ព្រឹទ្ធសភា អនុម័ត​សេចក្ដី​ព្រាងច្បាប់​ចំនួន ៦ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភា អនុម័ត​សេចក្ដី​ព្រាងច្បាប់​ចំនួន ៦

Published

on

សេចក្ដី​ព្រាងច្បាប់​ចំនួន ៦  ត្រូវបានសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​សម្ដេច​វិបុលសេនា​ភត្តី​ សាយ ឈុំ ប្រធានព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់​ឯកភាព​ទាំងស្រុង​ដោយ​ឥតកែប្រែនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ  ដោយចាត់ទុកថា ជា​ច្បាប់​សំខាន់​សម្រាប់​ប្រទេសជាតិ និង​ប្រជា​ជន​។

​លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និង​ជា​អ្នក​នាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​សម័យ​ប្រជុំ​នេះ​ថា ច្បាប់​ទាំង ៦នេះ មានច្បាប់ស្តីពីការអនុម័តយល់ព្រមលើ​​​ពិធីសារខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក រវាងព្រះរាជាណាចក្រ​កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបាន​សម័យ​ប្រជុំពេញអង្គព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង ដោយឥតកែប្រែចំនួន ៥២សំ​ឡេង​នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

​ច្បាប់នេះ គឺជាឯកសារគ្រឹះរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដោយកំណត់ខ្សែព្រំដែន​មិនកែ​ប្រែ​រឹង​មាំ យូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយ និងបង្កើនទំនាក់ទំនង​អ្នកជិតខាងល្អ ថែរក្សាបាននូវព្រំដែន​សន្ដិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រជាជាតិ និងប្រជាជននៃប្រទេស​ទាំង​ពីរ។

នេះជាជោគជ័យមួយនៃការអនុវត្តជាក់ស្ដែងនូវនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នៃព្រះ​រាជា​ណា​ចក្រកម្ពុជា ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងទទួលខុស​ត្រូវចំពោះ​ប្រវត្តិសាស្រ្ដ​ប្រទេសជាតិកម្ពុជា ស្របតាមមាត្រា៥២ ជំពូកទី៤ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ ទី២-ច្បាប់ ស្តីពី​ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ​​ ត្រូវ​បាន​សម័យ​ប្រជុំពេញអង្គព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំង​មូល ដោយឥត​កែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហររឹងប៉ឹង សុទិដ្ឋិនិយម ដោយបានធ្វើ​ទំនាក់​ទំនង​យ៉ាងជិតស្និទ្ធជាមួយអង្គការ ស្ថាប័នជាតិ ស្ថាប័នអន្ដរជាតិ ដើម្បីចុះហត្ថលេខាលើ​សន្ធិសញ្ញា​ស្ដីពីការ​ហាម​ឃាត់​អាវុធនុយក្លេអ៊ែរនេះ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងគោលបំណ​ង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​មួយ​មានអាវុធនុយក្លេអ៊ែរ និងផ្ដល់ជំនួយទ្រទ្រង់លើកទឹកចិត្តដល់​បណ្ដាប្រទេសហត្ថលេខី​នៃតំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

ម្យ៉ាងទៀតផ្អែកតាមមាត្រា៥៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់​ស្ដីពី​ការ​ហាមឃាត់អាវុធគីមី អាវុធ​នុយក្លេអ៊ែរ អាវុធជីវសាស្រ្ដ និងអាវុធវិទ្យុសកម្ម ដែលត្រូវបាន​ប្រកាស​ឱ្យ​ប្រើ​ដោយព្រះរាជក្រមលេខ៖ នស/រកម/១២០៩/០២៣ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៩ ព្រះរាជាណាចក្រ​កម្ពុជា​ហាមដាច់ខាតចំពោះការផលិត ការដឹកជញ្ជូន ការប្រើប្រាស់ ការរក្សាទុកអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធ​ជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ហើយការប្រកាន់ជំហរមិនពាក់ព័ន្ធនឹងការផលិតអាវុធនុយក្លេអ៊ែរ ជា​វិធានការ​រួមចំណែករបស់ប្រទេសកម្ពុជា ក្នុងការរក្សាសន្ដិភាព សន្តិសុខ សុវត្ថិភាព និង​ទប់ស្កាត់​នូវការ​រីកសាយ​ភាយអាវុធមហាប្រល័យ។

ទី៣-ច្បាប់​ស្តីពីការអនុម័តយល់ព្រមលើពិ​ធី​​សារទីមួយ ធ្វើវិសោធនកម្ម​កិច្ច​ព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមា​ជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ឯកភាព​ទាំងស្រុងលើ​សេចក្តីព្រាង​ច្បាប់​ទាំង​មូលដោយឥតកែប្រែចំនួន ៥២សំឡេង នៃ​ចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ដោយចាត់ទុកថា ពិធីសារនេះ នឹងធ្វើឱ្យពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានភាពល្អប្រសើរឡើងឆ្លើយតប​ទៅនឹងការវិវឌ្ឍនៃ​សេដ្ឋកិច្ច​ពិភពលោក នឹងតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ាន-ជប៉ុន តាមរយៈការធ្វើសេរីភាវូប-នីយកម្មលើ​ពាណិជ្ជកម្ម សេវាកម្ម បម្លាស់ទី​រូបវន្ត​បុគ្គល ការវិនិយោគ ព្រមទាំងលើកកម្ពស់សហប្រតិបត្តិការសេដ្ឋកិច្ច និង​បច្ចេក​ទេស​រវាង​អាស៊ាន-ជប៉ុន។

ព្រះរាជាណាចក្រកម្ពុជា នឹងមានកាលានុវត្តភាពកាន់តែច្រើនបន្ថែមទៀត ក្នុងការទទួលបានផល​ប្រយោជន៍​ពីកិច្ចព្រមព្រៀងដែលបានធ្វើវិសោធនកម្មរួចនេះ ដោយ​សារជប៉ុនជាទីផ្សារមូលធនដ៏ធំក្នុងតំបន់ ព្រមទាំង​មាន​បច្ចេកវិទ្យា​ជឿនលឿន។

ទី៤-ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងណ្ឌអាស៊ាន​​ស្តីពីសេវាកម្ម ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ទសភា ពិនិត្យនិងឱ្យយោបល់ឯកភាពទាំង​ស្រុងលើ​សេចក្តី​ព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

​ច្បាប់នេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេវាកម្ម ដោយលុបបំបាត់ឱ្យបានច្រើនបំផុត​នូវការរឹត​ត្បិតនានា ចំពោះ​ពាណិជ្ជកម្ម សេវាកម្ម​ក្នុងចំណោមបណ្តារដ្ឋសមា​ជិកអាស៊ាន ពង្រីកវិសាលភាព និងធ្វើ​ឱ្យ​កាន់តែស៊ីជម្រៅជាងមុន ក្នុងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្មលើវិស័យ ឬអនុវិស័យថ្មីៗ​បន្ថែម​ទៀតឱ្យបានលើសពីអ្វីដែលបានធ្វើឡើ​ង​ដោយបណ្តារដ្ឋសមាជិកអាស៊ាន នៅក្រោមកិច្ចព្រមព្រៀង​ទូទៅ​ស្ដីពី ពាណិជ្ជកម្ម សេវាកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយរួមចំណែកក្នុងការ​ធ្វើឱ្យកាន់តែ​ស៊ីជម្រៅ និងពង្រី​​ក​ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ព្រមទាំងការតភ្ជាប់នានា ដើម្បីសម្រេចបាននូវសហគ​ម​​ន៍សេដ្ឋកិច្ចអាស៊ាន ដោយមានការចូលរួមពីវិស័យឯកជន ក៏ដូចជារួមចំណែកក្នុងការសម្រេចបា​ននូវ​គោល​ដៅ​តាមការកំណត់របស់ផែនការ​លម្អិត​សហគមន៍ សេដ្ឋកិច្ចអាស៊ាន២០២៥។ ទី៥-​ច្បា​ប់ ស្តីពីការ​អនុម័ត​យល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី  កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ​អាស៊ី-អាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា  ត្រូវបាន​សម័យប្រជុំពេញអង្គព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ច្បាប់នេះមានគោលបំណងជំរុញការវិនិយោគ និងបង្កើតរបបវិនិយោគដោយសេរី ងាយស្រួល តម្លាភាព និងប្រកួតប្រជែងដែលធ្វើឱ្យមានសេរីភាវូបនីកម្ម ការវិនិយោគកាន់តែខ្លាំងឡើងបន្ថែមទៀត ព្រមទាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការវិនិយោគធ្វើការសម្របសម្រួ​ល ការវិនិយោគ បង្កើននូវវិធាន បទប្បញ្ញតិ្តវិនិ​យោគ និងផ្តល់ការការពារការវិនិយោគ ដែលមានតម្លាភាពចំពោះវិនិយោគិន​នៃភាគីម្ខាងលើទឹកដីនៃ​ភាគី​ម្ខាងទៀត ដោយឈរលើមូលដ្ឋានស្មើភាពនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងបានឆ្លុះ​បញ្ចាំង​អំពីការប្តេជ្ញារួមរបស់ប្រទេសទាំងអស់ ដើម្បីបង្កើត និងលើកកម្ពស់តំបន់ពាណិជ្ជកម្ម និងវិនិយោគ​ក្នុងតំបន់អាស៊ាន-ឥណ្ឌាមួយ ដែលរួមមានតំបន់ពាណិជ្ជកម្មសេរីសម្រាប់ទំនិញ សេវាកម្ម និងការវិនិយោគ។

តាមរយៈកិច្ចព្រមព្រៀងនេះ ព្រះរាជាណាចក្រកម្ពុជាពិតជាបានបោះ​ជំហានថ្មីមួយទៀតក្នុងការទាក់ទាញ​វិនិយោគិនពីប្រទេសឥណ្ឌាមកវិនិយោគនៅកម្ពុជា ក្នុងឋានៈកម្ពុជាជាសមាជិកអាស៊ាន។ និងទី៦-ច្បាប់​ស្តីពី​ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបាន​សម័យ​ប្រជុំពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ច្បាប់នេះ មានគោលបំណងជំរុញលំហូរវិនិយោគរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងបណ្តារដ្ឋសមាជិក​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តាមរយៈការបង្កើតឱ្យមាននូវបរិយាកាសធុរកិច្ច​ដែលមានលក្ខណៈ​អំណោយ​ផល ដើម្បីជំរុញគំនិតផ្តួចផ្តើមផ្នែកធុរកិច្ចសម្រាប់ការវិនិយោគឱ្យ​កាន់តែប្រសើរឡើងក្នុងចំ​ណោម​ភាគីនៃកិច្ចព្រមព្រៀង។

​កិច្ចព្រមព្រៀងនេះ ក៏ជាផ្នែកដ៏ធំមួយក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ច និងសេរីភាវូបនីយ​កម្ម​​ពាណិជ្ជកម្ម​រវាង​គូភាគី ដែលត្រូវបាន​ផ្ដួចផ្ដើម​ដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង តាម​រយៈការផ្តល់នូវការធានាសម្រាប់ការវិនិយោគ និងកិច្ចការពារពេញលេញចំពោះវិនិយោគិននៃភាគីម្ខាង ឬវិនិយោគិន នៃរដ្ឋមិនមែនភាគី លើទឹកដីនៃភាគីម្ខាងទៀត ដោយឈរលើមូលដ្ឋានស្មើភាព និងគ្មានការរើសអើង ហើយផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

តាមរយៈកិច្ចព្រមព្រៀងនេះ ព្រះរាជាណាចក្រកម្ពុជា ពិតជា​បានបោះជំហានថ្មីមួយទៀត​ក្នុងការទាក់ទាញ​ក្រុមហ៊ុនដែលចុះបញ្ជីនៅតំបន់រដ្ឋបាលពិសេសហុងកុង ឱ្យមកបណ្តាក់ទុនវិនិយោ​គ​នៅកម្ពុជាប្រកប​ដោយ​ភាពជឿជាក់លើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំង ៦នេះ ត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុម័តលើកដំបូងចំនួន ១១៦​សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល មុនបញ្ជូនមកព្រឹទ្ធ​ស​ភា​ពិនិត្យ និងឲ្យ​យោបល់​នា​ពេល​នេះ៕

អត្ថបទ ៖ ប៉ាល់សុង
 

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ4 hours ago

រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​សំណាក​កូវីដ១៩​ បុក​ម៉ូតូ​ដឹក​រ៉ឺម៉ង​បណ្ដាល​ឲ្យ​បុរសម្នាក់​ស្លាប់​នៅ​នឹង​កន្លែង

ព័ត៌មានជាតិ4 hours ago

អភិបាល​ខណ្ឌទួល​គោក​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ក្នុង​បរិវេណ​ផ្សារ​សាមគ្គី ដើម្បី​ចូល​រួម​ទប់ស្កាត់​វីរុស​កូវីដ១៩

ព័ត៌មានជាតិ5 hours ago

ទំព័រ​ហ្វេសបុក សម្តេចក្រឡាហោម ទម្លាយ​សកម្មភាព​លោក​ឆែម សាវុធ ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង (Videos)

ព័ត៌មានជាតិ6 hours ago

ត្រីមាស​ទី​៣​ឆ្នាំ​២០២០​ ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅតែ​រក្សា​បាន​លទ្ធផល​ល្អប្រសើរ​

ព័ត៌មានជាតិ6 hours ago

ក្រសួងមហាផ្ទៃ​ណែនាំ ពីវិធានការចេញចូល​ក្រសួង អំឡុង​ពេល​ទប់ស្កាត់​កូវីដ១៩

ព័ត៌មានពេញនិយម