ព័ត៍មានទាន់​ហេតុការណ៏
Search
12

ស្វែងយល់​ពី​ច្បាប់ ៖ នីតិវិធី​ធ្វើ​សវនាការ​

 

សវនាការ​មួយ​ត្រូវបាន​ប្រព្រឹត្ត​ឡើង​តាម​ការកំណត់​របស់​ចៅក្រម​ជំនុំ​ជំ ​រះ​ហើយ​លំដាប់​លំដោយ ដែល​ត្រូវអនុវត្ត​ពេល​សវនាការ​រួមមាន​ដូចតទៅ​ ៖ ជា​គោលការណ៍​នៃ​សវនាការ គឺ​ការ​ជំនុំ​ជំ​រះ​ប្រព្រឹត្ត​ឡើងជា​សាធារណៈ លើកលែងតែ​រឿងក្ដី​នោះ​ប៉ះពាល់​ដល់​ការ​សំងាត់​របស់​រដ្ឋ និង​ប៉ះពាល់​ដល់​សីលធម៌​សង្គម​។ ករណីនេះ​តុលាការ​ត្រូវធ្វើ​ការសួរដេញដោល​ជា​សំងាត់ ប៉ុន្តែ​ការ​ប្រកាស​សាលក្រម​ដាច់ខាត​ត្រូវតែ​ប្រកាស​ជា​សាធារណៈ បើ​ពុំ​នោះទេ​សាលក្រម​នេះ​ចាត់ទុកជា​មោ​ឃៈ​។​

​គ្រប់ការ​ណី​ដែល​ តុលាការ​ប្រកាស​ជំនុំ​ជំ​រះ​ជាសំងាត់​តុលាការ​ត្រូវ​បញ្ជាក់​ពី​មូលហេតុ​នៃ​ ការប្រកាស​នេះ​ ៖ -​សវនាការ​របស់​តុលាការ ត្រូវតែ​អនុវត្ត​នូវ​គោលការណ៍​ពលរដ្ឋ​គ្រប់រូប​មាន​ភាពស្មើគ្នា ចំពោះ​មុខ​ច្បាប់​ដោយ​ឥត​ប្រកាន់​ជនជាតិ ជំនឿ សាសនា ភេទ ឋានៈ​ក្នុងសង្គម និង​និន្នាការ​នយោបាយ​។​

-​សវនាការ​របស់​តុលាការ ត្រូវតែ​ប្រព្រឹត្តឡើង​ផ្អែកលើ​ច្បាប់​ជា​ធរមាន​។ តុលាការ​មិនអាច​លើកយក​បទល្មើស​ណាមួយ​មក​ជំនុំ​ជំ​រះ​ដែល​ពុំ​មានចែង​ក្នុង​ ច្បាប់​នោះទេ​។​ -​ភាសា​ដែល​ប្រើ​ចំពោះមុខ​តុលាការ​គឺជា​ភាសា​ខ្មែរ ប៉ុន្តែ​តុលាការ​ធានា​ឲ្យ​ពលរដ្ឋ​ដែល​ជា​ជនជាតិភាគតិច​ប្រើ​ភាសា និង​អក្សរ​របស់​ខ្លួន​បាន​។​

​ ការ​ជំនុំ​ជំ​រះ​ផ្នែក​ព្រហ្មទណ្ឌ មាន​គោលការណ៍​បង្ហាញ​ដល់​ចៅក្រម​ជំនុំ​ជំ​រះ​នូវ​ភស្តុតាង​នានា​ដើម្បី​ឲ្យ​ ចៅក្រម​ជំនុំ​ជំ​រះ​មានលទ្ធភាព​សម្រេច​អំពី​ពិរុទ្ធភាព អំពី​វិធានការណ៍​ដែល​ត្រូវ​អនុវត្ត​ទៅលើ​ជនជាប់ចោទ​។​

ដូចដែល​បាន​ បញ្ជាក់​ពី​ខាងដើម​រួចមកហើយ​ថា សមត្ថកិច្ច​នៃ​អង្គ​សវនាការ​ត្រូវមាន​ចៅក្រម​ម្នាក់​តំណាង​អយ្យការ​ម្នាក់ និង​ក្រឡាបញ្ជី​ម្នាក់ ក្រៅពីនេះ​អ្នក​ដែល​ចូលរួម​ក្នុង​សវនាការ​។ ជន​ដែល​ចូលរួម​ក្នុង​នីតិវិធី​ជំនុំ​ជំ​រះ​អាច​ចែកជា​ពីរ​ប្រភេទ​គឺ ​៖ ១)​ជន​ចូលរួម​ដែលមាន​ការទាក់ទង​ដល់​ផល​ប្រយោជន៍​រួមមាន ​៖ ជនជាប់ចោទ ជនរងគ្រោះ ដើមបណ្ដឹង​រដ្ឋប្បវេណី និង​អ្នកទទួលខុសត្រូវ​ខាង​រដ្ឋប្បវេណី​។ ២)​ជន​ដែល​ចូលរួម​ដោយមាន​កាតព្វកិច្ច​រួមមាន​ ៖ មេធាវី​ជនជាប់ចោទ មេធាវី​ជន​រង​គ្រោះ សាក្សី​អ្នកជំនាញ និង​អ្នកបកប្រែ​ភាសា​។​

​ សាក្សី​គឺ​ជន​ទាំងឡាយ​ណា​ដែល​ដឹង​ច្បាស់លាស់​អំពី​ដំណើរការ​នៃ​បទល្មើស អំពី​សាវតារ​ជាតិ​ជនជាប់ចោទ ដើម្បី​ឲ្យ​តុលាការ​មានលទ្ធភាព​ធ្វើការ​ពិនិត្យ​បញ្ជាក់​លើ​ភស្តុតាង​។ ចាត់ទុកថា​គ្មាន​សមត្ថភាព ធ្វើ​សាក្សី ជន​ដែលមាន​វិបត្តិ​ស្មារតី​។ សាក្សី​ក្នុង​រឿង​ព្រហ្មទណ្ឌ មិនបាន​កំណត់​អាយុ​ដូចជា​សាក្សី​ក្នុង​រឿងក្ដី រដ្ឋប្បវេណី​ទេ​។ មិនអាច​ធ្វើជា​សាក្សី​បានទេ ជន​ដែល​តុលាការ​ដកសិទ្ធិ មិន​ឲ្យ​ធ្វើជា​សាក្សី ឪពុក ម្តាយ ជីដូន ជីតា កូនប្រុស កូនស្រី បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី របស់​គូក្ដី ញាតិពន្ធ​នៃ​ថ្នាក់​ដែលមាន​ចែង​ដូចខាងលើ​ប្ដី ឬ​ប្រពន្ធ​ទោះបី​បាន​លែងលះ​ហើយក៏​ដោយ​។ អ្នក​ទាំងអស់នេះ​អាច​សួរ​យក​ចំលើយ​បាន តែ​គ្រាន់​ទុកជា​ព័ត៌មាន​ប៉ុណ្ណោះ​៕​

អង្គ​កុលបុត្រ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684