Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ការងារ​ ៖​ ក្រសួង​នឹង​បន្ត​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ជា​រៀងរាល់ឆ្នាំ​

បានផុស

នៅ

ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះ អាង​ថា​ក្រសួង​នឹង​បន្ត​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកស្វែងរក​ការងារ​សិស្ស និស្សិត និយោជក អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក​ចែករំលែក​បទពិសោធន៍​ចំណេះដឹង​មតិ​យោ​ប ល់​និង​អនុសាសន៍​ល្អៗ​ពាក់ព័ន្ធ​នឹង​ការងារ អាជីព ជំនាញ ធនធានមនុស្ស និង​ការបង្កើន​ផលិតភាព​ការងារ​។

ថ្លែង​តាមរយៈ​វីដេអូ​ពី​ចម្ងាយ នាឱកាស​បើក «​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២០» ដែល​រៀបចំ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​នា​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ លោក​បណ្ឌិត អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​«​ប្រសិនបើ​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​បាន​លុបបំបាត់​ទាំងស្រុង ការរៀបចំ​នឹង​ប្រព្រឹត្តិ​ទៅ តាមរយៈ​ការជួប​ជុំគ្នា​ផ្ទាល់​នៅលើ​ទីតាំង​ធំ​ទូលាយ​ជាធម្មតា​។ ករណី​ស្ថានភាព​ជំងឺ​នៅ​បន្ត​គំរាមកំហែង និង​អូសបន្លាយ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នឹង​បន្ត​ពង្រឹងសមត្ថភាព គុណភាព​សេវា ព្រមទាំង​បច្ចេកវិទ្យា​រៀបចំ​ពិព័រណ៍​ការងារ តាម​អន​ឡាញ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ នាំយក​ឱកាស​ការងារ​គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ជាពិសេស​ក្នុងដំណាក់កាល​ដែល​កម្ពុ​ជា​កំពុង​រស់នៅ​ក្រោម​ដំបូល​សន្តិភាព និង​ភាព​សុខដុមរមនា​ក្នុងសង្គម ដែលជា​រតនៈសម្បត្តិ​មហាសាល​មិនអាច​កាត់ថ្លៃ​បាន យើងទាំងអស់គ្នា​ត្រូវ​បន្ត​រក្សា​កេរដំណែល​នេះ ដើម្បី​បន្ត​ភាព​រីកចម្រើន ថែរក្សា​ការងារ​និង​មុខរបរ ពង្រីក​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ពិព័រណ៍​ការងារ​អន​ឡាញ​នឹង​បង្កើតជា​វេទិកា​ប្រាស្រ័យ​ទាក់ទង​គ្នា​ឥត​ដែន​កំណត់​មួយ ពោលគឺ​និយោជក​អាច​ចុះឈ្មោះ​នៅលើ​ទំព័រ​អន​ឡាញ ដើម្បី​ផ្សព្វផ្សាយ​ពី​ស្លាក​សញ្ញា ឱកាស​ការងារ​ទំនេរ និង​គោលការណ៍​ផ្នែក​ធនធានមនុស្ស​របស់​ក្រុមហ៊ុន សំដៅ​ទាក់ទាញ​អ្នកដាក់ពាក្យ​ស្វែងរក​ការងារ​ដែលមាន​សក្តានុពល សមត្ថភាព និង​ជំនាញ​គ្រប់​ប្រភេទ​ពី​គ្រប់​ទីកន្លែង​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​សម្រាប់​អ្នកស្វែងរក​ការងារ​វិញ ពួកគេ​អាច​ចូល​មើល​ទំព័រ​ផ្សព្វផ្សាយ​ការងារ​ជា​ឯកជន​របស់​ក្រុមហ៊ុន​ជាច្រើន ដែលមាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជ្រើសរើស​ដាក់ពាក្យ​ស្នើសុំ​ការងារ​ដែល​ខ្លួន​ចាប់អារម្មណ៍​ទៅកាន់​ក្រុមហ៊ុន​ច្រើនជាង​មួយ​, ក្នុងពេល​តែមួយ និង ពី​គ្រប់​ទីកន្លែង ហើយ​អាច​ទទួល​បានការ​ណាត់​ជួប​សម្ភាស​ពី​ក្រុមហ៊ុន​តាម​អន​ឡាញ ឬ​នាពេល​បន្ទាប់​ទៀតផង​។

គួរ​បញ្ជាក់​ថា ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់ទី​១៥ វិច្ឆិកា​នេះ​ត្រូវបាន​រៀបចំឡើង​ក្រោម​កិច្ចខិតខំ​សហការ​រួមគ្នា​រវាង​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​(NEA) សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(UYFC) រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​។

នៅក្នុង​ពិព័រណ៍​អន​ឡាញ​នេះ មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ក្រុមហ៊ុន សហគ្រាស នាំមុខគេ​សំខាន់ៗ រួមទាំង ក្រសួង​-​ស្ថាប័នរដ្ឋ និង​អង្គការ​ជាតិ​-​អន្តរជាតិ​ចំនួន​ប្រមាណ ៤០ ដែល​បាន​ចុះឈ្មោះ និង​ប្រតិបត្តិការ​នៅលើ​គេហទំព័រ​នៃ​ពិព័រណ៍​ការងារ​អន​ឡាញ ដែលមាន​ឈ្មោះ www.careerfair.nea.gov.kh ។ បន្ថែម​លើ​នេះ ពិព័រណ៍​នេះ​ក៏បាន​បង្ក​បរិយាកាស​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ក្រុមហ៊ុន និង​អ្នក​ចូល​ទស្សនា ឬ​ដាក់ពាក្យ​ស្វែងរក​ការងារ​បាន​ពី​គ្រប់​ទីកន្លែង និង​មិន​ធ្លាប់មាន​ពីមុនមក​៕
ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម