រថយន្តស្ទូច បើក​ទាក់ខ្សែភ្លើងបង្ក​ឲ្យ​រលំបង្គោលភ្លើងកកស្ទះចរាចរនៅផ្លូវលេខ51កែង108 – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

រថយន្តស្ទូច បើក​ទាក់ខ្សែភ្លើងបង្ក​ឲ្យ​រលំបង្គោលភ្លើងកកស្ទះចរាចរនៅផ្លូវលេខ51កែង108

Published

on

ភ្នំពេញ៖លោកសុខពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ចែងកម្លាំងចុះទៅដល់គោលដៅភ្លាមៗក្រោយពីទទួលដំណឹងថា មានរថយន្តស្ទូចមួយគ្រឿងបើកឆ្លងកាត់ផ្លូវបណ្ដាលឱ្យទាក់ខ្សែភ្លើង រលំបង្គោលភ្លើង ធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវមិនអាចធ្វើដំណើរឆ្លងកាត់បាន។

នៅវេលាម៉ោង 9 និង 30 នាទីថ្ងៃទី 11 ខែវិច្ឆិកាឆ្នាំ 2020 គេឃើញរថយន្តស្ទូចដ៏ធំមួយគ្រឿងពណ៌ក្រហមដែលប្រជាពលរដ្ឋជិតខាងអះអាងថាជារថយន្តរបស់អគ្គិសនីកម្ពុជាបានបើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ 108ពីលិចមកកើតលុះមកដល់កែងផ្លូវលេខ51ស្រាប់តែរថយន្តនោះបានទាក់នឹងខ្សែភ្លើងបណ្ដាលឱ្យរលំបង្គោលភ្លើងដែលស្ថិតនៅខាងមុខបង្គន់សាធារណៈអតីតទីលានប្រជាធិបតេយ្យខាងលិចស្ពាននាគក្បែរក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្តទៀតថា ក្នុងហេតុការណ៍ដែលទាក់ខ្សែភ្លើងនោះត្រូវបានតែកុងរួមទាំងព្រូបានចុះដោះខ្សែភ្លើងចេញពីដងស្ទូចដែលទាក់នោះ ហើយក៏បើកតិចៗទៅបាត់។

ពាក់ព័ន្ធក្នុងហេតុការណ៍នេះ លោកសុខពេញវុធ អភិបាលខណ្ឌដូនពេញបានចាត់ចែងកម្លាំងសមត្ថកិច្ចរួមទាំងកម្លាំងប្រជាការពារចុះមកដល់កន្លែងកើតហេតុភ្លាមភ្លាមៗ ដើម្បីអន្តរាគមន៍បញ្ចៀសចរាចរណ៍ដោយដាក់ប៉ារ៉ាស់បិទកុំឲ្យធ្វើដំណើរឆ្លងកាត់នៅទីនោះទៀតដើម្បីបង្ការគ្រោះថ្នាក់រួមទាំងបានទាក់ទងទៅផ្នែកជំនាញអគ្គិសនីដើម្បីមកចាត់ចែងរៀបចំដើម្បីកុំឲ្យមានបញ្ហាកកស្ទះចរាចរណ៍ទៀត៕

អត្ថបទ៖ រស្មី

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម