ថ្នាក់​ដឹកនាំ​អាស៊ាន​បូកបី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដែគូ ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ថ្នាក់​ដឹកនាំ​អាស៊ាន​បូកបី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដែគូ ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ

Published

on

នេះជាការបញ្ជាក់នៅក្នុងលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៣ តាមប្រព័ន្ធវីដេអូ កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជាបានអញ្ជើញចូលរួម។

តាមលទ្ធផលដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំបានបញ្ជាក់​ជាថ្មីអំពី​សារៈសំខាន់ នៃយន្តការអាស៊ានបូកបី ដែលជាវេទិកាដ៏សំខាន់សម្រាប់ការកសាងសហគមន៍អាស៊ីបូព៌ា។

ថ្នាក់ដឹកនាំបានសម្តែងសេចក្ដី​សោមនស្ស​ចំពោះ​វឌ្ឍនភាព​ក្នុងការអនុវត្ត​ផែនការការងារនៃកិច្ចសហប្រតិ​បត្តិការ​អាស៊ានបូកបី (២០១៨-២០២២)។

ថ្នាក់ដឹកនាំបានទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ    អាស៊ានបូកបី ជាពិសេសការជួយគ្នាទៅវិញទៅមក និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រ យុទ្ធនឹងជំងឺកូវីដ-១៩ និង​ការ​ស្ដារ​សង្គម-សេដ្ឋកិច្ច​ឡើងវិញ ក្រោយទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតនេះ។

ថ្នាក់ដឹកនាំបានឯកភាពគ្នាធានានូវសមភាពក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានតម្លៃ​សមរម្យ ក៏ដូចជាការធានាខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពរលូន។ ថ្នាក់ដឹកនាំអាស៊ាន បានថ្លែងអំណរ​គុណ​ចំពោះការចូលរួមពីសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក្នុងការគាំទ្រដល់គំនិត​ផ្តួច​ផ្តើម​របស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ដូចជាតាមរយៈមូល​និធិ​ឆ្លើយ​តបអាស៊ាន សម្រាប់​ជំងឺកូវីដ-១៩ និងស្ដុកបម្រុងបរិក្ខារពេទ្យតំបន់ អាស៊ាន។

ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាមួយចំ​នួន  ដែលមានជា​អាទិ៍ បញ្ហាបរិស្ថាន, សុខាភិបាល, ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មឌីជីថល, លើកកម្ពស់សហគ្រាសមីក្រូ ធុនតូច និង​មធ្យម, សន្តិសុខស្បៀង, ការអប់រំប្រកបដោយគុណភាព, វប្បធម៌ និងសិល្បៈ, ទេសចរណ៍ និងការអភិវឌ្ឍ​ប្រកបដោយចីរភាព។

ទាក់ទងនឹងការតភ្ជាប់ ថ្នាក់ដឹកនាំ អាស៊ាន បានលើកទឹកចិត្តដល់បណ្តា​ប្រទេសសមាជិកអាស៊ានបូកបី ឱ្យ​គាំទ្រ​ដល់គម្រោងនានា ដែលស្ថិតនៅក្រោមផែនការមេស្ដីពីការតភ្ជាប់ (MPAC) ឆ្នាំ២០២៥ និងគូស​បញ្ជាក់​អំពីតម្រូវការក្នុងការស្វែងរកការសំយោគរវាងផែនការមេស្ដីពី ការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជាមួយ​នឹងគំនិតផ្តួចផ្តើមដទៃទៀត ដើម្បីគាំទ្រដល់របៀបវារៈនៃការតភ្ជាប់គ្រប់ជ្រុងជ្រោយក្នុងតំបន់។

ថ្នាក់ដឹកនាំបានឯកភាព ធ្វើការយ៉ាង​ជិតស្និទ្ធ​ជា​មួយ​គ្នា ដើម្បី​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​បរិយាប័ន្ន និងពង្រឹងភាពរឹងមាំ​នៃសេដ្ឋកិច្ចតំបន់។

លទ្ធផលកិច្ចប្រជុំបានបញ្ជាក់ដែរថា ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានបូកបី បានស្វាគមន៍ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀងភាពជាដែគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចឡើងវិញ។

ក្នុងនោះបញ្ហាផ្សេងទៀតដូចជាបញ្ហាឧបទ្វីបកូរ៉េ និងកិច្ចសហប្រតិបត្តិការ​លំហសមុទ្រក៏ត្រូវបានពិ​ភាក្សា​ផងដែរ។
កម្ពុជា បានសម្តែងការគាំទ្រចំពោះការបង្កើត “ក្រុមការងារអាស៊ាន​បូកបីស្តីពីបញ្ហាជំងឺរាតត្បាត​” និង “ស្តុក​បំ​រុងបរិក្ខារពេទ្យតំបន់អាស៊ានបូកបី សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ” ។

កម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃ “សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីការ​ពង្រឹង​កិច្ចសហប្រតិបត្តិការអាស៊ានបូកបី សម្រាប់ភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅចំពោះ​មុខ​បញ្ហា​ប្រឈមដែលកើតឡើងថ្មី” ដែលបានគូសបញ្ជាក់អំពីការប្ដេជ្ញារបស់ប្រទេសអាស៊ាន បូកបី ក្នុងការពង្រឹង​សមត្ថភាព​តំបន់ និងការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលអនាគត នៅក្នុងតំបន់។

បន្ទាប់ពីកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន បូកបី ក៏បានជួបជាមួយ​ក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ា ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឱ្យកាន់តែស៊ីជម្រៅ និងដើម្បីលើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ក្នុងតំបន់ នៅក្នុងដំណាក់កាល នៃការស្តារឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩៕

អត្ថបទ ៖ កោះកែវ
 

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម