ប្រធាន​គណៈកម្មការ​ទី​៣​រដ្ឋសភា ​លើកទឹកចិត្ត​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល ជួយ​កែប្រែ​ទម្លាប់​កសិករ​ ​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ប្រធាន​គណៈកម្មការ​ទី​៣​រដ្ឋសភា ​លើកទឹកចិត្ត​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល ជួយ​កែប្រែ​ទម្លាប់​កសិករ​ ​

Published

on

លោក ឡូយ សុផាត សូម​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល ​ស្តីពី​កម្ពុជា ជួយ​កែប្រែ​ទម្លាប់​ប្រជាកសិករ ហើយ​ទទួល​បាន​នូវ​ចំណេះដឹង​ដាំ​ដុះ​ ដែល​ទទួល​​ទិន្នផល​ខ្ពស់​។

នៅក្នុង​វេទិកា​កសិករ​ថ្នាក់​ជាតិ ​លើក​ទី​៩ ក្រោម​ប្រធានបទ “​កសិករ​ខ្នាត​តូច​ ក្នុង​បរិបទ​កូ​វីដ​-១៩” ក្រោម​ការរៀបចំ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្ដីពី​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ​កាលពី​ព្រឹក​ថ្ងៃទី​២១​តុលា​នេះ លោក​ ឡូយ សុផាត ប្រធាន​គណៈកម្មការ​ទី​៣​ រដ្ឋសភា (​ប្រធាន​គណៈ​កម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក​) បាន​លើកឡើងថា ក្នុង​ស្ថានភាព​កូ​វីដ​នេះ យើង​ជួប​បញ្ហា​ប្រឈម​ជាច្រើន ប៉ុន្តែ​ដោយមាន​វិស័យ​កសិកម្ម​នៅ​ទ្រទ្រង់​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​លំនឹង ហើយ​ជីវភាព​ប្រជាជន​យើង​នៅ​កន្លែង​ខ្លះ​នៅតែ​ល្អ​។

លោក​ប្រធាន​គណៈកម្មការ​ បាន​លើកទឹកចិត្ត​ដល់​អង្គ​វេទិកា​ ចំណុច​ដែល​សំខាន់​ក្នុង​ការ​ពិភាក្សា​នា​ពេល​នេះ សូម​ឲ្យ​ផ្តោត​ការយកចិត្តទុកដាក់​ អំពី​ការ​កែប្រែ​ទស្សនៈ​របស់​បងប្អូន​ប្រជាកសិករ​យើង​ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​មានគំនិត​កែច្នៃ ពិសេស​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដាំ​ដុះ​ឲ្យ​អស់​លទ្ធភាព សម្រាប់​គ្រប់​ផលិតផល​ដែល​អាច​កែច្នៃ​បាន។

ក្នុងនោះ ដើម្បី​បង្កើន​តម្លៃ​បន្ថែម​តាម​តម្រូវការ​ទីផ្សារ ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ដូច​កសិករ​ម្នា​ក់​ មាន​ដី​តូច​នៅ​ស្រុក​ស្អាង ​ខេត្តកណ្តាល ដោយមាន​អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូ​ទីផ្សារ​ ចុះជួយ​បណ្ដុះ​បណ្ដាល​ ធ្វើ​ឲ្យ​គាត់​មាន​ចំណេះដឹង​ មាន​ជំនាញ​ដាំ​ដុះ​ អា​ច​រក​ចំណូល​លើ​ដី​តូច រយៈ​ពេល​កន្លះ​ឆ្នាំ ​រកបាន​៦០០​ដុល្លារ​។

មួយទៀត​ កសិករ​នៅ​ឃុំពពល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កសិករ​មួយ​ មាន​ដី​ជាង​១០០០​ម៉ែត្រក្រឡា ប៉ុន្តែ​ការផលិត និង​ការចិញ្ចឹម​សត្វ​របស់គាត់​រក​ចំណូល​ជា​មធ្យម​បាន​ពី ​១ ០០០ ​ដុល្លារ​ឡើង​។ ដូច្នេះ​ការ​ជួយ​ឲ្យ​ប្រជាកសិករ​មាន​ចំណេះដឹង ​មាន​ជំនាញ​លើ​ផ្នែក​ដាំ​ដុះ​សំខាន់​ណាស់ ដែល​អង្គ​វេទិកា​យក​ចិត្ត​ទុក​ដាក់​។​

តាម​របាយការណ៍​ លោក​បណ្ឌិត តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​ នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា វេទិកា​ឆ្នាំនេះ​ ប្រារព្ធ​ធ្វើឡើង ​ក្រោម​ប្រធានបទ​“​កសិករ​ខ្នាត​តូច​ក្នុង​បរិបទ​កូ​វីដ-​១៩” ដោយមាន​អ្នកចូលរួម​សរុប​ចំនួន​១៦២​នាក់ ដែល​អញ្ជើញ​មកពី​តំណាង​កសិករ​ មកពី​១៤​ខេត្ត​/​ក្រុង សហគមន៍​កសិកម្ម កសិករ ស្ត្រី​ឆ្នើម យុវជន ជនជាតិដើម​ភាគតិច តំណាង​រដ្ឋសភាជាតិ តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល មន្ទីរ​កសិកម្ម និង​មន្ទីរ​កិច្ចការនារី​តាម​ខេត្ត​ក្នុង​តំបន់ ក្រសួង​ពាក់ព័ន្ធ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ ស្ថាប័ន​សិក្សា​ស្រាវជ្រាវ វិស័យ​ឯកជន ធនាគារ អ្នកសារព័ត៌មាន ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​កសិផល​រប​ស់​កសិករ​ខ្នាតតូច។

បន្ថែម​ពី​នោះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ក៏ដូចជា​ការ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ដែល​ពាក់ព័ន្ធ ជាពិសេស​យន្តការ​គាំទ្រ​កសិករ​ខ្នាត​តូច ឆ្លើយតប​ផល​ប៉ះពាល់​ នៃ​កូ​វីដ-​១៩ និង​ពង្រឹង កិច្ច​សហការ និង​ភាពជា​ដៃគូ។ ដើម្បី​គាំទ្រ​កសិករ​ខ្នាត​តូច លើ​ការ​វិនិយោគ​វិស័យ​កសិកម្ម និង​ក​សិ​ធុរៈ​កិច្ច​ក្នុង​ស្ថានភាព និង​ក្រោយ​ការ​រីករាលដាល ​នៃ​ជំងឺ​កូ​វីដ-​១៩៕

អត្ថបទ ៖ ប៉ាល់ សុង​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម