ព័ត៌មានជាតិ
សត្វដំរីអាស៊ីមួយហ្វូង ត្រូវក្រុមអភិរក្សថតបាន ខណៈពួកវាកំពុងស្វែងរកចំណីនៅដែនជម្រកសត្វព្រៃស្រែពក
សត្វដំរីអាស៊ីមួយហ្វូង មានចំនួន៦ក្បាល ត្រូវបានក្រុមអភិរក្សថតបាន ខណៈពួកវាកំពុងតែស្វែងរកចំណីយ៉ាងសុខសាន្តក្នុងទីជម្រកធម្មជាតិ នៃដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគីរី ដែលជាតំបន់ការពារស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថាន។
នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាន តែដោយសារភាពវៃឆ្លាត និងមានញាណដឹងតាមរយៈក្លិនថា មានវត្តមានមនុស្ស សត្វដំរីព្រៃទាំងនេះ បានផ្អើល ហើយក៏ត្រឡប់ក្រោយចូលទីជម្រកសុវត្ថិភាពវិញ។
បើតាមក្រសួងបរិស្ថាន ក្រុមអ្នកស្រាវជ្រាវ និងតាមដានសត្វព្រៃ អាចផ្តិតយកនូវវីដេអូខ្លីមួយនេះបាន ដោយមានការព្យាយាម និងអត់ធ្មត់ខ្លាំង ព្រោះត្រូវសម្ងំលើដើមឈើក្នុងការថត ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
បន្ថែមពីនោះ សត្វដំរីអាស៊ី ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។ នៅកម្ពុជា សត្វដំរីអាស៊ី កំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការដាក់អន្ទាក់ ការជួញដូរភ្លុក និងស្បែក និងការបាត់បង់ទីជម្រក។
ទាក់ទងបញ្ហានេះ កម្ពុជាថ្មី នៅមិនទាន់សុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងបរិស្ថានបាននៅឡើយទេ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប៉ុន្តែ លោក នេត្រ ភក្ត្រា ធ្លាប់បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី៤០០ ទៅ៦០០ក្បាល ភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុក ត្រូវបានប៉ាន់ស្មានថាមានចំនួន៧១ក្បាល។
យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល៦០ ទៅ៧០ឆ្នាំ ចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា៥០ភាគរយ។ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាល ទៅ ៤៧ ៤២៧ ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល៧៥ភាគរយ រស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។
ដំរីអាស៊ី ត្រូវបានចាត់ទុកថា ជាប្រភេទសត្វបង្គោលដ៏សំខាន់ ដោយសារមានសារៈសំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្ដានុពល ដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។
ដំរីអាស៊ី កំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វាលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ការរេចរឹលទីជម្រក បានធ្វើឲ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទសត្វដ៏សំខាន់នេះ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)