Connect with us

សេដ្ឋកិច្ច

ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន តាមដានការវិវត្ត វិស័យអចលនទ្រព្យ

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដើម្បីធ្វើជាសូចនាករមួយដ៏សំខាន់ក្នុងការតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ និងលំនៅដ្ឋានដែលកំពុងរីកចម្រើនខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសបើកសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅព្រឹកថ្ងៃទី០៦ ខែមិថុនានេះ លោកស្រី ជា សិរី ឧបការីទេសសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅដ្ឋាន គឺជាជំហាន និងសមិទ្ធផលថ្មីមួយទៀតនៃការងារចងក្រងស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បម្រើដល់ការវិភាគ និងវាយតម្លៃដំណើរការសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យ និងសំណង់។

លោកស្រីបានបន្តថា ការដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅដ្ឋាន នឹងរួមចំណែកដ៏សំខាន់ក្នុងការតាមដាន វាយតម្លៃ និងរៀបចំគោលនយោបាយអភិវឌ្ឍន៍ ក៏ដូចជាវិធានការនានា ដើម្បីកាត់បន្ថយហានិភ័យជាអតិបរមា ក្នុងគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

លោកស្រីបានបន្តថា សិក្ខាសាលានេះនឹងផ្តល់ឱកាសបន្ថែមទៀតដល់អ្នកប្រើប្រាស់ទិន្នន័យ ដើម្បីសាកសួរបន្ថែមពី ដំណើរការនៃការចងក្រងសន្ទស្សន៍ថ្លៃលំនៅដ្ឋាននេះ។

លោកស្រីបានលើកឡើងថា៖ “ការចងក្រងស្ថិតិមានសារៈសំខាន់ណាស់ ព្រោះនៅក្នុងសេដ្ឋកិច្ចមួយ ពេលដែលដើរលឿនទៅមុខ នៅពេលដែលយើងអត់មានអ្វីមកវ៉ាស់វែង និងដើរបានជំហានប៉ុន្មាន វាប្រៀបដូចមនុស្សខ្វះភ្នែកអ៊ីចឹងដែរ ហើយយើងបើកបរឡាននៅតាមផ្លូវ បើយើងអត់មានកុងទ័រសម្រាប់មើលថា ជិះទៅប៉ុន្មានគីឡូម៉ែត្រក្នុង១ម៉ោង និងជិះទៅបានប៉ុន្មានគីឡូទេ ដោយអត់មានទិសដៅ និងមិនដឹងថា ធ្វើដំណើរបានប៉ុន្មាន ក៏វាលំបាកដែរ”។

លោកស្រី ជា សិរី បានបញ្ជាក់ថា វិស័យអចលនទ្រព្យ និងសំណង់បានក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងការគាំទ្រ កំណើនសេដ្ឋកិច្ច ហើយព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងវិស័យនេះរឹតតែសំខាន់ទៅទៀត សម្រាប់អ្នករៀបចំគោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុ សំដៅតាមដានអតុល្យភាពម៉ាក្រូ សេដ្ឋកិច្ច និងវាយតម្លៃហានិភ័យដែលអាចកើតមានលើវិស័យពាក់ព័ន្ធ ពិសេសវិស័យហិរញ្ញវត្ថុ។

លោក ស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ មានប្រសាសន៍ថា សន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដែលផ្សព្វផ្សាយនាពេលនេះ នឹងជាសូចនាករមួយដ៏សំខាន់ក្នុងការតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ និង លំនៅដ្ឋានដែលកំពុងរីកចម្រើនខ្លាំងក្នុងពេល ២ ទសវត្សកន្លងមកនេះ។

លោកស្រីបានបន្តថា វិស័យអចលនទ្រព្យ និងលំនៅដ្ឋាននេះ គឺជាវិស័យមួយក្នុងចំណោមវិស័យធំៗសំខាន់បួនរួមមាន វិស័យ ទេសចរណ៍ កម្មន្តសាល់កាត់ដេរ សំណង់ និងកសិកម្ម ដែលបានជម្រុញកំណើពសេដ្ឋកិច្ចកម្ពុជា ២ ទសវត្សកន្លងមកនេះ ហើយក៏បានជួយជំររុញឱ្យមានកំណើនក្នុងវិស័យពាក់ពន្ធ័រួមមាន វិស័យធនាគារ ហិរញ្ញវត្ថុ ធនារ៉ាប់រង សំណង់ លក់ដុំលក់រាយ ដឹកជញ្ចូន …។ល។

លោកស្រីបានបន្តទៀតថា ដូចនេះការតាមដាន និងត្រួតពិនិត្យទាន់ពេល នឹងជួយបង្ការហានិភ័យផ្សេងៗ រួមទាំងវិធានការទប់ទល់មានប្រសិទ្ធភាព នឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ ជៀសផុតវិបត្តិសេដ្ឋកិច្ចទាំងឡាយដែលអាចកើត ឡើងចេញពីវិបត្តិនៃវិស័យ អចលនទ្រព្យនេះ ដូចប្រទេសមួយចំនួនធ្លាប់ជួបប្រទះក្នុងអតីតកាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម