Connect with us

ព័ត៌មានជាតិ

កម្ពុជា​ស្នើ​ឲ្យ UN ផ្តល់​ធនធាន និង​ជំនាញ​ថែមទៀត សម្រាប់​ប្រតិបត្តិ​ការ​ថែរក្សា​សន្តិភាព​

បានផុស

នៅ

ការ​ស្នើ​របស់​កម្ពុជា​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ​លើក​ទី​១១ តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុងនោះ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​សម្តេច​អគ្គ​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា នៅក្នុង​កិច្ចប្រជុំ​នោះ ថ្នាក់ដឹកនាំ​បាន​សាទរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ខ្លឹមសារ​រវាង​អាស៊ាន និង​អង្គការសហប្រជាជាតិ ក្នុងនាម​ជា​ដៃគូ​ដែល​ជឿ​ទុកចិត្ត​គ្នា ក្នុង​ការជំរុញ​ពហុភាគី​និយម សន្តិភាព សន្តិសុខ និង​វិបុលភាព​តំបន់ និង​សកល​។ អាស៊ាន​បាន​ស្វាគមន៍​ការបន្ត​គាំទ្រ​របស់​អង្គការ​សហប្រជាជាតិ​ដល់​ការ​កសាង​សហគមន៍​អាស៊ាន ម​ជ្ឈ​ភាព​អាស៊ាន និង​ការអភិវឌ្ឍ​។

កិច្ច​ប្រជុំ​បាន​ពិភាក្សា​ជា​សំខាន់​លើ​មធ្យោបាយ​នានា ដែល​អាស៊ាន និង​អង្គការសហប្រជាជាតិ​អាច​ធ្វើ​ការ​រួម​គ្នា ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ទាំងឡាយ​ដែល​បណ្តាល​មក​ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ដើម្បី​សម្រេច​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការ​ស្តារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​នេះ​។ ថ្នាក់ដឹកនាំ​អាស៊ាន និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការធានា​ឱ្យ​វ៉ាក់សាំង​បង្ការ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ជា​ទំនិញ​សកល ដែល​អាច​ទទួលបាន​ដោយ​ស្មើភាព និង​មានតម្លៃ​សមរម្យ​ដល់​ប្រទេស​ទាំងអស់​។

កិច្ចប្រជុំ​បាន​ទទួល​ស្គាល់​តួនាទី​ដែល​ពុំ​អាច​ខ្វះ​បាន​របស់​អង្គការសហប្រជាជាតិ ជាពិសេស​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​ការជួយ​ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក ដើម្បី​អភិវឌ្ឍ​វិធានការ​ទាំងឡាយ ដើម្បី​ដោះស្រាយ​វិបត្តិ​ជំងឺ​រាតត្បាត​នាពេល​បច្ចុប្បន្ន និង​អនាគត ដោយ​ផ្អែកលើ​ទិន្នន័យ និង​ការវិភាគ​បែប​វិទ្យាសាស្ត្រ​។

បើ​តាម​ក្រសួងការបរទេស កិច្ច​ប្រជុំ​បាន​បញ្ជាក់​ឡើ​ង​វិញ​នូវ​ការប្តេជ្ញា​ដ៏​មុតមាំ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តាមរយៈ​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន​-​អង្គការសហប្រជាជាតិ (២០២១-២០២៥)​។ កិច្ច​ប្រជុំ​បាន​សង្កត់​លើ​សារៈសំខាន់​នៃ​ការបន្ត​ការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​ទស្សនវិស័យ​អាស៊ាន​ឆ្នាំ​២០២៥ និង​របៀបវារៈ​ឆ្នាំ ២០៣០ របស់​អង្គការសហប្រជាជាតិ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ថ្នាក់ដឹកនាំ​ទាំងអស់​បាន​ពិភាក្សា​ផងដែរ​លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​គ្រប់គ្រង​គ្រោះមហន្តរាយ ការ​កែលម្អ​ប្រព័ន្ធ​សុខាភិបាល ការមិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ ភេរវកម្ម និង​អំពើ​ហិង្សា​ជ្រុលនិយម​។

នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ តំណាង​កម្ពុជា​បាន​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៥ របស់​អង្គការសហប្រជាជាតិ និង​បាន​សម្តែង​ការគាំទ្រ​ចំពោះ​មូលបទ​របស់​អង្គការសហប្រជាជាតិ ក្នុង​ឆ្នាំ​២០២០​នេះ “​អនាគត​ដែល​យើង​ទាំងអស់​គ្នា​ចង់បាន អង្គការសហប្រជាជាតិ​ដែល​យើង​ត្រូវការ​៖ គូសបញ្ជាក់​កិច្ចប្រឹងប្រែង​រួម​ដើម្បី​ពហុភាគី​និយម​” ដែល​ឆ្លុះបញ្ចាំង​អំពី​បំណងប្រាថ្នា​យ៉ាង​មុតមាំ​របស់​បណ្តា​ប្រជាជាតិ​នានា​នៅ​ទូទាំង​ពិភពលោក ក្នុងការ​ការពារ​សន្តិ​ភាព និង​វិបុលភាព តាមរយៈ​ការប្តេជ្ញា​រួម​ចំពោះ​ពហុភាគី​និយម​។

ជាមួយគ្នា​នោះ កម្ពុជា​បាន​អំពាវនាវ​ឲ្យ​មាន​ការ​យកចិត្តទុកដាក់​ថែមទៀត ចំពោះ​កិច្ចសហប្រតិបត្តិការ​ឆ្លង​វិស័យ និង​ការ​គាំទ្រ​សន្ទុះ​ដ៏​រឹងមាំ ដើម្បី​ឆ្ពោះទៅ​សម្រេចបាន​នូវ​សមាហរណកម្ម​តំបន់ តាមរយៈ​ការអនុវត្ត​ផែនការ​ការងារ​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន​ទី​៤ (២០២១-២០២៥) ក្នុងចំណោម​ផែនការ​ការងារ​ផ្សេងៗ​ទៀត​។

កម្ពុជា​ក៏បាន​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​ផ្តល់​ធនធាន និង​ជំនាញ​ថែមទៀត ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ចែករំលែក​ឧ​ត្ត​ម្មា​នុ​វត្ត​ន៍ និង​មេរៀន​កន្លងមក សម្រាប់​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព ដូចជា តាមរយៈ​ការ​បណ្តុះបណ្តាល​ជាប់​ជាប្រចាំ នៅមុន និង​នៅ​ក្រោយ​ពេល​បំពេញបេសកកម្ម ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រតិបត្តិ​ករ​ថែរក្សា​សន្តិភាព​អាច​អនុវត្ត និង​បំពេញ​បេសកកម្ម នៅក្នុង​អាណត្តិ​របស់​ខ្លួន​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម