ព័ត៍មានទាន់​ហេតុការណ៏
Search
14

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ជួញដូរ​គ្រឿងញៀន បញ្ជូន​ទៅ​តុលាការខេត្ត​

កំពង់ចាម ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន​២​ករណី​ផ្សេងគ្នា ក្នុង​ខេត្តកំពង់ចាម នៅ​ល្ងាច​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៥ ចំណុច​យានដ្ឋាន​លាង​រថយន្ត​សុខ​សាន ស្ថិតនៅ​ភូមិ​ទី​១៥ ១​ករណី និង​១​ករណី​ទៀត គឺ​នៅ​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៥ ចំណុច​ផ្ទះ​លេខ​៦ ស្ថិត​ក្នុង​ភូមិ​ទី​១០ សង្កាត់​-​ក្រុង​-​ខេត្តកំពង់ចាម ដូចគ្នា។ លទ្ធផល​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ ស្រី​១​នាក់ រឹបអូស​ថ្នាំញៀន​បាន​ចំនួន​១៥​កញ្ចប់ ធំ​១​កញ្ចប់ តូច​ចំនួន​១៤​កញ្ចប់ និង​សំភារៈ​វេច​ខ្ចប់ សេព​មួយចំនួនធំ។

លោក វរៈសេនីយ៍ទោ សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​ឲ្យ​ដឹងថា បន្ទាប់​ពី​យើង​ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​លក់​ចែកចាយ​គ្រឿងញៀន​ ក្នុង​ក្រុង​កំពង់ចាម​ភ្លាម កម្លាំង​យើង​បាន​ប្រើប្រាស់​វិធាន​ញុះញង់ ដើម្បី​ឈាន​បង្ក្រាប​ករណីនេះ​ដោយមាន​ការដឹកនាំ​បញ្ជា​ពី​លោក ព្រះរាជអាជ្ញារង ផាន់ សុភ័ក្ត្រ អម​សាលាដំបូង​ខេត្ត​ផងដែរ។ ក្នុង​ភារកិច្ច​នេះ កម្លាំង​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ ស្រី​១​នាក់ រួមមាន​៖ ១-​ឈ្មោះ អឿន អន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ជី​នាង ឃុំ​ទ្រាន ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។ ២-​ឃ្លោក ផាន់ណា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរមាស ក្រុង​-​ខេត្តកំពង់ចាម ។ ៣-​វ៉ឹ​ង ម៉េង​លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទី​១០ សង្កាត់​-​ក្រុង​-​ខេត្តកំពង់ចាម។ និង​ជនសង្ស័យ​ទី​៤-​ស៊ីម ស្រី​ពៅ ភេទ​ស្រី អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ទី​១០ សង្កាត់​-​ក្រុង​-​ខេត្តកំពង់ចាម។ ដកហូត​វត្ថុតាង​ថ្នាំញៀន​បាន​ចំនួន​១៥​កញ្ចប់ ធំ​១​កញ្ចប់ និង​តូច​ចំនួន​១៤​កញ្ចប់ ទម្ងន់​៦,៨៩​ក្រាម ជញ្ជីង​អេ​ឡិច​ត្រូនិក​១​គ្រឿង ទូរស័ព្ទ​ចំនួន​៣​គ្រឿង ដាវ​១​ដើម និង​ឧបករណ៍​សេព​មួយចំនួន។ ជនសង្ស័យ អ៊ឹង ម៉េង​លី ជា​មុខសញ្ញា​ទើប​ដោះលែង​ពី​ព័ន្ធ​នាគារ​រយៈពេល​៤ ទៅ​៥​ខែ​មុ​ប​នេះ យើង​ចាប់​សារ​មុន​ត្រូវបាន​កាត់​ទោស​៣​ឆ្នាំ ក្រោយពី​ដោះលែង​មក នៅ​ប្រព្រឹត្ត​បទល្មើស​ដដែល។ ទាំង​២​ករណីនេះ ជំនាញ​បាន​កសាង​សំណុំ​រឿង​ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី។

លោកនាយ​ ការិយាល័យ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ពេល​ថ្មីៗ​នេះ ត្រូវ​អាជ្ញាធរ​ជាតិ​បាន​បើក​សន្និបាត​ការងារ​គ្រឿងញៀន​នេះ ពិសេស​ក្នុងនោះ​ឯកឧត្តម​ឧប​ទាំងពីរ​បាន​ចង្អុលបង្ហាញ​ឲ្យ​ខេត្ត​និមួយៗ​ យកចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាប ពិសេស​ការងារ​ផ្សព្វផ្សាយ ភូមិ ឃុំ មាន​សុវត្ថិភាព ទាក់ទង​ទៅ​នឹង​គ្រឿងញៀន​នេះ យកចិត្តទុកដាក់​ជា​ចំណុច​ខ្ពស់។ ហើយ​កន្លង​ទៅនេះ ខេត្តកំពង់ចាម​យើង​ទទួល​បាន​ជោគជ័យ​ច្រើន​ក្នុង​ការ​បង្ក្រាប ហើយក៏​យើង​បាន​ខំ​ប្រឹងប្រែង​បន្ត​ទៀត ទាក់ទិន​ទៅ​នឹង​ការងារ​ផ្សព្វផ្សាយ និង​ការងារ​បង្ក្រាប​នេះឯង សម្រាប់​គណៈកម្មការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ថ្នាក់​ខេត្ត ចំណុច​ខ្ពស់​សម្រាប់​ការងារ​គ្រឿងញៀន​នេះ ដើម្បី​ឈាន​ទៅ​ចាប់​បង្ក្រាប​ឲ្យ​ដល់​ឫសគល់​ក្នុង​ខេត្តកំពង់ចាម៕

សានវិឡែម



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684