Connect with us

ព័ត៌មានជាតិ

ក្រសួង​ប្រៃសណីយ៍ សម្រេច​លុប និង​ព្យួរ​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​១៧​ក្រុមហ៊ុន

បានផុស

នៅ

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បានសម្រេច​លុប​ និង​ព្យួរ​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ករ​ទូរគមនាគ​មន៍​ចំនួន​១៧​ មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ ជា​បន្ត​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ​ បាន​ឲ្យ​ដឹងថា ​ការសម្រេចចិត្ត​លុប​ និង​ព្យួរ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទាំង​១៧​នោះ ​ដោយ​ពិនិត្យ​ឃើញថា​មាន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​មួយចំនួន​ គេចវេះ ​មិន​បង់​ចំណូល​ចូល​រដ្ឋ​ជាច្រើន​ឆ្នាំ មិន​មាន​ប្រតិបត្តិការ​ ឯ​ខ្លះ​ទៀត​ ​លាក់​ចំណូល​របស់​ខ្លួន​។

បើតាម​ក្រសួង​ប្រៃសណីយ៍​ បាន​បញ្ជាក់​ថា ​«​មុននឹង​សម្រេច​លុប​ និង​ព្យួរ​អាជ្ញាប័ណ្ណ​ ក្រសួង​ បាន​ចាត់​ក្រុមការងារ​អធិការកិច្ច​ចុះ​ពិនិត្យ​លើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន។​

ក្នុងនោះ ដោយ​ប្រមូល​ព័ត៌មាន ​អំពី​ស្ថាន​ភាព​ដំណើរការ​អាជីវកម្ម​ ស្ថានភាព​បច្ចេកទេស​ និង​ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នីមួយៗ ​ទើប​ក្រសួង​ បានសម្រេច​លុប​ និង​ព្យួរ​អាជ្ញាប័ណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​១៧​ក្រុមហ៊ុន​ ដោយសារ​ភាព​អសកម្ម​ដូចជា ​មិន​មាន​សកម្មភាព​អាជីវកម្ម​ គ្មាន​បុគ្គលិក​បម្រើ​ការងារ​ មិនបាន​ធ្វើ​ស្វ័យ​ប្រកាស​បង់​ចំណូល ​និង​កាតព្វកិច្ច​ផ្សេង​តាម​លក្ខខណ្ឌ ​នៃ​អាជ្ញាប័ណ្ណ ​និង​ពុំបាន​ផ្ដល់​ឯកសារ​បច្ចេកទេស​ជាដើម​»​។

យ៉ាងណាក៏ដោយ ក្រសួង​ បាន​ណែនាំ​ឲ្យ​ប្រតិបត្តិ​ករ​ដែល​ត្រូវ​បាន​លុប​អាជ្ញាប័ណ្ណ​ ត្រូវ​មក​ទូទាត់​បំណុល​ដែល​ជំពាក់​ក្រសួង និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ និង​បំណុល​រដ្ឋ​ឯកជន​ កាតព្វកិច្ច​ពន្ធដារ​។​ បន្ថែម​ពី​នោះ ​ត្រូវ​មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​ចំពោះ​បុគ្គលិក​ អតិថិជន ​​តតិយជន​ ស្របតាម​ច្បាប់​ និង​បទប្បញ្ញត្តិ​ជា​ធរមាន ​ក្នុង​ករណី​មានការ​តវ៉ា​កើតឡើង​ជាយថាហេតុ​ ពាក់ព័ន្ធ​នឹង​ការ​លុប​អាជ្ញាប័ណ្ណ​នេះ​។​

ក្រសួង​ បាន​ក្រើន​រំលឹក​ថា​ កន្លងមក​ ក្រសួង ​បាន​ចេញ​ជា​សេចក្ដីជូនដំណឹង​ជា​បន្តបន្ទាប់​ដល់​ប្រតិ​បត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ ​ឲ្យ​គោរព​តាមច្បាប់ ​ស្ដីពី​ទូរគមនាគមន៍​ និង​បទប្បញ្ញត្តិ​ ពាក់ព័ន្ធ​ជា​ធរមាន​។ ​ប៉ុន្តែ​ ក្រសួង ​ឃើញថា​ មាន​ប្រតិបត្តិ​ករ​មួយចំនួន​ នៅតែ​មិន​អនុវត្ត​ ឬ​មិនទាន់បាន​អនុវត្ត​ពេញ​លេញ​តាមច្បាប់​ ឬ​លក្ខខណ្ឌ​ នៃ​អាជ្ញាប័ណ្ណ​។ ​ដូច្នេះ​ ក្នុងករណី​ប្រតិបត្តិ​ករ​ណា​នៅតែ​បន្ត​គេច​វេះ​ មិន​អនុវត្ត​តាម​ច្បាប់​ និង​មិន​គោរព​លក្ខខណ្ឌ​ នៃ​អាជ្ញាប័ណ្ណ​ ប្រតិបត្តិ​ករ​ទាំងនោះ ​នឹង​ប្រឈម​ការ​ព្យួរ​អាជ្ញាប័ណ្ណ​ជា​បណ្ដោះអាសន្ន​ ឬ​លុប​អាជ្ញាប័ណ្ណ​លែង​ឲ្យ​ធ្វើ​អាជីវកម្ម​ជា​បន្ត​ទៀត​។​

គួរ​បញ្ជាក់​ថា ​ក្នុងចំណោម​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន​១៧​ក្រុមហ៊ុន​នោះ ​មាន​១៦​ក្រុមហ៊ុន ​ត្រូវ​បាន​លុប​អាជ្ញាប័ណ្ណ ​និង​ក្រុមហ៊ុន​១​ទៀត ​ព្យួរ​អាជ្ញាប័ណ្ណ​សម្រាប់​សេវា​អ៊ីនធឺណិត​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម