ជំពាក់ ៦០០០ ដុល្លារ ប្តឹង​រឹប​អូស​ដី​បាន ៦ ហិកតា ថែម​ចង់​ប្តឹង​រឹបអូស​ផ្ទះ​ទៀត ត្រូវ​តុលាការ​ចេញ​សាលក្រម​​សម្រេច – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ជំពាក់ ៦០០០ ដុល្លារ ប្តឹង​រឹប​អូស​ដី​បាន ៦ ហិកតា ថែម​ចង់​ប្តឹង​រឹបអូស​ផ្ទះ​ទៀត ត្រូវ​តុលាការ​ចេញ​សាលក្រម​​សម្រេច

Published

on

នៅរសៀល​ថ្ងៃ​ទី​ ១១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​រាជធានី​ បាន​ប្រកាស​សាលដីកា​ ដោយបាន​សម្រេច​ប្រគល់ដី​ និង​ផ្ទះ​ នៅ​ភូមិ​ រាំងកេសី​ ឃុំ​រាំងកេសី​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ ជូនទៅ​ឈ្មោះ យូ​ ធារ៉ា​ និង​ប្រពន្ធ​ឈ្មោះ​ បូរ​ សុភី​ គ្រប់គ្រង​ជាម្ចាស់​កម្មសិទ្ធិ​វិញ​។

តុលាការក៏​បាន​បង្គាប់​ឲ្យ​លោកសាត​ គីមសាន​ ស្នងការខេត្ត​បាត់ដំបង​ និង​ ប្រពន្ធ​ សងជំងឺចិត្តដល់​ឈ្មោះ​ យូ​ ធារ៉ា​ និង​ ប្រពន្ធ​ ចំនួន​ ៤​ លានរៀល​។

គួរ​បញ្ជាក់​ថា​ នៅឆ្នាំ​ ២០០៨​ ឈ្មោះ​យូ​ ធារ៉ា​ និង​ ប្រពន្ធ​ឈ្មោះ​ បូរ​ សុភី​ បានមានរឿងក្ដីប្ដឹងផ្ដល់​ជាមួយ​លោក​ សាត​ គីមសាន​ និង​ ប្រពន្ធ​ អស់​រយៈពេល​ជាង​ ១០​ ឆ្នាំ​ ដែល​រឿងក្ដីនោះ​គឺ​ផ្ដើម​ចេញ​ពី​ការខ្ចីលុយចងការប្រាក់ចំនួន​ ៦០០០​ ដុល្លារ​ ។ ក្រោយ​មក​ជងរងគ្រោះ​ទាំងពីរនាក់​ប្ដី​ប្រពន្ធ​រកស៊ី​ខាត អត់​មាន​លទ្ធភាព​សងក៏បាន​ប្រគល់ដី​ស្រែ​ចំនួន​ ៤​ ហិកតា​ ដល់​លោក​ សាត​ គីមសាន​ និង​ ប្រពន្ធ​ ដេីម្បី​ទូទាត់​បំណុល​។ ប៉ុន្តែ​ដីស្រែ​ ៤​ ហិកតា​ នៅ​ក្នុង​ស្រុក​សង្កែ​ នៅតែ​មិនគ្រប់​តម្លៃ​ ៦០០០​ ដុល្លារ​ ​គឺ​នៅ​សល់​ប្រាក់​ ១៣០០​ ដុល្លារ​ ទៀត​ទេីបគ្រប់​ ។

ពេល​វេលា​ចេះតែ​អូសបន្លាយ​លុយនៅសល់​ ១៣០០​ ដុល្លារ​ បានកេីនការប្រាក់រហូតដល់​ ១៣០០០​ ដុល្លារ​ ហេីយ​លោក​ សាត​ គីមសាន​ និង​ប្រពន្ធ​ ក៏ប្ដឹងទាមទារ​រឹបអូស​យកដី​ និង​ ផ្ទះ​ នៅ​ភូមិ​ រាំងកេសី​ ឃុំ​ រាំងកេសី​ ស្រុក​ សង្កែ​ ខេត្ត​ បាត់​ដំបង​ ដែល​ជនរងគ្រោះកំពុង​រស់នៅ​ រហូត​ដល់​មានការប្ដឹងជាបទ​ល្មើស​ព្រហ្មទណ្ឌ​ ចាប់​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ ៧​ ខែ​ ។ សាលា​ដំបូង​ខេត្ត​បាត់ដំបង​ បានកាត់ក្ដី​រឹបអូស​ដកហូត​ដី​ និង​ ផ្ទះ​ របស់​ប្អូន​ទាំងពីរនាក់​ប្រគល់​អោយ​លោក​ សាត​ គីមសាន​ និង​ ប្រពន្ធ​ ។ ដោយសារ​មិន​សុខចិត្ត ជន​រងគ្រោះទាំងពីរក៏ប្ដឹងមកតុលាការជាន់ខ្ពស់​ និង​ បាន​មក​សុំជំនួយផ្លូវច្បាប់​ពី​ ឯកឧត្ដម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ រហូតទទួលបាន​យុត្តិធម៌​។

សាលា​ឧទ្ធរណ៍​បង្គាប់​ឲ្យ​លោកឧត្ដមសេនីយ៍​ សាត​ គីមសាន​ ស្នងការខេត្ត​បាត់ដំបង​ ប្រគល់ដី​ និង​ផ្ទះ​ និង​សងជំងឺចិត្តដល់​ជនរងគ្រោះ​ថែម​ ៤​ លានរៀល​៕

ប្រភព៖ ផែង វណ្ណៈ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម