Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ជប៉ុន ផ្តល់​ឥណទាន​សម្បទាន​២៥ប៊ី​លាន​យ៉េន ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឆ្លើយតប​វិបត្តិ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ​៖ ការប្រកាស​ឲ្យ​ដឹង​ពី​ការ​ផ្តល់​ឥណទាន​សម្បទា​ន​របស់​រដ្ឋាភិបាល​ជ​ប៉ុន​នេះ បាន​ធ្វើ​ឡើង នៅក្នុង​ជំនួប​តាម​ទូរស័ព្ទ​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ជប៉ុន កាលពី​ម្សិលមិញ​។

តាម​ខ្លឹមសារ​ ដែល​ទើប​ទទួល​បាន​នៅ​មុន​នេះ​បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ ដែល​ត្រូវបានតែងតាំង​សាជាថ្មី​ជា​រដ្ឋមន្ត្រីការបរទេស​ជប៉ុន (​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០) ហើយ​លោក​ម៉ូ​តេ​ហ្គី បាន​ថ្លែង​បានបញ្ជាក់​ជាថ្មី​ម្តង​ទៀត​នូវ​ឆន្ទៈ​របស់ខ្លួន ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​កម្ពុជា នៅក្រោម​ការដឹកនាំ​រប​ស់​រដ្ឋាភិបាល​ថ្មី​របស់​ជប៉ុន​។

ជាមួយគ្នា​នោះ លោក ម៉ូ​តេ​ហ្គី បាន​សម្តែង​នូវ​សមានចិត្ត​ជូន​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ ហើយ​ជប៉ុន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​ដោះស្រាយ​ការលំបាក​នេះ​។

នៅក្នុង​ជំនួប​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកត់សម្គាល់​ចំពោះ​ការអនុវត្ត ដោយ​រីករាយ​រវាង​ប្រទេស​ទាំងពីរ​នូវ “​ច្រក​សម្រាប់​ការ​ស្នាក់នៅ​” សម្រាប់​អ្នកដំណើរ​ដែល​ស្នាក់នៅ​រយៈពេល​លើសពី​១៤​ថ្ងៃ និង​សង្ឃឹមថា “​ច្រក​សម្រាប់​ធុរកិច្ច​” សម្រាប់​អ្នកដំណើរ​ដែល​ស្នាក់នៅ​រយៈពេល​ក្រោម​១៤​ថ្ងៃ នឹង​អាច​អនុវត្តបាន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ជប៉ុន ចំពោះ​ការផ្តល់​ឥណទាន​សម្បទា​ន​ចំនួន​២៥ ប៊ី​លាន​យ៉េន (​ប្រមាណ​២៣៤,៦​លាន​ដុល្លារ​អាមេរិក​) ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​គាំទ្រ​ដល់​ការឆ្លើយតប​បន្ទាន់​ទៅនឹង​វិបត្តិ​កូ​វីដ​-១៩​។

លោក ម៉ូ​តេ​ហ្គី បាន​លើក​ឡើង​ថា ជប៉ុន​នឹង​គាំទ្រ​កម្ពុជា ក្នុងការ​កែលម្អ​បរិស្ថាន​នៅតាម​តំបន់​ទីក្រុង និង​ការចាត់វិធានការ​ចំពោះ​កាកសំណល់​ផ្លា​ស្ទីក​នៅក្នុង​សមុទ្រ ព្រមទាំង​ការកសាង​សមត្ថភាព​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​។ ជប៉ុន​ក៏​នឹង​ជួយ​គាំទ្រ​កម្ពុជា នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន នៅ​ឆ្នាំ​២០២២​។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អរគុណ​ជប៉ុន​ចំពោះ​ការបន្ត​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​។

បើ​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ បាន​បញ្ជាក់​ដែរ​ថា រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​បញ្ជា​ក់ឡើង​វិញ នូវ​បំណងប្រាថ្នា​រួម និង​ឆន្ទៈ​ដ៏​មុតមាំ ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ដើម្បី​ជា​ប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រទេស​ទាំងពីរ​៕
ដោយ ៖ កោះ​កែវ
សូមចុចអាន ៖ ទីក្រុង​សៀមរាប​ ត្រូវ​បាន​ជ្រើសរើស​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម