កម្ពុជា​គ្មាន​ច្បាប់​ហាម​ពលរដ្ឋ​ខ្លួនឯង​មិន​ឲ្យ​ចូល​ស្រុក​វិញ នៅពេល​លិខិតឆ្លងដែន​អស់​សុពលភាព​នោះទេ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

កម្ពុជា​គ្មាន​ច្បាប់​ហាម​ពលរដ្ឋ​ខ្លួនឯង​មិន​ឲ្យ​ចូល​ស្រុក​វិញ នៅពេល​លិខិតឆ្លងដែន​អស់​សុពលភាព​នោះទេ

Published

on

លោក សួន សេរី​រដ្ឋា បាន​អះអាង​ថា សហរដ្ឋអាមេរិក មិនមាន​ច្បាប់​ហាមឃាត់​ជនបរទេស​មិន​ឲ្យ​ចេញពី​ប្រទេស នៅ​លិខិតឆ្លងដែន​អស់​សុពលភាព ឬ​ផុតកំណត់​នោះទេ ចំណែក​កម្ពុជា​ក៏​គ្មាន​ច្បាប់​ហាម​ពលរដ្ឋ​ខ្លួនឯង​មិន​ឲ្យ​ចូល​ស្រុក​វិញ នៅពេល​លិខិតឆ្លងដែន​អស់​សុពលភាព​នោះ​ដែរ ដូច្នេះ​ករណី​ដែល​អតីត​មេដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​នៅមុខ​ស្ថានទូត​ខ្មែរ នៅ Washington DC សុំ​ពន្យា​លិខិតឆ្លងដែន​នោះ វា​គ្រាន់តែ​ជា​ល្ខោន​នយោបាយ​ប៉ុណ្ណោះ​។

​ការ​លើក​ឡើង​របស់​លោក សួន សេរី​រដ្ឋា បាន​ធ្វើឡើង​បន្ទាប់ពី​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​នាំ​គ្នា​យក​លិខិត​ទី​ដាក់​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បី​ស្នើសុំ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផ្តល់​សុពលភាព​លិខិតឆ្លងដែន​ឡើងវិញ ដល់​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​រូប (១. អ្នកស្រី មូរ សុខ ហួរ , ២. លោក អេង ឆៃអ៊ាង , ៣. លោក ហូរ វ៉ាន់ , ៤. លោក ឡុង រី , ៥. លោក សោ ចាន់​ដេ​ត , ៦. លោក គង់ សភា ,៧. លោក វ៉ាន់ ណា​រិ​ទ្ធ , ៨. លោក ដាង ចំរើន , ៩. លោក ញឹម គិ​ម​ញុ​ល , ១០. លោក ហេង ដា​ណា​រ៉ូ និង​១១. លោក ម៉ន ផល្លា​)​។

លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ហើយ​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​បញ្ជាក់ថា ខ្ញុំ​ចង់​ប្រាប់​ឲ្យ​បងប្អូន​ជនរួមជាតិ​ឲ្យ​បានដឹងថា ១, សហរដ្ឋអាមេរិក មិន​មាន​ច្បាប់​ហាមឃាត់​ជនបរទេស​ណា មិន​ឲ្យ​ចេញពី​ប្រទេស​គេ​ទេ បើ​លិខិត​ឆ្លង ដែន​ដែល​សាមី​ប្រទេស​ចេញ​ឲ្យ​ប្រើ​នោះ អស់​សុពលភាព ឬ​ផុតកំណត់​នោះ ២, ប្រទេស​កម្ពុជា ក៏​មិន​មាន​ច្បាប់​ហាម​ពលរដ្ឋ​ខ្លួនឯង​ចូល​ស្រុក​វិញ​ដែរ បើ​លិខិតឆ្លងដែន​របស់​ពួកគេ​អស់​សុពលភាព ឬ​ផុតកំណត់​នោះ ៣, ករណី មួ សុខ​ហួ និង​បក្ខពួក បើសិនជា​លិខិតឆ្លងដែន​ខ្មែរ​របស់​ពួកគេ​អស់​សុពលភាព ឬ​ផុតកំណត់ ហើយ​ពួកគេ​ចង់​វិល​មក​ប្រទេស​ខ្មែរ​វិញ​មែន​នោះ គឺអាច​ទាក់ទង​ទៅ​ក្រសួង Homeland Security of US គេ​នឹង​ចេញ​លុយ​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ថែមទៀត ពីព្រោះ​គេ (​អាមេរិក​) មិន​ចង់​ឲ្យ​ពួក​អ្នករស់នៅ​ខុសច្បាប់ បន្ត​រស់នៅ​រត់គេច​ចុះឡើង​ក្នុងប្រទេស​គេ​ទេ​។ តែ​ករណី មួ សុខ​ហួ និង​ពួក​អ្នកមាន​សញ្ជាតិ​អាមេរិក ក៏​អាច​ប្រើ​លិខិតឆ្លងដែន​អាមេរិក​ធ្វើដំណើរ​បានដែរ​”​។

​លោក សួន សេរី​រដ្ឋា អះអាងថា ករណី មួ សុខ​ហួ និង​បក្ខពួក​ធ្វើ​សកម្មភាព ទៅមុខ​ស្ថានទូត​ខ្មែរ នៅ Washington DC សុំ​ពន្យារ​លិខិតឆ្លងដែន រួច​ថតរូប​បង្ហោះ​នោះ វា​គ្រាន់តែ​ជា​ល្ខោន​នយោបាយ​បោកប្រាស់ ទាល់ច្រក​អស់​ល្បិច ចេញ​មក​សំដែង​បោកប្រាស់​អ្នក​មិនដឹងខ្យល់ ដើម្បី​រក​លេស​រៃអង្គាស​យក​លុយ​ចាយ ធ្វើ​ទេសចរណ៍​នយោបាយ និង​លេងល្បែង​កាស៊ីណូ​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ៕
ដោយ ៖ កោះ​កែវ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម