ក្រុមហ៊ុនព្រូដិនសលកម្ពុជាឧបត្ថម្ភអង្ករ ១០០ តោនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយជនរងគ្រោះដោយសារទឹកជំនន់ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ក្រុមហ៊ុនព្រូដិនសលកម្ពុជាឧបត្ថម្ភអង្ករ ១០០ តោនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយជនរងគ្រោះដោយសារទឹកជំនន់

Published

on

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឧបត្ថម្ភ អង្ករចំនួន១០០ តោនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ កាលពីពេលថ្មីៗ ហើយពិធីប្រគល់បានធ្វើឡើងនៅឯកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងលោក Sanjay Chakrabarty អគ្គនាយកចាត់តាំង របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។

នៅក្នុងពិធីនោះ លោកជំទាវ ពុំ ចន្ទីនី បាននាំយកសារថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានជួយឧបត្ថម្ភ អង្ករចំនួន ១០០ តោន ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សឆ្នាំ២០២០នេះ និងរងគ្រោះដោយមហន្តរាយផ្សេងៗ។ កាកបាទក្រមកម្ពុជា នឹងចាត់ចែងនាំយកអំណោយទាំងអស់នេះទៅចែកជូនដល់ប្រជាពលរដ្ឋាងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។

លោកជំទាវ ពុំ ចន្ទីនី ផ្ទាល់ក៏បានមានប្រសាសន៍ក្នុងឱកាសនោះថា “ខ្ញុំសូមអរគុណព្រូដិនសលណាស់ ដែលបានឃើញកាកបាទក្រហមកម្ពុជា តាមមើលកាកបាទក្រហមកម្ពុជា ហើយមកតាមជួយ ។ ការជួយតាមរយៈ កាកបាទក្រហមកម្ពុជានេះ គឺជាការតាមជួយមួយដ៏ល្អបំផុតហើយ ព្រោះកាកបាទក្រហម កម្ពុជាបានអំណោយមក គឺយកទៅធ្វើភ្លាម ហើយដល់ដៃប្រជាពលរដ្ឋភ្លាម មិនទុកយូរទេ។ នេះជាគំរូមួយដ៏ប្រពៃណាស់ សម្រាប់ក្រុមហ៊ុនដទៃៗទៀតមើលឃើញ” ។

លោកជំទាវ Tina Redshaw  មានប្រសាសន៍ថា “ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនអង់គ្លេស ហើយនេះជាការងាររបស់ខ្ញុំក្នុងការជួយគាំទ្រលើកទឹកចិត្តដល់ក្រុមហ៊ុនអង់គ្លេសនៅទីនេះ ក៏ដូចជាក្រុមហ៊ុនថ្មីៗ ដែលចង់ចូលមកធ្វើប្រតិបត្តិការក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុនព្រូដិនសលមានវត្តមានយូរដែរមកហើយ ហើយខ្ញុំមានសេចក្ដីរីករាយ ដែលក្រុមហ៊ុនទទួលបានជោគជ័យជាបន្តបន្ទាប់នៅកម្ពុជា ដោយបានពង្រីកវិសាលភាពក្រុមហ៊ុនកាន់តែច្រើននៅក្នុងប្រទេស។ ខ្ញុំក៏មានសេចក្ដីរីករាយក្រៃលែងដែល ថ្ងៃនេះក្រុមហ៊ុនព្រូដិនសលកម្ពុជា ធ្វើការអនុវត្តកម្មវិធីសង្គមរបស់ខ្លួន ដោយចូលរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ កាកបាទក្រហមកម្ពុជា ក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះមហន្តរាយទឹកជំនន់នេះ” ។

នៅក្នុងពិធីប្រគល់អំណោយនោះដែរ អគ្គនាយកចាត់តាំងក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty បានសម្ដែងការរំលែកទុក្ខចំពោះអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់ និងទ្រព្យសម្បត្តិ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់នេះ។ លោកក៏បានកោតសរសើរចំពោះភាពរឹងមាំរបស់ប្រជាពលរដ្ឋកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ស្ថាប័នក្រៅរដ្ឋាភិបាល និង វិស័យឯកជនក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងភាពលំបាក។ លោកបានមានប្រសាសន៍បន្តទៀតថា “នេះជាកិត្តិយសណាស់ ដែលយើងខ្ញុំបានចូលរួមជាមួយនឹងកាកបាទក្រហមកម្ពុជាក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះក្នុងការកាត់បន្ថយការឈឺចាប់ និងការលំបាក ដែលពួកគាត់កំពុងជួបប្រទះពេលនេះ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់នេះ។ យើងមានបុគ្គលិក ភ្នាក់ងារ និងអតិថិជននៅក្នុងតំបន់ដែលរងគ្រោះដោយសារទឺកជំនន់នេះដែរ ដូច្នេះនេះជាកាយវិការដ៏ស្មោះចេញពីដួងចិត្តរបស់ពួកយើង ដើម្បីជួយដល់ប្រជាពលរដ្ឋទាំងអស់នោះ។ ក្នុងរយៈពេល ខ្លីខាងមុខនេះ យើងនឹងមានអ្នកស្ម័គ្រចិត្តមកជួយសកម្មភាពមនុស្សធម៌នេះផងដែរ។ សម្រាប់យើងខ្ញុំ យើងនឹងប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីជួយទ្រទ្រង់ដល់កម្មវិធីនានា របស់កាកបាទក្រហមកម្ពុជា មិនថា ក្នុងកំរិតណានោះទេ”។

បច្ចុប្បន្ន កាកបាទក្រហមកម្ពុជាកំពុងបន្តធ្វើការជាមួយទីភ្នាក់ងារ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ជាតិ អន្តរជាតិ  ដើម្បីកំណត់ពីតម្រូវការរយៈពេលវែងនានា សម្រាប់ជួយឲ្យសហគមន៍រងផលប៉ះពាល់មានភាពប្រសើរឡើងវិញ៕

អត្ថបទ៖ កោះកែវ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម