក​​ដែល​ជា​អ្នកបើកបរ​ប្រហែលជា​និយាយ​ដោយ​មិនបាន​ពិចារណា​ទេ​មើលទៅ ព្រោះ​បើ​រូបគេ​ផ្ទាល់​​ធ្វើការ​បើកបរ​ក្នុង​ល្បឿន​ធម្មតា​នោះ ​ប្រហែលជា​អាច​ជាន់​ហ្វ្រាំង​ទាន់ ហើយក៏​មិន​មាន​គ្រោះថ្នាក់​កើតឡើង​នោះ​ដែរ។ ព្រោះ​រថយន្ត​ម្ខាង​ទៀត​ គេ​បាន​បើកភ្លើង​ស៊ីរ៉ែ​ន ដែល​ជា​សញ្ញា​មាន​អភ័យ​ឯក​សិទ្ធិ ​ដូច្នេះ​យើង​ទាំងអស់គ្នា​ត្រូវតែ​ស្គាល់ និង​ត្រូវ​ចេះ​គោរព​នូវ​សញ្ញា​នេះ​​មិន​ត្រូវ​បំពាន​ឡើយ​។​

ភ្លាមៗ​ នោះ​ដែរ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​អ៊ីមេ​ចិន​ស៊ី ​បាន​បន្ថែម​រថយន្ត​មក​មួយ​គ្រឿង​ទៀត​ដើម្បី​ដឹក​សាង​អ្នកជំងឺ​បន្ត​បញ្ជូន​ ទៅកាន់​មន្ទីរពេទ្យ​យី​គក់ ដោយឡែក​រថយន្ត​ទាំងពីរ​គ្រឿង​ដែល​មាន​បញ្ហា​ត្រូវបាន​សមត្ថកិច្ច​នាំ​យក​ទៅ​ កាន់​ការិយាល័យ​ដើម្បី​រក្សាទុក និង​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

និយមរដ្ឋ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684