ព័ត៌មានជាតិ
ទំនាស់ដីផ្លូវលើខ្នងប្រឡាយរវាងពលរដ្ឋជាង៥០គ្រួសារ ជាមួយពលរដ្ឋមួយគ្រួសារ អាជ្ញាធរហាក់ដោះស្រាយមិនចេញ
កំពត ៖ ទំនាស់ដីលើខ្នងប្រឡាយដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋជាង៥០គ្រួសារ ជាមួយពលរដ្ឋមួយគ្រួសារ ដែលស្ថិតនៅក្នុងភូមិឈើទាលជ្រំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត រហូតដល់ពេលនេះអាជ្ញាធរនៅតែមិនទាន់មានដំណោះស្រាយ បើទោះជាភាគីមួយគ្រួសាររំលោភបំពាន និងបិទផ្លូវមិនឲ្យពលរដ្ឋរាប់រយនាក់ធ្វើដំណើរឆ្លងកាត់បែបនេះក៏ដោយ។

តាមការអះអាងពីតំណាងពលរដ្ឋជាង៥០គ្រួសារខាងលើ បានប្រាប់ឲ្យដឹងថា រឿងរ៉ាវវិវាទនេះដើមចមដំបូងគឺពួកគាត់បានរៃអង្គាសគ្នាទិញដីចាក់ធ្វើផ្លូវលើដីចំណីប្រឡាយទឹក(លើខ្នងប្រឡាយ)ដោយបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានផងដែរ។

លុះពេលពួកគាត់ធ្វើផ្លូវជិតដល់ចំណុចច្រកចេញទៅហើយ ស្រាប់តែពលរដ្ឋមួយគ្រួសារមករារាំងថែមទាំងយកបង្គោលបោះរបងបំបិទដីខ្នងប្រឡាយ មិនឲ្យពួកគាត់ធ្វើផ្លូវចេញចូលឡើយ។ បន្ទាប់ពីមានបញ្ហាបែបនេះពួកគាត់បានទៅប្តឹងអាជ្ញាធរឃុំ និងស្រុកឲ្យជួយអន្តរាគមន៍ ប៉ុន្តែរហូតមកដល់ពេលនេះរយៈពេលជាង២ឆ្នាំហើយ ដែលអាជ្ញាថ្នាក់ឃុំ ថ្នាក់ស្រុកមិនទាន់មានដំណោះស្រាយ។

តំណាងពលរដ្ឋខាងលើបានបន្ថែមថា បើអាជ្ញាធរនៅតែពន្យារពេលមិនព្រមរកវិធីដោះស្រាយទេ ប្រជាពលរដ្ឋជាង៥០គ្រួសារខាងលើ ពិតជាពិបាករកផ្លូវចេញចូល ព្រោះអ្នករស់នៅតំបន់នោះបើចង់ធ្វើដំណើរទៅណាមកណាត្រូវចុះទឹកឆ្លងប្រឡាយ ពិសេសក្មេងៗសិស្សសាលា និងលោកតាលោកយាយមិនបានទៅធ្វើបុណ្យទាននៅទីវត្តអារាម ហើយអ្នកដែលមានម៉ូតូរថយន្តត្រូវដាក់ផ្ញើផ្ទះគេទាំងយប់ទាំងថ្ងៃនៅផ្នែកម្ខាងទៀតនៃប្រឡាយទឹក។
ចំពោះបញ្ហាដូចខាងលើ ប្រជាពលរដ្ឋជាង៥០គ្រួសារ សំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេស ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត សូមជួយជំរុញដល់មន្ត្រីក្រោមឱវាទ ដើម្បីរកដំណោះស្រាយឲ្យពួកគាត់មានផ្លូវចេញចូលបានស្រួលផង។
ទាក់ទងនឹងរឿងរ៉ាវទំនាស់នេះ លោក អ៊ួន ត្រេន មេឃុំត្រមែង បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា តាមពិតរឿងនេះគាត់ដឹងថា ភាគីមួយគ្រួសារពិតជារំលោភបំពានយកដីចំណីប្រឡាយថែមទាំងរារាំងមិនឲ្យពលរដ្ឋជាង៥០គ្រួសារ ធ្វើដំណើរឆ្លងកាត់ប្រាកដមែន។ ដូច្នេះក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោកនឹងរកដំណោះស្រាយដើម្បីបញ្ចប់វិវាទក្នុងរយៈពេលខ្លីខាងមុខ។
ដោយឡែក លោក ឡុង ទូច អភិបាលរងស្រុកឈូក ទទួលបន្ទុកដោះស្រាយដីទំនាស់ថ្នាក់ស្រុកបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃដដែលថា ករណីនេះវាកើតឡើងជាង២ឆ្នាំមកហើយៗកន្លងមកលោកក៏បានដឹកនាំកម្លាំងជំនាញមកដោះស្រាយដែរ ប៉ុន្តែភាគីមួយគ្រួសារនោះហាក់មានការរឹងរូសមិនព្រមឲ្យពលរដ្ឋធ្វើដំណើរចេញចូល ដោយភាគីបំពានសំអាងហេតុផលថា គាត់រស់នៅចំណុចខ្នងប្រឡាយនេះយូរណាស់មកហើយ ថែមទាំងបានតតាំងជាមួយកម្លាំងអាជ្ញាធរ ទើបកម្លាំងដកថយវិញ។ ប៉ុន្តែទោះជាបែបណាលោកនឹងរកវិធានការដើម្បីដោះស្រាយបញ្ចប់ទំនាស់នៅពេលខាងមុខនេះ៕
ដោយ ៖ សេង ណារិទ្ធ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី